ខេត្តបាត់ដំបង ៖ ក្រោយពីមានការរិះគន់ខ្លាំងៗពីមហាជនតាមបណ្ដាញសង្គមផង និងតាមប្រព័ន្ធផ្សព្វផ្សាយនានាផង អំពីសង្វៀនបញ្ជល់មាន់ដ៏ខ្លាំងមហិមារបស់ «តាខុច» នៅភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ គេបានឃើញកម្លាំងនគរបាលក្រុងបាត់ដំបងមួយក្រុម បានបង្ខំចិត្តចុះទៅធ្វើការអប់រំម្ចាស់សង្វៀនមាន់នេះទាំងទើសទាល់ និងហាក់ជួយនិយាយសម្រាលកំហុសម្ចាស់សង្វៀនមាន់នេះថា «ជាការជល់វ៉ាងជើងលេង» តែបែរជាព្យាយាមដាក់បន្ទុកទៅលើអ្នកកាសែតទៅវិញថា «សុំលុយម្ចាស់សង្វៀនមិនបាន រួចថតផ្សាយដោយគ្មានការអនុញ្ញាត»។
![Picture]()
ក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការខេត្តបាត់ដំបង បានស្រាយបំភ្លឺអំពីសកម្មភាពសង្វៀនមាន់ជល់របស់បុរសវ័យ៦៨ឆ្នាំម្នាក់ ដែលមានឈ្មោះ ថ្លាង សាហាក់ ដែលអ្នកស្រុក និងអ្នកនិយមជល់មាន់ហៅគាត់ថា «តាខុច» យ៉ាងក្បោះក្បាយដូចប្រលោមលោក។ នេះបើយោងតាមការសម្រង់សំដីរបស់ម្ចាស់សង្វៀនមាន់ខាងលើនេះ ដែលបានចេញផ្សាយនៅម៉ោងជាង៨យប់ ថ្ងៃទី២៥ ខែមីនា។
បើយោងលើខ្លឹមសារ នៅក្នុងផេកក្រុមប្រតិកម្មរហ័ស ចាប់តាំងពីសេចក្ដីផ្ដើម រហូតដល់ចុងបញ្ចប់ មានអត្ថន័យហាក់ប្រឹងជួយនិយាយសម្រាលកំហុសម្ចាស់ទីតាំងល្បែ.ង ហើយបែរជាព្យាយាមនិយាយវា.យប្រហារទៅលើក្រុមអ្នកកាសែត ដែលបានចូលទៅថតយករូបភាពសង្វៀនមាន់របស់«តាខុច»នោះ។ បើពិនិត្យឲ្យស៊ីជម្រៅបន្ថែមទៀតនោះ សេចក្ដីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនេះ គឺហាក់ដូចត្រូវបានបង្គាប់បញ្ជាឲ្យរៀបចំបំភ្លឺដោយម្ចាស់បនល្បែ.ងនោះ។
![Picture]()
ខ្លឹមសារនៃសេចក្ដីបំភ្លឺ ដោយយោងចម្លើយម្ចាស់សង្វៀនមាន់ថ្លាង សាហាក់ (តាខុច) បានប្រាប់ថា ដំបូងមានអ្នកកាសែត០២នាក់ជិះម៉ូតូចូលទៅកន្លែងគាត់ រួចសុំលុយម្នាក់១០ម៉ឺន តែគាត់មិនព្រមឲ្យ អ្នកកាសែតនោះក៏ថតទីតាំង និងរូបគាត់ដោយគ្មានការយល់ព្រមពីគាត់។ លុះក្រោយមក ក៏មានអ្នកកាសែតជិះរថយន្តទៅម្ដងទៀត ហើយសុំលុយគាត់ម្នាក់ៗ១០ម៉ឺនរៀលដូចគ្នា តែគាត់មិនព្រមឲ្យទៀត ព្រោះសំអាងថា គាត់គ្រាន់តែវ៉ាងសាកជើងមាន់លេងប៉ុណ្ណោះ មិនបានភ្នាល់ដាក់លុយទេ។ អ្នកកាសែតទាំងនោះ សុំលុយគាត់មិនបាន ក៏ថតរូបគាត់ ដោយគ្មានការអនុញ្ញាត យកទៅផ្សព្វផ្សាយ។
ផេកប្រតិកម្មរហ័សដដែលនេះ បានស្រង់ចម្លើយម្ចាស់សង្វៀនមាន់ បន្ទុកតាមសមត្ថកិច្ចដែលចុះទៅកន្លែងសង្វៀនមាន់ តាខុច ថា ក្រោយឃើញគេផ្សាយថា គាត់លួចបើកសង្វៀនមាន់ គាត់ខឹងក៏រុះរើចោលខ្ទេចខ្ទីអស់តាំងពីថ្ងៃនោះមក។
![Picture]()
ផ្ទុយពីខ្លឹមសារ ដែលផេកស្នងការបានបំភ្លឺខាងលើនេះ បើតាមប្រភពព័ត៌មានពីអ្នកនិយមជល់មាន់នៅសង្វៀន «តាខុច» ដែលទូរស័ព្ទប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ក្រោយសមត្ថកិច្ចចុះទៅសួរនាំបន្តិច បាននិយាយថា «ខ្លឹមសារ ដែលក្រុមប្រតិកម្មរហ័សស្រង់យកមកផ្សាយតាមរយៈផេករបស់ខ្លួន គឺ តាខុច និយាយកុហកស្ទើរទាំងស្រុង»។
ប្រភពនេះបាននិយាយថា គេឃើញអ្នកកាសែតបានជិះម៉ូតូទៅមែន តែមិនទាន់បានសុំលុយផង ក៏ត្រូវតាខុច ចង្អុលមុខដៀលត្មះយ៉ាងចាស់ដៃ ហើយក៏នាំគ្នាដកទូរស័ព្ទថត និងឡើងជិះម៉ូតូចេញទៅវិញបាត់ទៅ។ ចំណែករឿងដែលគាត់ថា គាត់រុះរើសង្វៀនចោលនោះ កាន់តែកុហកទៀត គឺគ្មានរុះរើស្អីទេ។
![Picture]()
ប្រភពបានបញ្ជាក់ថា ជាធម្មតាសង្វៀនមាន់សព្វថ្ងៃ កន្លែងណាក៏ដូចកន្លែងណាដែរ ពេលជល់ចប់ ម្ចាស់សង្វៀនគេរើទុកហើយ លុះដល់ម៉ោងលេង ទើបគេចាប់ផ្ដើមរៀបចំដាក់សង្វៀនវិញ។
អ្នកនិយមជល់មាន់រូបនេះ បានលាតត្រដាងពីគំនិតពុតត្បុតរបស់លោកដង្វៅមានជល់ឈ្មោះ ខុច នេះយ៉ាងដូច្នេះថា «តាខុច នេះខូចណាស់ គាត់កាន់តែនិយាយកុហកទៀតគាត់ថា រើសង្វៀនចោលឈប់ជល់។ តាមពិតនៅថ្ងៃទី២៥ ខែមីនា ចំថ្ងៃសមត្ថកិច្ចចុះទៅសួរនាំនោះ គឺជាថ្ងៃដែល តាខុច ណាត់ម៉ូយជល់មាន់គីឡូ២១ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ តែចៃដន្យត្រូវសមត្ថកិច្ចចុះទៅទប់ស្កាត់មុន តាខុច ក៏ផ្អាកគម្រោងនេះសិនទៅ។ បើសមត្ថកិច្ចមិនចុះទៅទេ ម្ល៉េះ តាខុច បើកជល់យ៉ាងគគ្រឹកគគ្រេងដូចរាល់ថ្ងៃបាត់ទៅហើយ»។
![Picture]()
ដោយឡែក ចម្លើយម្ចាស់សង្វៀនមាន់នេះ ដែលអះអាងថា គាត់មិនបានបើកសង្វៀនជល់ភ្នាល់ដាក់លុយ គឺគ្រាន់តែ «វ៉ាងសាកជើងមាន់លេង» គឺសុទ្ធតែជាការផ្ដល់ចម្លើយបោ.កប្រាស់ទាំងអស់។ តាមពិត តាខុច បើកសង្វៀនជល់ភ្នាល់ដាក់លុយរាប់ខែកន្លងមកហើយ។ ជារឿយៗ តាខុច តែងតែអួតប្រាប់អ្នកលេងមាន់នៅសង្វៀនគាត់ថា គាត់មិនខ្លាចនរណាទេ សមត្ថកិច្ចណាក៏គាត់មិនខ្លាចដែរ ព្រោះគាត់បានបង់សំណូកប្រចាំខែជូនលោកសមត្ថកិច្ចគ្រប់ស្ថាប័នអស់ហើយ (សុំលាក់ឈ្មោះ មន្ត្រីទទួលសំណែននេះសិន)។ ដូច្នេះហើយទើប តាខុច ហ៊ានបើកចំហរលេងបៀរផង ជល់មាន់ផង ក្នុងសកម្មភាពយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ។
មិនតែប៉ុណ្ណោះ បើតាមប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា ក្រោយពេលសមត្ថកិច្ចបញ្ចប់ការត្រួតពិនិត្យសង្វៀនមាន់គាត់រួច តាខុច បានផ្ដល់ដំណឹងតាមទូរស័ព្ទប្រាប់ម៉ូយៗជល់មាន់កន្លែងគាត់ថា «ពេលនេះខាងសមត្ថកិច្ចក្រុង គេឲ្យផ្អាកសិន ចាំស្ងាត់បន្តិច ចាំគិតរកកន្លែងថ្មីទៀត»។ នៅក្នុងសម្លេងបែកធ្លាយនោះ តាខុច បានផ្ដាំផ្ញើឲ្យអ្នកមានមាន់ល្អៗ ត្រូវថែទាំទុកសិនទៅ ចាំជល់មុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះដល់ពេលនោះ គាត់នឹងរកកន្លែងបើកសង្វៀនថ្មីទៀតហើយ។
![Picture]()
ដោយឡែក បើនិយាយពីសេចក្ដីបំភ្លឺព័ត៌មានរបស់ក្រុមតិកម្មរហ័សដូចភ្លេកបន្ទោរឯណោះវិញ នៅក្នុងខ្លឹមសារ នៃសំណេររបស់ខ្លួន ហាក់ពុំមានពាក្យ ឬត្រង់ឃ្លាណាមួយ ដែលបាននិយាយថ្លោលទោសមេល្បែ.ងមាន់ជល់ខាងលើនេះទេ ពាក់ព័ន្ធនឹងផ្លូវច្បាប់។ ផ្ទុយទៅវិញគ្រាន់តែអះអាងថា សមត្ថកិច្ចបានធ្វើការអប់រំ និងឲ្យម្ចាស់សង្វៀននេះ ធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពរបស់ខ្លួនចប់។ ពោល គឺខ្លឹមសារស្ទើរទាំងស្រុង ហាក់ជួយនិយាយសម្រាលកំហុសមេល្បែ.ង តែព្យាយាមនិយាយដាក់ទម្ងន់ទៅលើអ្នកកាសែតទៅវិញ ដែលថា អ្នកកាសែតសុំលុយមេល្បែ.ងមិនបាន ទើបថតទីតាំងល្បែ.ងយកទៅផ្សាយ។
យ៉ាងណាក៏ដោយ ពេលនេះ សង្វៀនមាន់លោកដង្ខៅ ខុច ត្រូវកម្លាំងអធិការក្រុង បង្ខំចិត្តចុះអប់រំទាំងទើសទាល់ហើយ ក្រោយពីមានការរិះគន់ខ្លាំង។ ប៉ុន្តែបើតាមប្រភពព័ត៌មានបានខ្សឹបប្រាប់កោះសន្តិភាពថា លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ទំនងត្រូវប៉ុយលោកស្នងការយ៉ាងចាស់ដៃ រឿងមិនអើពើនឹងសង្វៀនមាន់តាខុច ដ៏ខ្លាំងមហិមានេះ មុនពេលលោកអធិការរូបនេះ បង្ខំចិត្តបញ្ជាកូនចៅឲ្យចុះទៅអើតមើលសង្វៀនមាន់តាខុចនេះ។
![Picture]()
ប៉ុន្តែមុនទទួលបទបញ្ជាពីលោកស្នងការខេត្ត លោកពេជ្រ សារ៉ែន ក៏បានឆ្លៀតរាយការណ៍កុហកលោកស្នងការមួយឃ្លាចុងក្រោយដែរថា «សង្វៀនមាន់នោះ គេគ្រាន់តែវ៉ាងលេងតើមេ…» តែលោកស្នងការមិនស្ដាប់ ហើយនៅតែជម្រុញឲ្យចុះទៅមើល ជាមួយនឹងការព្រមា.នថា «គេប្រាប់ទីតាំង ប្រាប់ផ្លូវ ប្រាប់ម្ចាស់ទីតាំង ប្រាប់ភូមិអស់ហើយ បើមិនធ្វើទេ ទុកឲ្យគេធ្វើ»៕
ចែករំលែកព័តមាននេះ