ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវ ២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជាមួយវត្ថុតាងថ្នាំញៀន ១៣កញ្ចប់ធំ ស្មើជាង ១២គ.ក កាលពីវេលាម៉ោង ៧ និង០៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ យុវជនឡាវទាំង ២នាក់នោះ ត្រូវបានចាប់ខ្លួន នៅចំណុចស្ពានទី២ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ប្រភពព័ត៌មាន អោយដឹងថា កាលពីវេលាម៉ោងខាងលើ ជនសង្ស័យជនជាតិឡាវចំនួន ២នាក់ បានបើកបររថយន្តម៉ាកគា ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ ឆ្លងកាត់ច្រករបៀង ចូលមកទឹកដីខ្មែរ។ ដោយមានការសង្ស័យកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក៏បានឃាត់សាកសួរត្រួតពិនិត្យលិខិតឆ្លងដែន និងរថយន្ត ដោយប្រទះឃើញធុងពណ៌បៃតងមួយ ច្នៃដាក់ស្កររងូ (កាកស្ករ) មួយកំណាត់លើ និងបិទសន្ទះពីក្នុង។ គ្រានោះ កម្លាំងសមត្ថកិច្ច ក៏បានសម្រេចកាត់ធុង ក៏ប្រទះឃើញកញ្ចប់ថ្នាំញៀន ដោយបង្កប់ជាមួយដីខ្សាច់ចំនួន ១៣កញ្ចប់ធំ។
ប្រភពពីសមត្ថកិច្ច អោយដឹងថា ជនសង្ស័យ ជាជនជាតិឡាវខាងលើ ទី១-ឈ្មោះ កែវ គង់មឿង ភេទប្រុស អាយុ ២៣ឆ្នាំ កើតនៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណខេត្ត ទី២-ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ ២០ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿង រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
ជនសង្ស័យទាំង ២នាក់ ក្រោយការឃាត់ខ្លួនជាក់ស្តែង ជាមួយវត្ថុតាងគ្រឿងញៀន ក៏ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។
បន្ទាប់ពីនាំដល់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានហែកកញ្ចប់ថ្នាំញៀន និងធ្វើតេស្តលើវត្ថុតាងជាក់ស្តែង។ ក្រោយធ្វើតេស្ត លទ្ធផលបង្ហាញថា ជាប្រភេទថ្នាំញៀន មេតំហ្វេតាមីន មានទម្ងន់សរុបចំនួន ១២.៧៤៥,២ក្រាម។ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង កសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធីផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ