វៀតណាម ៖ មិនធម្មតាទេនោះទេ! ថ្មីៗនេះ ទីក្រុងហាណូយ ប្រទេសវៀតណាម បានជាប់ឈ្មោះជាទីក្រុងដែលមានដើមឈើច្រើនជាងគេបំផុតលើពិភពលោក និងធ្វើឱ្យទីក្រុងនេះសម្បូរដោយម្លប់ដែលផ្តល់ដោយដើមឈើជាច្រើនរបស់វា។

ការជាប់ឈ្មោះជាទីក្រុងដែលមានដើមឈើច្រើនជាងគេបំផុតលើពិភពលោក គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ។ ទីក្រុងហាណូយ ដែលជាទីក្រុងធំបំផុតទី២ របស់ប្រទេសវៀតណាម បានខិតខំប្រឹងប្រែងពង្រីកគម្របបៃតងរបស់ខ្លួនពីកណ្តាលទីក្រុង សំដៅទៅជាយក្រុង និងផ្លូវក្រវ៉ាត់ក្រុង តាមរយៈការដាំដើមឈើជាច្រើន ដែលបានជួយធ្វើឱ្យរដ្ឋធានីហាណូយ បានជាប់ឈ្មោះក្លាយជាទីក្រុងដែលមានដើមឈើច្រើនបំផុតក្នុងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិអប់រំ វិទ្យាសាស្ត្រ និងអង្គការវប្បធម៌ (យូណេស្កូ)។

យោងតាមគេហទំព័រទេសចរណ៍ដ៏ធំមួយរបស់អាមេរិកដែលមានឈ្មោះថា Tripadvisor បានឲ្យដឹងថា «រាជធានីដ៏មានមន្តស្នេហ៍របស់ប្រទេសវៀតណាម មានភាពចាស់ទុំល្អ ដោយរក្សាបាននូវស្ថាបត្យកម្មបុរាណៗ ចំពេលប្រទេសនេះមានការអភិវឌ្ឍន៍ទំនើបខ្លាំង។ គេហទំព័រដដែលនេះបានបន្តថា ទីក្រុងហាណូយ របស់វៀតណាម គឺជារដ្ឋធានីដែលមានភាពទាក់ទាញបែបទំនើប រួមជាមួយនឹងការរក្សាបាននូវតម្លៃវប្បធម៌បុរាណ សំបូរបឹង សួនច្បារធំ មហាវិថីដែលមានដើមឈើធំៗផ្តល់ជាម្លប់ត្រឈឹងត្រាឈៃ និងថែមទាំងមានប្រាសាទ និងវិហារបុរាណជាង ៦០០កន្លែង ដែលអ្នកទេសចរណអាចធ្វើដំណើរកម្សាន្តទីក្រុងមួយនេះជាមួយនឹងឡានតាក់ស៊ីផងដែរ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឌឹហាណូយថាមស៍ បានលើកឡើងថា ចំណុចសំខាន់មួយនៃសម្រស់មន្តស្នេហ៍ដ៏ទាក់ទាញរបស់ទីក្រុងហាណូយ គឺម្លប់ដែលផ្តល់ដោយដើមឈើធំៗជាច្រើនរបស់ទីក្រុងនេះ។
បន្ថែមពីលើនេះ ទីក្រុងហាណូយ នៅរក្សាបានអត្តសញ្ញាណបុរាណមានតម្លៃជាច្រើនក្នុងនោះមានផ្លូវចាស់បុរាណៗដែលមានដើមឈើជាច្រើន ដូចជាផ្លូវ Phan Dinh Phung និង Lo Duc ដោយមានដើមឈើចាស់ៗជាច្រើនជួរដែលមានស្លឹកបៃតងក្រាស់គ្របពីលើអគារខ្ពស់ៗ ផ្តល់នូវទេសភាពបៃតងតាមដងផ្លូវ និងផ្តល់ជាម្លប់ត្រជាក់ចិត្តកាយដល់អ្នកធ្វើដំណើរឆ្លងកាត់ ។

លោក Pham Van Son អ្នកស្រុកនៅស្រុក Ba Dinh បានប្រាប់កាសែត ឌឹហាណូយថាមស៍ថា«ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើមឈើធំៗជាច្រើននៅទីក្រុងហាណូយ បានផ្តល់នូវម្លប់បៃតងនិងធ្វើឱ្យមានបានការផ្លាស់ប្តូរជាវិជ្ជមានក្នុងទីក្រុង។ ដើមឈើធំៗ មិនត្រឹមផ្តល់ជាម្លប់នោះទេ តែបានធ្វើឱ្យទីក្រុងហាណូយកាន់តែស្រស់ស្អាត និងបៃតងជាងមុន ដោយសារដើមឈើជាច្រើនជួរដ៏ស្រស់ស្អាត និងចម្រុះពណ៌។

កន្លែងថតរូបសម្រាប់យុវវ័យ ឬគោលដៅសម្រាប់សកម្មភាពវប្បធម៌ និងសិល្បៈ។ ហាណូយ នាពេលបច្ចុប្បន្ននេះពិតជាស្រស់ស្អាតជាងមុនឆ្ងាយណាស់»។ ប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងហាណូយបានបន្តដាំដើមឈើថ្មីៗរាប់ពាន់ដើម។ នៅតាមផ្លូវនានា រាល់ពេលដើមឈើបៃតងដួលរលំ គឺកូនឈើថ្មីត្រូវដាំជំនួសវិញភ្លាមៗ។
ផ្លូវជាច្រើនខ្សែត្រូវបានកែលម្អ និងពង្រីកឱ្យមានពណ៌បៃតងគ្របដណ្តប់ទាំងសងខាងនៃផ្លូវ ។ ភ្ញៀវទេសចរអាចរីករាយជាមួយម្លប់ដើមឈើជាច្រើននៅតាមដងផ្លូវថ្មីចាស់ក្នុងទីក្រុងហាណូយ ។ អ្នកជំនាញជាច្រើនបានជឿជាក់ថា ដើមឈើក្នុងទីក្រុងដែលដាំនៅតាមដងផ្លូវនានាក្នុងទីក្រុងហាណូយ គឺស័ក្តិសមនឹងលក្ខខណ្ឌអាកាសធាតុរបស់ទីក្រុង ឬមិនមានជាតិពុល និងគ្មានការបំពុល ដូច្នេះដើមឈើធំៗពណ៌បៃតងនៅតែជាចំណុចសំខាន់នៃការទាក់ទាញភ្ញៀវទេសចរមកទស្សនារដ្ឋធានីហាណូយ។

យោងតាមសាស្ត្រាចារ្យបណ្ឌិត Ngo Quang De នៃសកលវិទ្យាល័យរុក្ខាប្រមាញ់ បានថ្លែងថា គ្រប់ផ្លូវក្នុងទីក្រុងហាណូយ គួរតែដាំដុះជាជួរៗនូវដើមឈើដែលមានផ្កាខុសៗគ្នាក្នុងរដូវទាំងបួន ដើម្បីបង្កើនសម្រស់ទីក្រុងនេះបន្ថែមទៀត។
សាស្ត្រាចារ្យបណ្ឌិត Ngo Quang De និយាយថា «ដើមឈើគឺជាសារពាង្គកាយមានជីវិតដែលមានសារធាតុមេតាបូលីសជាមួយនឹងបរិយាកាសខាងក្រៅ ដែលខុសពីស្ថាបត្យកម្ម វាអាចប្រែប្រួលអាស្រ័យលើរដូវកាល អាយុ អាកាសធាតុ ឬដី។ អញ្ចឹងហើយបានជាយើងត្រូវសិក្សាយ៉ាងយកចិត្តទុកដាក់ពីរបៀបដាំ និងកន្លែងណាដែលត្រូវដាំដើមឈើ។
សាស្ត្រាចារ្យបណ្ឌិត Ngo Quang De បានប្រាប់កាសែតហាណូយថាមស៍ថា «ទីក្រុងហាណូយត្រូវសិក្សាស្រាវជ្រាវ និងដាំដើមឈើបន្ថែមទៀតដែលសមស្របនឹងអាកាសធាតុត្រជាក់ ស្របពេលជាមួយគ្នានោះ គឺត្រូវរក្សាឱ្យបាននូវភាពស្រស់ស្អាតធម្មជាតិដែលកំពុងមានស្រាប់»។

សូមបញ្ជាក់ថា ហាណូយ គឺជារដ្ឋធានីធំបំផុតទី២ របស់ប្រទេសវៀតណាម។ ហាណូយ ជាក្រុងស្ថិតនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលមានទីតាំងនៅតំបន់ដីសណ្ដទន្លេក្រហមរបស់វៀតណាម ដែលមានចម្ងាយជិត 90គីឡូម៉ែត្រពីឆ្នេរសមុទ្រ៕



ចែករំលែកព័តមាននេះ