ទីក្រុងវ៉ាសូវី, ប្រទេសប៉ូឡូញ៖ ល្បិចខ្ពស់មែនអ្នករកស៊ីគ្រឿងញៀនស្រុកគេ! ពួកគេលាក់បំពួនគ្រឿងញៀននៅក្នុងផ្លែម្នាស់ ព្រោះនឹកស្មានថាអាចបំភាន់ភ្នែកសមត្ថកិច្ចបាន។ ពួកគេប្រហែលជានឹកសង្ឃឹមទុកជាមុនថាតែប៉ុណ្ណឹះគ្រប់ទឹកហើយ នៅពេលដឹកទំនិញទៅដល់គោលដៅចុងក្រោយ។ ប៉ុន្តែនៅទីបំផុត, ពួកគេត្រូវអស់លក្ខណ៍។ សមត្ថកិច្ចនៅប្រទេសប៉ូឡូញឆែកឃើញគ្រឿងញៀនប្រភេទកូកាអ៊ីនរហូតដល់ទៅបីតោនឯណោះ។
![Picture]()
គ្រឿងញៀនទាំងនេះគិតជាទឹកប្រាក់៧៦១លានដុល្លារ។ នេះជាការចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ូឡូញ។ សមត្ថកិច្ចអះអាងថាពួកគេចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលរស់នៅប្រទេសប៉ូឡូញភាគខាងជើង។ ពួកគេមានអាយុចន្លោះពី៦៤ឆ្នាំដល់៧១ឆ្នាំ។ គ្រឿងញៀនកូកាអ៊ីនទាំងនេះត្រូវបានសមត្ថកិច្ចឆែករកឃើញនៅក្នុងឡាំងធំៗដែលដាក់ម្នាស់ពេញៗនៅក្នុងនោះ ហើយលាកបំពួននៅក្នុងឃ្លាំងស្តុកទុកទំនិញមួយកន្លែងនៅភាគខាងជើងទីក្រុងជីឌីញ៉ា (Gdynia)។
![Picture]()
គ្រឿងញៀនទាំងនេះត្រូវគេដឹកជញ្ជូនតាមកប៉ាល់ពីប្រទេសអេក្វាឌ័រ (ស្ថិតនៅតំបន់អាមេរិកខាងត្បូង) ឆ្ពោះទៅទីក្រុងហាមបឺក(Hamburg) ប្រទេសអាល្លឺម៉ង់។ បន្ទាប់មក ពួកគេដឹកបន្តទៅទីក្រុងជីឌីញ៉ាតាមរថយន្តធុនធំ។ នាយករដ្ឋមន្ត្រីប៉ូឡូញថ្លែងថាគ្រឿងញៀនទាំងនេះអាចប្រើប្រាស់បានមួយលានដូស។ លោកថាវាជាគ្រោះថ្នាក់សម្បើមណាស់សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់ក្មេងៗ។
![Picture]()
ទោះបីជំងឺខូវីដ១៩អាចនឹងបង្កការរំខានខ្លាំងសម្រាប់ការដឹកជញ្ជូនយ៉ាងណាក្ដី, ក៏ក្រុមអ្នករកស៊ីគ្រឿងញៀនធំៗនៅតែរកវិធីដឹកជញ្ជូនទំនិញរបស់ខ្លួនដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់។ ពួកគេដឹកចេញពីតំបន់អាមេរិកឡាទីនឆ្ពោះទៅទ្វីបអឺរ៉ុបតាមមធ្យោបាយផ្សេងៗតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ចប្រឆាំងនឹងគ្រឿងញៀន។
ប្រភព៖ Reuters
![Picture]()
ចែករំលែកព័តមាននេះ