ខេត្តព្រៃវែង ៖ ដើមរាំងទឹកមួយដើមត្រូវបានមន្ត្រីជំនាញជលផល សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកពាមរក៍ចាប់ឃាត់បាន ខណៈពេលដែលក្រុមឈ្មួញកំពុងដឹកជញ្ជូននៅតាមផ្លូវ ។

ការចាប់ឃាត់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០២ មេសា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១១ ក្នុងភូមិគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់បានដើមរាំងទឹកមួយដើមធំ និងរថយន្តប្រភេទស្ទូចដឹកចំនួន២គ្រឿងផងដែរ ហើយបច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលអ្នកលឿង។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែងបានអោយដឹងថា ដើមរាំងទឹកគឺជាប្រភេទរុក្ខជាតិដែលត្រូវបានហាមឃាត់ដោយច្បាប់លើការកាប់គាស់ដឹកជញ្ជូន និងជួញដូរ ហើយអ្នកប្រព្រឹត្តល្មើសក៏ត្រូវមានទោសផងដែរ ។

លោក អូន ស៊ីណាត បានបញ្ជាក់ថា ដើមរាំងដែលចាប់ឃាត់បាននេះ លោកកំពុងស្នើសុំគោលការណ៍ពីលោកប្រធានមន្ទីរកសិកម្មខេត្ត ដើម្បីរកទីតាំងយកដើមរាំងនេះ ទៅដាំឡើងវិញ។ ចំណែករថយន្តទាំង2គ្រឿង លោកកំពុងទាក់ទងហៅម្ចាស់អោយចូលខ្លួន ទទួលបង់ផាកពិន័យទៅតាមផ្លូវច្បាប់។




ចែករំលែកព័តមាននេះ