ខេត្តព្រៃវែង ៖ គេធ្លាប់តែលឺធ្លាប់ឃើញតែក្មេងៗដើរអុកឡុកបង្កអសន្តិសុខនៅក្នុងស្រុក-ភូមិ ប៉ុន្តែនៅក្នុងឃុំពាមមានជ័យ ស្រុកពាមរក៌ ខេត្តព្រៃវែងឯណោះវិញ បែរជាមានបុរសវ័យចំណាស់ម្នាក់ផឹកស្រាស្រវឹង រួចដើរអុកឡុកក្នុងភូមិ រហូតធ្វើអោយអ្នកស្រុកខ្លាចរអាគ្រប់ៗគ្នា ប៉ុន្តែនៅទីបំផុត បុរសវ័យចំណាស់រូបនេះត្រូវអស់លក្ខណ៍ ហើយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច ក្រោយពេលផឹកស្រាស្រវឹង រួចចូលទៅវា.យកម្ទេចអគារមណ្ឌលសុខភាព ឃុំពាមមានជ័យ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

បុរសវ័យចំណាស់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ មានឈ្មោះ សរ វិសិដ្ឋ អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ហើយត្រូវអ្នកភូមិអះអាងថា គឺជាមនុស្សស្រវឹងខួប តែងតែអុកឡុករំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់ត្រូវអាជ្ញាធរឃុំ ព្រមទាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ហៅទៅអប់រំ ធ្វើកិច្ចសន្យាច្រើនលើកមកហើយដែរ។

យោងតាមការបំភ្លឺរបស់គ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលសុខភាពពាមមានជ័យ បានអះអាងថា នៅវេលាម៉ោង១០និង៤៥នាទីយប់ ខណៈពេលដែលពួកគាត់កំពុងដេកយាមនៅក្នុងមណ្ឌលសុខភាពសុខៗ ស្រាប់តែជនសង្ស័យឈ្មោះ សរ វិសិដ្ឋ នេះ មិនដឹងថា តើមកពីណា? ក្នុងស្ថានភាពស្រវឹងជោក ហើយបានយកដុំថ្មគប់ចូលក្នុងអគារតែម្តង។

ប្រភពដដែលបន្តថា នៅពេលពួកគាត់ស្រែកសួរ ស្រាប់តែជននេះចូលមកក្នុងអគារ ហើយដាល់បំបែកកញ្ចក់អគារផ្នែកខាងមុខអស់២ផ្ទាំង រួចក៏យកដុំថ្មគប់បំបែកកញ្ចក់បង្អួចជុំវិញអគារបែកខ្ទេចអស់ទៀតផង។ ហើយគ្រូពេទ្យនៅក្នុងអគារខំនិយាយលួងលោមយ៉ាងណា ក៏គេមិនស្តាប់ដែរ មិននិយាយរក គិតតែពីវា.យកម្ទេច និងជេរបញ្ចោរយកតែម្តង រហូតដល់ក្រុមគ្រូពេទ្យទ្រាំលែងបាន ក៏ទូរស័ព្ទប្តឹងទៅប៉ូលិសប៉ុស្តិ៍អោយមកជួយអន្តរាគមន៍។ ប៉ុន្តែពេលឃើញគ្រូពេទ្យទូរស័ព្ទប្តឹងប៉ូលិសភ្លាម ជនបង្ករូបនោះក៏ដើរទៅផ្ទះវិញបាត់ រួចចូលដេកស្ងាត់ឈឹង (ផ្ទះទល់មុខមណ្ឌលសុខភាព) ធ្វើដូចគ្មានរឿងអ្វីកើតឡើងសោះ។

ទោះបីជាយ៉ាងណាក៏ដោយ ពេលទទួលពាក្យបណ្តឹងពីក្រុមគ្រូពេទ្យភ្លាម សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយធ្វើកំណត់ហេតុនៅកន្លែងកើតហេតុ រួចរាយការណ៍ទៅអធិការស្រុកភ្លាមៗតែម្តង។ លុះដល់ព្រឹកឡើងម៉ោង៨ព្រឹក សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនបង្ក រួចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។

ដោយឡែក មន្ត្រីក្រុមប្រឹក្សាឃុំពាមមានជ័យ បានឱ្យដឹងដែរថា ឈ្មោះ សរ វិសិដ្ឋ នេះគឺជាមនុស្សចាស់ដែលស្រវឹងខួប ហើយតែងតែធ្វើសកម្មភាពអុកឡុកក្នុងភូមិជាញឹកញាប់។ ដោយកន្លងមក រូបគេក៏ធ្លាប់វា.យប្រពន្ធកូននៅផ្ទះ ឡើងលើឆាកចម្រៀងវា.យក្រុមអ្នកភ្លេងផ្អើលក្នុងរោងការ សូម្បីបុគ្គលិកធនាគារដែលមកទារលុយដល់ផ្ទះ ក៏ត្រូវជននេះដេញវា.យផ្អើលពេញភូមិដែរ។

មន្ត្រីក្រុមប្រឹក្សាឃុំពាមមានជ័យ បន្តថា ហើយកន្លងមក ខាងអាជ្ញាធរឃុំ ធ្លាប់ហៅជននេះទៅអប់រំ ធ្វើកិច្ចសន្យាចំនួន២ដង និងខាងប៉ុស្តិ៍រដ្ឋបាល ក៏ធ្លាប់ហៅធ្វើកិច្ចសន្យា២ដងដែរ ប៉ុន្តែជននេះមិនកែ មិនរាងចាលឡើយ។ ហើយចុងក្រោយនេះ ទាំងពលរដ្ឋ ទាំងអាជ្ញាធរ សង្ឃឹមថា ខាងសមត្ថកិច្ចនឹងចាប់យកជននេះទៅកែប្រែចេញអោយបានយូរ ដើម្បីអោយគេរាងចាល ឈប់ដើរអុកឡុកបង្កការភ័យខ្លាចដល់អ្នកភូមិទៀត៕
ចែករំលែកព័តមាននេះ