ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទឹកឆា ត្រៀមខ្លួន​ប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មានការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ ក៏​ដូច​ជា​អង្គភាព

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មានការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ​បាន​ធ្វើការ​អភិ​វ​ឌ្ឈ​ន៍​រមណីយដ្ឋាន​ទឹកឆា មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ត្រង់ចំណុច​ក្បាលហុង ដែល​មាន​ទឹកផុស​ចេញពី​ក្នុង​ដី រហូត​ត្រូវ​បាន​គេ​ចាត់ទុកជា​រមណីយដ្ឋាន​គំរូ​ស្អាត​ជាង គេ​ក្នុង​ចំណោម​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០១៧ ប្រតិភូ​ក្រសួង​ទេសចរណ៍​បាន​ចុះ​ធ្វើការ​វាយតម្លៃ ដើម្បី​ឈាន​ទៅ​ទទួល​ពានរង្វាន់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ​។  អាជីវករ​លក់ដូរ​ម្នាក់​នៅ​តំបន់​ក្បាលហុង ក្នុង​រមណីយដ្ឋាន​ទឹកឆា ឈ្មោះ អួន ផា​ន់​នី អាយុ​២២​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​បាន​រៀប​ចំការ​លក់ដូរ​នៅ​ទី​នេះ គឺ​បាន​ជាង​២​ឆ្នាំ​ហើយ​ក្នុង​នោះមាន​ម្ហូប​គ្រប់​ប្រភេទ រួម​ទាំង​មាន​គ្រែ​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​លេង លំហែកាយ​នៅ​តាម​មាត់​អូរ​ដែល​មានទឹក​ហូរ​ធ្លាក់​មក​ពី​ប្រ​ភ​ទ​ក្បាលហុង​មាន​មិន​ចេះ​ដាច់​។

ថែម​ទាំង​មាន​ពោង​សម្រាប់​ជួល​ជិះ​លេង​ទឹក​រាក់ល្មម​មិន​ឲ្យ​ក្មេង​លង់ទឹក​នោះ​ទេ របរ​លក់ដូរ​នេះ​មាន​រាល់ថ្ងៃ ហើយ​ការ​លក់ដូរ​លើ​មុខម្ហូប​នីមួយ​ៗ​មិន​ថ្លៃ​ទេ គឺ​តំលៃ​សមរម្យ​។ ចំពោះ​កម្រៃ​ដែល​បាន​មក​គឺ​បាន​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ ក្នុង​នោះ​មាន​ឪពុក​ម្តាយ ព្រមទាំង​ក្រុម​សាច់ញាតិ​មាន​គ្នា​ដល់​ទៅ​៦​នាក់​។ អ្នកលក់​ផ្លែអាយ​ឈ្មោះ វង់ គង់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​តា​អុក ឃុំ​បឹង​ណាយ ប្រាប់​ថា រាល់ថ្ងៃ​គាត់ និង​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​នំ​យក​មក​ពី​ផ្ទះ​ដើរ​លក់​ត្រង់​ចំណុច​ក្បាលហុង ដែល​ជា​កន្លែង​ស្រស់​ស្អាត​ជាង​នៅ​ទឹកឆា​នេះ សម្រាប់​ថ្ងៃ​ណា​លក់​ដាក់​អាច​ទទួល​បាន​ចំណូល​រហូត​ដល់​ទៅ​១០​ម៉ឺន​រៀល​ក៏​មាន​ដែរ ក្នុង​នោះ​ដោយ​បាន​ចិញ្ចឹម​កូន និង​ម្តាយ របរ​នេះ​លក់​មិន​ធ្វើ​អ្នកមាន​នោះ​ទេ តែ​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​សមរម្យ​ផង​ដែរ​។

លោក ហេង សេង​ហួរ ម្ចាស់​អាជីវកម្ម​រមណីយដ្ឋាន​ទឹកឆា ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​រមណីយដ្ឋាន​ទឹកឆា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ នេះ​មិនសូវ​មាន​អ្នក​ណា​គេ​ចាប់អារម្មណ៍​នោះ​ទេ តែ​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក លន់ លឹ​ម​ថៃ  អតីត​អភិបាលខេត្ត​រួម និង​លោក គួ​ច ចំរើន អភិបាលខេត្ត​ថ្មី ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជំរុញ​ការ​លើកទឹកចិត្ត​ដល់​រូប​លោក​ដែល​ជា​អ្នក​ជួល​រមណីយដ្ឋាន​ទឹកឆា ដោយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិ​វ​ឌ្ឈ​ន៍​សួនច្បារ ការ​ដាំ​កូន​ឈើ​នៅ​តាម​ដងផ្លូវ និង​ដាំ​ផ្កា​ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព​កាន់​ស្អាត​។ លោក ហេង សេង​ហួរ អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ទឹកឆា ប្រាប់​បន្ត​ថា ដំបូង​មាន​អ្នកលក់​ដូរ​តិច​នាក់​ទេ​តែ​ដោយសារ​គេ​ឃើញ​រូប​លោក​មាន​ផែនការ​អភិ​វ​ឌ្ឈ​ន៍​ច្បាស់លាស់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០១៧ ក្រុម​មន្ត្រី​របស់​ក្រសួងទេសចរណ៍ បាន​ចុះ​មក​លើកទឹកចិត្ត​ដោយ​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​អនាម័យ និង​បរិស្ថាន​ល្អ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​កម្សាន្ត​លេង​កាន់តែ​ច្រើន​។

ក្នុង​ពេល​ខាង​មុខ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ជួយ​ត​បណ្តាញ​ចរន្ត​អគ្គី​ស​នី​ឲ្យ​បាន​ចូល​មក​ដល់ ហើយ​សម្រាប់​សេវា​ទូរស័ព្ទ​ដែល​ខ្សោយ សូម​ខាង​អង្គភាព​ពាក់ព័ន្ធ​ជួយ​សម្រួល​ផង​។​ចំពោះ​ទុន​របស់​លោក​មាន​ទឹកប្រាក់​ទំហំ​១​លាន​ដុល្លារ រួម​មាន​ទាំង​ការ​ធ្វើ​ផ្ទះទឹក​ផង​ដែរ​។ លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តំបន់​រមណីយដ្ឋាន​ទឹកឆា​ត្រូវ​បាន​ចាត់ទុកជា​រមណីយដ្ឋាន​គំរូ​ស្អាត​ជាងគេ​នៅ​ក្នុង​ខេត្ត ដើម្បី​ត្រៀមប្រលង​ប្រណាំង​ទូ​ទាំង​ប្រទេស ហើយ​ក៏​មាន​ប្រតិភូ​ក្រសួងទេសចរណ៍​បាន​ចុះ​វាយតម្លៃ​ផង​ដែរ​។ ដើម្បី​ទទួល​ពាន់រង្វាន់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយ​នោះ​រូប​លោក​បាន​ចាត់​ឲ្យ​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ទឹកឆា ត្រូវ​ប្រឹង​សម្អាត​បរិស្ថាន​ឲ្យ​បាន​ស្អាត មិន​ត្រូវ​ចោល​សំរាម​ក្នុង​ទឹក​នោះ​ទេ​៕