ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ជំទាស់​ការ​អនុម័ត​ច្បាប់​ចំនួន​៤ តែ​បក្ស​កាន់​អំណាច​ថា​ គោរព​តាម​រដ្ឋធម្មនុញ្ញ​

6 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សមា​ជិ​ក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំនួន ៦៧​រូប បាន​លើកថា

​រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សមា​ជិ​ក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំនួន ៦៧​រូប បាន​លើកដៃ​អនុម័ត​ច្បាប់​ចំនួន ៤​ពាក់ព័ន្ធ​នឹង​ការ​យក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ​ដល់​គណ​បក្ស​ផ្សេង​ៗ​នោះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ជំទាស់​មិន​ទទួលស្គាល់​​ឡើយ​។​

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ ២០១៧ ដើម្បី​បញ្ជាក់​ពី​សុពលភាព​ និង​ភាព​ស្របច្បាប់​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​។

តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​នេះ​បាន​បញ្ជាក់​ក្នុង​ថា​៖ « យើង​ជា​សមាជិក​រដ្ឋសភា ក្រុមប្រឹក្សា​ឃុំ​- សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​តែ​ជា​តំណាង​ស្របច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​» ។

ការ​ប្រកាស​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ គឺ​ក្រោយ​ពី​តំណាងរាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​មួយ​ចំនួន ដើម្បី​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អាច​បែងចែក​អាសនៈ នៃ​គណបក្ស​ណាមួយ​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ន​យោ​យ​បាយ​ដទៃ​ទៀត ។​ ជា​ពិសេស​ស្ថិត​ក្នុង​ដំណាក់កាល​នេះ តុលាការ​កំពូល​កំពុង​ចាត់ការ​លើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ស្នើ​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។

ដូច្នេះ​ឲ្យ​តែ​សេចក្តី​ស្នើ​ខាងលើ​ចូល​ជា​ធរមាន​ហើយ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​រំលាយ​មែន​នោះ រាល់​អាសនៈ​ក្នុង​រដ្ឋសភា និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ របស់​គណបក្ស​នេះ នឹង​ត្រូវ​ធ្លាក់ ទៅ​លើ​គណបក្ស​ផ្សេង​ៗ​ជា​មិន​ខាន ។​

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា «​ជា​ការ​រំលោភ​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​» ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា សេចក្តី​ស្នើ​ច្បាប់​ខាងលើ អាច​នាំ​ឲ្យ​ស្ថាប័ន​ជាតិ​សំខាន់​ៗ​បាត់បង់​ភាព​ស្របច្បាប់ ។ យ៉ាងណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ ចំពោះ​សេចក្តី​ស្នើ​ច្បាប់​ទាំងនោះ ។

យ៉ាងណាមិញ តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ សេចក្តី​ស្នើ​ច្បាប់​ទាំងនោះ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ។ លោក ​សុខ ឥ​សាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​អនុម័ត​ច្បាប់​របស់​រដ្ឋ​សភាជាតិ ក្នុង​នាម​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស «​មាន​ភារកិច្ច​ធ្វើ​ច្បាប់ និង​អនុម័ត​ច្បាប់​សម្រាប់​ជា​តម្រូវការ​របស់​សង្គម​ជាតិ​»​។