ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​លោក យឹម ស៊ីណន អរគុណ​សម្តេចតេជោ ហ៊ុន សែន ក្រោយប្តីត្រូវបាន​ដោះ​លែង​ពីពន្ធនាគារ​ព្រៃស

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ អ្នកស្រី សុផាន មករា ប្រពន្ធរបស់លោក យឹម…

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ អ្នកស្រី សុផាន មករា ប្រពន្ធរបស់លោក យឹម ស៊ីណន បានថ្លែងអំណរគុណ​ជូនសម្តេចតេជោ ហ៊ុន សែន ក្រោយពេលប្តីរបស់​អ្នកស្រី ត្រូវបានដោះលែងចេញពី​ពន្ធនាគារព្រៃស ហើយបានទៅដល់ផ្ទះជួបជុំ​ប្រពន្ធកូន​ឡើងវិញ។​

នៅលើហ្វេសប៊ុក អ្នកស្រី សុផាន មករា បានសរសេរថា «សូមគោរពសម្តេចពុកជាទីគោរព​ ប្តីរបស់កូន បានមកដល់ផ្ទះវិញហើយ ហើយ​ពេលនេះ​ គាត់បានជួបកូនៗគាត់វិញហើយ​។ កូនសូមក្រាបថ្វាយបង្គំ​ ថ្លែងអំណរគុណ​ ដល់សម្តេចពុក​ ដែលលោកបានសន្តោសប្រណី​ អាណិតអាសូរដល់គ្រួសារដ៏កំសត់មួយនេះ។​ កូនស្រី និង​ក្រុមគ្រួសារទាំងអស់​ សូមថ្លែង​អំណរគុណ​ដល់​​សម្តេច​ពុក​ និង​សូមជូនពរសម្តេចពុក​ ទទួលបានសុខភាពល្អ​ រឹងមាំ​ គង់ជា​ម្លប់ដ៏ត្រជាក់ដល់កូនចៅ។ ប្តីសម្លាញ់​ យើងអាចទៅលេងអង្គវត្ត​ ម្តងទៀតហើយ»។

សូមរម្លឹកថា ប៉ុន្មាននាទី ក្រោយ​លោក យឹម ស៊ីណន បានសរសេរលិខិតផ្ទាល់ដៃ និងបង្ហោះខ្លីប​​វិដេអូ សូមព្រះរាជទានទោសព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន រួចមក នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ​បានចេញដីកាបង្គាប់ ឲ្យដោះលែងលោក យឹម ស៊ីណន ក្រោយពីលោក យឹម ស៊ីណន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២១មីនា ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ។

​លោក យឹម ស៊ីណន ត្រូវបានចាប់ខ្លួន​ នៅថ្ងៃទី២១មីនា ឆ្នាំ២០២៣ ជាមួយ​នឹងលោក ហ៊ុន កុសល​ ដោយសារតែបង្ហោះហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ព្រះរាជពិធីនោះ បានធ្វើឡើង នៅមុខប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។​

នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចៅក្រម បានចេញដីកា ២ ដាច់ដោយឡែកពីគ្នា ដោយសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ( ម១ ) ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើ​ស គឺបទ​ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម។

ដីកាបង្គាប់ឱ្យឃុំខ្លួន បង្ហាញថា ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង​ឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ ( ស្ទួន ) បទ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ បានកំណត់ថា ​​ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើ​ការញុះញង់​នេះ គ្មានប្រសិទ្ធភាព​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ