ទីក្រុងកាប៊ុល, ប្រទេសអាហ្វហ្កានីស្ថាន៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្បែរទីស្ដីការក្រសួងការបរទេសអាហ្វហ្កានីស្ថាន បណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ សុទ្ធតែជាជនស៊ីវិលទាំងអស់។ ក្រៅពីនេះ មនុស្សមួយចំនួនទៀតត្រូវរបួសធ្ងន់ និងស្រាល។ នេះបើយោងតាមការឱ្យដឹងពីក្រសួងមហាផ្ទៃ។ មុនពេលជនដៃដល់បើកការវាយប្រហារ, កងសន្តិសុខជាតិអាហ្វហ្កានីស្ថានអាចដឹងតម្រុយមុន។ ដូចនេះ ពួកគេក៏បើកការបាញ់ប្រហារសំដៅជនសង្ស័យតែម្ដង ដើម្បីកុំឱ្យជននេះសម្រេចតាមផែនការរបស់ខ្លួន។
![Picture]()
ប៉ុន្តែ ដោយសារជនសង្ស័យបានដាក់គ្រាប់បែក និងសារធាតុផ្ទុះពេញខ្លួននៅក្នុងបំណងចុចបំផ្ទុះគ្រាប់បែកអត្តឃាត, ម៉្លោះហើយនៅពេលផ្ទុះគ្រាប់បែកនោះ អ្នកដែលស្លាប់មិនមែនតែគាត់ម្នាក់ឯងប៉ុណ្ណោះទេ គឺស្លាប់ និងរបួសទាំងអ្នកដទៃទៀតដែលស្ថិតនៅក្បែរៗនោះថែមទៀត។ នេះបើតាមបង្ហើបឱ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃតាមបណ្ដាញទ្វីតថឺ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលប្រចាំទីក្រុងកាប៊ុលឱ្យដឹងថាភេរវជនដែលប្រុងដាក់គ្រាប់បែកនោះធ្វើដំណើរសរសៀរៗទៅកៀកនឹងប៉ុស្តិ៍ឆែកឆេរមួយកន្លែង។ មិនយូរប៉ុន្មាន, កងសន្តិសុខដែលឈរយាមនៅទីនោះឃើញទាន់។ ពួកគេក៏ទាញកាំភ្លើងបាញ់ប្រហារទៅលើជនសង្ស័យតែម្ដង។ ហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់ទីប្រជុំជនដែលប្រមូលផ្ដុំទៅដោយអគាររដ្ឋាភិបាល និងក្រសួងការបរទេស។ នៅក្នុងចំណោមអ្នករបួសនៅក្នុងហេតុការណ៍នេះក៏មានភ្នាក់ងារសន្តិសុខចំនួនបីនាក់ផងដែរ។
![Picture]()
គ្មានក្រុមណាប្រកាសទទួលខុសត្រូវទេ
រហូតមកដល់ពេលនេះ, មិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខប្រកាសថានេះជាស្នាដៃរបស់ខ្លួននៅឡើយទេ។ ប៉ុន្មានខែចុងក្រោយនេះ, គេឃើញថាមានការវាយប្រហារបែបភេរវកម្មជាច្រើនដងទៅលើទីក្រុងកាប៊ុល និងតំបន់ជាយក្រុងនេះ។ ពេលខ្លះក្រុមភេរវកម្មអាយស៊ីល(ISIL)ប្រកាសថាជាស្នាដៃរបស់ខ្លួន។ ក្រុមតាលីបង់ដែលកំពុងដឹកនាំប្រទេសអាហ្វហ្កានីស្ថានសព្វថ្ងៃថ្លែងថាខ្លួនចង់ធ្វើឱ្យប្រទេសជាតិមានសន្តិសុខគ្រប់គ្រាន់ និងទើបតែបានបើកយុទ្ធនាការវាយប្រហារក្រុមអាយស៊ីលកាលពីប៉ុន្មានអាទិត្យមុន៕
ប្រភព៖ Aljazeera
ចែករំលែកព័តមាននេះ