ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ហ៊ុន​អាស៊ី​ប្រែប្រួល​អ្វីខ្លះ ក្រោយ​បណ្តា​ប្រទេស​យក្ស​ផលិត​ប្រេងកាត់​បន្ថយ​ផលិតកម្ម

1 ឆ្នាំ មុន

អន្តរជាតិ ៖ ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់​ចុះ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៣ ខណៈ​ដែល​វិនិ

អន្តរជាតិ ៖ ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់​ចុះ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៣ ខណៈ​ដែល​វិនិយោគិន​ជួប​បញ្ហា​អតិផរណា បន្ទាប់​ពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​យ៉ាង​ភ្ញាក់ផ្អើល​ពី​បណ្តា​ប្រទេស​យក្ស​ផលិត​ប្រេង​របស់​ពិភពលោក បូក​រួម​ជាមួយនឹង​ទិន្នផល​រតនាគារ​ធ្លាក់​ចុះ បន្ទាប់​ពី​ទិន្នន័យ​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​សារ​ជា​ថ្មី​អំពី​បញ្ហា​សេដ្ឋកិច្ច​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៣​។ គួររំលឹកថា តម្លៃ​ប្រេង​ឡើងថ្លៃ ក្រោយ​បណ្តា​ប្រទេស​យក្ស​ផលិត​ប្រេង​កំពុង​កាត់​បន្ថយ​ផលិតកម្ម

សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​០២ ខែមេសា កន្លង​ទៅ ស្តី​អំពី​ការ​កាត់​បន្ថយ​គោលដៅ​ទិន្នផល​ដោយ​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា OPEC+ បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ និង​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ទស្សនវិស័យ​អតិផរណា ដោយ​ប្រេង​ឆៅ Brent បាន​កើនឡើង​ចុង​ក្រោយ ០.៤៤% ដល់ ៨៥.៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

វិនិយោគិន​ក៏​កំពុង​វាយតម្លៃ​ទិន្នន័យ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ទី​០៣ ខែមេសា ផង​ដែរ ដែល​បង្ហាញ​ថា សកម្មភាព​ផលិតកម្ម​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែមីនា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ ខណៈ​ដែល​ការ​បញ្ជា​ទិញ​ថ្មី​បាន​ធ្លាក់​ចុះ ហើយ​អ្នកវិភាគ​បាន​និយាយ​ថា សកម្មភាព​អាច​នឹង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត ដោយសារ​លក្ខខណ្ឌ​ឥណទាន​។

ជាក់ស្តែង នៅ​អាស៊ី ស​ន្ទ​ស្សន៍​ភាគហ៊ុន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដ៏​ទូលំទូលាយ​បំផុត​របស់ MSCI នៅ​ក្រៅប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ ០.៤% ផ្ទុយ​ពី​ការ​កើនឡើង​ដំបូង​។ ទោះ​យ៉ាងណា​ស​ន្ទ​ស្សន៍​ភាគហ៊ុន Nikkei របស់​ជប៉ុន​បាន​កើនឡើង ០.៣%​។ នៅ​ទីក្រុង​ស៊ី​ដ​នី ទីផ្សារ​ភាគហ៊ុន​បាន​កើនឡើង ០.២% ខណៈ​ពេល​ដែល​ប្រាក់​ដុល្លារ​អូស្ត្រាលី​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ធនាគារកណ្តាល​អូស្ត្រាលី​បាន​ផ្អាក​សកម្មភាព​នៃ​ការ​រឹត​បន្តឹង​របស់​ខ្លួន បន្ទាប់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ជាប់​ៗ​គ្នា​។

ស​ន្ទ​ស្សន៍​ភាគហ៊ុន Blue-chip CSI300 របស់​ចិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​តិចតួច ខណៈ​ពេល​ដែល​ស​ន្ទ​ស្សន៍​ភាគហ៊ុន Shanghai Composite បាន​កើនឡើង ០.២២%​។ ចំណែកឯ​ស​ន្ទ​ស្សន៍​ភាគហ៊ុន Hang Seng របស់​ហុងកុង​បាន​ធ្លាក់​ចុះ ១.១% ដែល​ដឹកនាំ​ដោយ​ភាគហ៊ុន​បច្ចេកវិជ្ជា ខណៈ​ដែល​ភាព​តានតឹង​កើនឡើង​រវាង​ចិន និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សកម្មភាព និង​អារម្មណ៍​វិនិយោគិន​។

សូម​ជម្រាប​ថា ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​នៃ​ប្រទេស​ផលិត​ប្រេង OPEC+ ដែល​ក្រុម​នេះ​មាន​ប្រហែល ៤០% នៃ​ទិន្នផល​ប្រេង​ឆៅ​ទាំងអស់​របស់​ពិភពលោក​។ អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​កាត់​បន្ថយ​ទិន្នផល​ប្រេង ៥០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ និង​អ៊ី​រ៉ា​ក់ ២១១,០០០​បារ៉ែល ចំណែក​អេ​មី​រ៉ាត​អា​រ៉ាប់​រួម គុយ​វ៉ែត អាល់​ហ្សេ​រី និង​អូ​ម៉​ង់ ក៏​កំពុង​កាត់​បន្ថយ​ផង​ដែរ​។

ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​ថា មន្ត្រី​ក្រសួង​ថាមពល​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បញ្ជាក់​ថា វិធានការ​នេះ គឺជា​វិធានការ​ដ៏​ប្រុង​ប្រយ័ត្ន សំដៅ​ជួយ​ដល់​ស្ថិរភាព​នៃ​ទីផ្សារ​ប្រេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ