ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១! កន្លែង​កម្សាន្ត​ជិត​លោកតា​ដំបងគ្រញូង ទទួល​ស្វាគមន៍​ពី​ភ្ញៀវ​យ៉ាង​ភ្លូកទឹកភ្លូកដី

1 ឆ្នាំ មុន
  • បាត់ដំបង

ថ្ងៃ​ទី​០១ ឬ​ថ្ងៃ​ដំបូង នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣​នេះ ខេត្តបាត់ដំបង ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្សាន្ត​យ៉ាងតិច​ជាង​៣០​ម៉ឺន​នាក់

ខេត្តបាត់ដំបង ៖ ថ្ងៃ​ទី​០១ ឬ​ថ្ងៃ​ដំបូង នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣​នេះ ខេត្តបាត់ដំបង ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្សាន្ត​យ៉ាងតិច​ជាង​៣០​ម៉ឺន​នាក់​។ នេះ​បើ​តាម​ប្រសាសន៍​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ដែល​បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ដោយ​នេះ​គឺជា​មោទនភាព​ក្រៃ​លែង​ជាមួយនឹង​កំណើន​នៃ​ភ្ញៀវ​ទេសចរ​កើតឡើង​យ៉ាង​ភ្លូកទឹកភ្លូកដី​។

លោក សុខ លូ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​របាយការណ៍​ស្ដី​ពី​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង សម្រាប់​ថ្ងៃ​ដំបូង (​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣) នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ក្នុងឆ្នាំនេះ គឺ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ រហូត​ដល់​ទៅ​ជាង​៣០​ម៉ឺន​នាក់​ឯណោះ​។

លោក​បញ្ជាក់​ថា របាយការណ៍​នេះ ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​រាយការណ៍​ជូន​លោក ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៤ ខែមេសា ដែល​ជា​ថ្ងៃ​ទី​០១ ឬ​ថ្ងៃ​ដំបូង នៃ​ពិធីបុណ្យ​ឆ្នាំ​ខ្មែរ​។

ហើយ​នៅ​ក្នុង​របាយការណ៍​បឋម ដែល​រៀបចំ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​០១ នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣ ខេត្តបាត់ដំបង ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​សរុប​ជាង​៣០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦៨០​នាក់​។ មន្ទីរ​ទេសចរណ៍ បាន​ផ្ដោត​លើ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​នេះ​។ ប៉ុន្តែ​គោលដៅ​ដែល​គេ​ចាត់​ទុក​ថា ល្អ​និង​សំខាន់ ហើយ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ខ្លាំង​បំផុត គឺ​កន្លែង «​សង្ក្រាន្ត​» ដ៏​ធំ​នៅ​ក្នុង​វិទ្យាល័យ​នេ​ត​យ៉ង់ និង «​តំបន់​ត្រជាក់​» នៅ​ជិត​រង្វង់​មូល​លោកតា​ដំបងគ្រញូង ក្នុង​ក្រុង​បាត់ដំបង​។ ហើយ​កន្លែង «​សង្ក្រាន្ត​» មាន​រៀបចំ​លេង​ល្បែ​.​ង​ប្រជាប្រិយ​ផ្សេង​ៗ រីឯ «​តំបន់​ត្រ​ជាត់​» វិញ មាន​រថយន្ត​បាញ់​ពពុះទឹក និង​ការ​ប្រគំ​តន្ត្រី​កម្សាន្ត​ផង​ដែរ​។

របាយការណ៍​បាន​បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ដំបូង នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ គ្រាន់តែ​គោល​ដៅ «​តំបន់​ត្រជាក់​» នៅ​ក្បែរ​រង្វង់​មូល​លោកតា​ដំបងគ្រញូង​មួយ​នេះ ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រហូត​ដល់​ទៅ​ជាង​៩​ម៉ឺន​នាក់​ឯណោះ​។

ជាមួយនឹង​មោទនភាព នៃ​កំណើន​ភ្ញៀវ​ទេសចរ​ច្រើន​ភ្លូកទឹកភ្លូកដី​បែប​នេះ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខេត្តបាត់ដំបង ទទួល​បាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ច្រើន​អនេក​បែប​នេះ ក៏​ដោយសារ​តែ​ឆ្នាំ​នេះ យើង​រៀបចំ​កន្លែង​កម្សាន្ត​បាន​ល្អ ខេត្ត​យើង​មាន​រមណីយ៍ដ្ឋាន​ច្រើន ហើយ​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត និង​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយ៍ដ្ឋាន​នានា ក៏​ល្អ​ប្រសើរ​ទៀត​។ ដូច្នេះ​ហើយ ទើប​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ចូល​មក​លេង​ខេត្តបាត់ដំបង​»​។

លោក​អភិបាលខេត្ត បញ្ជាក់​ផង​ដែរ​ថា «​សម្រាប់​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ យើង​បាន​រៀបចំ​ទីកន្លែង​ដើរ​លេង​កម្សាន្ត​នានា បាន​ល្អ និង​ធំដុំ​ជាង​ឆ្នាំ​មុន​ៗ ស្ទើរ​គ្រប់កន្លែង នៅ​តាម​វត្ត​អា​រ៉ា​ម និង​នៅ​តាម​សាលារៀន​ផង​ដែរ ហើយ​អាជ្ញាធរ​បាន​រៀបចំ​ធ្វើ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន រួម​ទាំង​ភ្ញៀវ​ទេសចរ​ក្រៅ​ស្រុក​ផង ចូលរួម​កម្សាន្ត​»​។

លោក សុខ លូ បាន​កត់សម្គាល់​ផង​ដែរ អំពី​កំណើន​ភ្ញៀវ​ទេសចរ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ ដោយ​លោក​លើក​ឡើង​ថា «​ការ​រៀបចំ​សង្ក្រាន្ត​ដ៏​ធំ​សម្បើម​នៅ​ក្នុង​វិទ្យាល័យ «​នេ​ត​យ៉ង់​» និង «​តំបន់​ត្រជាក់​» នៅ​ជិត​រង្វង់​មូល​លោកតា​ដំបងគ្រញូង ក្នុង​ក្រុង​បាត់ដំបង ឬ​នៅ​តាម​រមណីយ៍ដ្ឋាន​នានា និង​តាម​បណ្ដា​ស្រុក ព្រមទាំង​តាម​តំបន់​ព្រៃ​ភ្នំ ដែល​មាន​ទឹកធ្លាក់ គឺជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តបាត់ដំបង​។

ប៉ុន្តែ​លោក​អភិបាលខេត្ត​ក៏​បាន​លើកយក​មក​និយាយ​ផង​ដែរ អំពី​កិច្ច​ការងារ ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​មក​លេង​ខេត្តបាត់ដំបង​។ លោក​អភិបាលខេត្ត ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​ចាប់ផ្ដើម​ដំបូង នៃ​ការ​រៀបចំ​ដំណើរការ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៤ ខែមេសា​នេះ បញ្ហា​សន្តិសុខ​ហាក់​កើត​មាន​ឡើង​តិច​តូច​បំផុត តែ​ពុំ​មាន​អ្វី​ធំដុំ​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​។

លោក​បញ្ជាក់​ថា យើង​បាន​រៀបចំ​កម្លាំង​សមត្ថកិច្ច ការពារ​សន្តិសុខ និង​រៀបចំ​សណ្ដាប់ធ្នាប់​ទាំង​នៅ​ក្នុង​កន្លែង​ប្រារព្ធ​ពិធី​កម្សាន្ត តាម​បណ្ដា​រមណីយ៍ដ្ឋាន​នានា និង​នៅ​តាម​ដងផ្លូវ​សាធារណៈ​គ្រប់​ច្រកល្ហក​ទាំងអស់ សុទ្ធតែ​ដាក់​កម្លាំង​សមត្ថកិច្ច​ប្រចាំការ ការពារ​នៅ​ទីនោះ​គ្រប់ពេលវេលា​។ ដោយ​យោង​លើ​ទិដ្ឋភាព​ជាក់ស្ដែង​បែប​នេះ លោក​រំពឹង​ថា រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យើង​នេះ ខេត្តបាត់ដំបង នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​កាន់តែ​ច្រើន​ទ្វេ​ដង​ជាក់​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ