រាជធានីភ្នំពេញ ៖ ពូជស្រូវ«ចំប៉ីស៧០»នឹងជួយដល់វិស័យស្រូវអង្ករកម្ពុជា យកទៅលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។ នេះបើតាមអ្នកជំនាញ។
បើតាមការស្រង់សម្តីអ្នកជំនាញពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្រង់សម្តីប្រជាសហគមន៍ឃុំត្រពាំ ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី យឹម ស៊ីណែត ដែលចូលរួមក្នុងវេទិការនៅថ្ងៃនេះ បានរៀបរាប់ថា នេះជាលើកទី១ ហើយដែលក្រសួងកសិកម្មបញ្ហាញពូជស្រូវ ចំប៉ីស៧០។

អ្នកស្រី យឹម សែត និយាយថា ក្រោយពីទទួលបានព័ត៌មាន និងរៀបនៃការបង្កាត់ពូជស្រូវ «ចំប៉ីស៧០» គឺគាត់ និងយកទៅចែករំលែកដល់ប្រជាកសិករ ដើម្បីឱ្យពួកគាត់ផលិតស្រូវលក់បានថ្លៃ ស្របតាមសេដ្ឋកិច្ច និងទីផ្សារ ។
ប្រធានសហគមន៍ផលិតស្រូវពូជសំរោងមានជ័យស្ថិតនៅភូមិបង់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និយាយថា គាត់បានបង្កាត់ពូជស្រូវលក់ទៅឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋនៅតំបន់របស់គាត់ភាគច្រើន ពូជស្រូវរំដួល និងសែនក្រអូបតែប៉ុណ្ណោះ ។ ប៉ុន្តែលោកថា នៅឆ្នាំនេះគាត់ និងយកពូជស្រូវថ្មីឈ្មោះ«ចំប៉ីស៧០» ដែលក្រសួងប្រកាសឱ្យប្រើផ្លូវការសាកល្បងដាំនៅក្នុងសហគមន៍របស់គាត់ផងដែរ ។ ប៉ុន្តែលោកថា នឹងសិក្សាបន្ថែមលើវិធីដាំស្រូវ«ចំប៉ីស៧០» ដើម្បីជាផ្នែកមួយទៀតក្នុងការជួយដល់វិស័យស្រូវអង្ករកម្ពុជាយកទៅលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។

ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូបដែលបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០២២ ។ ពូជស្រូវនេះបានអភិវឌ្ឍន៍ឡើងក្នុងឆ្នាំ២០១៣ តាមការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តលប្រកាន់រដូវដែលមានគុណភាពអង្ករប្រណីតជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមានដងដើមល្អមកពីប្រទេសចិន ។ក្រោយពីធ្វើពិសោធន៍ និងជ្រើសរើសអស់រយៈពេល៩ឆ្នាំវិទ្យាស្ថានបានសម្រេចស្នើសុំបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២២ តាមរយៈគណៈកម្មាធិការបញ្ចេញពូជដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវដែលអាចច្រូតកាត់បានក្នុងរយៈពេល៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប ។ ស្រូវ «ចំប៉ីស៧០» អាចផ្តល់ផលជាមធ្យម៤,៣តោន ក្នុង១ហិកតា ។ ដោយសារវាមានអាយុកាលខ្លី គេអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា(ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក(ដំណាំចម្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំដុះ ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យទទួលបានទិន្នផលច្រើន និងមានគុណភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងទិវាច្រូតស្រូវពូជនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាថា ក្រសួងសម្រេចដាក់ប្រើជាផ្លូវការនូវពូជស្រូវថ្មីឈ្មោះ «ចំប៉ីស៧០» ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាកាន់តែរីកចម្រើន ។
ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានលើកឡើងថា ការប្រើពូជស្រូវសុទ្ធ ក្នុងការដាំដុះ និងទទួលបានគុណភាពល្អ ការលូតលាស់ខ្លាំង មិនមានគ្រាប់ស្មៅ ផ្លៃទុំស្រុះគ្នា និងធ្វើឱ្យទិន្នផលកើនពី១០ទៅ១៥ភាគរយ ខណៈតម្លៃឯណោះវិញក៏លក់បានថ្លៃខ្ពស់ផងដែរ។
ចំណែកឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកផ្នែកកាត់ពូជស្រូវបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា កន្លងមកឯកឧត្តមសង្កេតឃើញថា ប្រជាកសិករយកពូជស្រូវទៅដាំមិនសូវសុទ្ធល្អនៅពេលប្រមូលផលលក់ទៅឱ្យឈ្មួញ និងក្រុមហ៊ុនបានតម្លៃទាប ។ ករណីនេះ ឯកឧត្តមបញ្ជាក់ថា បើប្រជាករសិករជ្រើសរើសពូជសុទ្ធល្អ យកទៅដាំដុះនោះទិន្នផលដែលទទួលបានខ្ពស់ ហើយលក់បានតម្លៃថ្លៃនៅលើទីផ្សារជាតិ និងអន្តរជាតិ ។

យ៉ាងណា ឯកឧត្តម យ៉ង់ សាំងកុមារ មានប្រសាសន៍បន្តថា ក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយជាមួយក្រុមហ៊ុនស្រូវអង្ករ ដើម្បីកំណត់ឱ្យក្រុមហ៊ុនទាំងនោះប្រើប្រាស់ពូជសុទ្ធល្អ និងមានការទទួលស្គាល់ពីក្រសួងទើបធ្វើឱ្យវិស័យស្រូវអង្ករនៅកម្ពុជាទទួលបានផលវិជ្ជមានខ្ពស់ និងជោគជ័យតាមផែនការ ។
អគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Justin Whyatt បានថ្លែងក្នុងទិវាច្រូតស្រូវពូជ «ចំប៉ីស៧០» នាព្រឹកថ្ងៃនេះ ដោយរំពឹងថា ប្រជាកសិករកម្ពុជាជ្រើសរើសយកពូជស្រូវ «ចំប៉ីស៧០»ដាំដុះ ដើម្បីជួយវិស័យកសិកម្មស្រូវអង្ករនៅកម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន រួមទាំងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អថែមទៀតផង៕
ចែករំលែកព័តមាននេះ