រាជធានីភ្នំពេញ ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាឯកភាព លើកិច្ចព្រមព្រៀង អំពីផែនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថាន សម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ក្នុងកញ្ចប់ជំនួសពីកូរ៉េ ២លានដុល្លារអាមេរិក ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅរវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក LEE Jaewang ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ។
លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងនៅក្រោយពិធីចុះហត្ថលេខានេះថា នេះជាការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំនួយអភិវឌ្ឍ ផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងការរៀបចំច្បាប់ ស្ដីពី សុវត្ថិភាព និងសុខភាពការងារ ។ មួយវិញទៀតជួយដល់វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារផងដែរ ។ ដែលគម្រោងខាងលើនេះ មានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ ។
លោកបានលើកឡើងទៀតថា ស្របពេលដែលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យការងារកំពុងមានកំណើនគួរឲ្យកត់សម្គាល់នោះ ឱកាស នៃគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏អាចនឹងមានខ្ពស់ ដែលចាំបាច់ត្រូវមានវិធានការក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យមានច្បាប់ ស្ដីពី សុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង។ កន្លងមក មានច្បាប់ ស្ដីពី ការងារ ហើយផ្នែកសុវត្ថិភាពការងារ គឺជាផ្នែកមួយក្នុងច្បាប់ការងារនេះ ដែលបច្ចុប្បន្នកំពុងតែរៀបចំឲ្យមានច្បាប់គោលមួយដាច់ដោយឡែក អំពីសុខភាព និងសុវត្ថិភាពការងារនេះ ។
លោកគូសបញ្ជាក់ថា ៖ «តាមរយៈជំនួយ ក្នុងការអនុវត្តគម្រោងនេះ មានថវិកាប្រមាណជាង ២លានដុល្លារអាមេរិក សម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េ ក៏បានឲ្យមន្ត្រី នៃនាយកដ្ឋានពេទ្យការងារផ្នែកអនុបណ្ឌិត ទៅបន្តការសិក្សារយៈ ពេលពីរឆ្នាំ នៅប្រទេសកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយការងារ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាល» ។
ជាមួយគ្នានោះដែរ លោកប្រធាននាយកដ្ឋានពេទ្យការងារ ក៏បានបញ្ជាក់ជូនដែរថា កន្លងមក យើងបានបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីរបស់យើងឲ្យទៅជាគ្រូពេទ្យ នៅតាម រោងចក្រសហគ្រាស ជួយដល់ការរួមចំណែក លើការការពារសុវត្ថិភាព។ក្រៅពីនេះ ភាគីកូរ៉េ ក៏បានអញ្ជើញមន្ត្រីទៅរៀននៅប្រទេសកូរ៉េ ហើយក៏បានបញ្ជូនមន្ត្រីរបស់គេ មកបង្រៀនដល់កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលនេះ គិតមកដល់ពេលនេះ មានមន្ត្រីថ្នាក់ អនុបណ្ឌិតចំនួន៦នាក់ បានទៅរៀននៅកូរ៉េ និងមានជិត១០០នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាលរយៈពេលខ្លីនៅក្នុងប្រទេស ។
ចំំណែកលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការពេញចិត្ត ចំពោះការផ្ដល់នូវជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងារ របស់ប្រទេសកូរ៉េមកដល់កម្ពុជា ។
លោកបានចាត់ទុកថា នេះគឺជាការជ្រោមជ្រែង ដ៏សំខាន់មួយក្នុងការទប់ស្កាត់អត្រាគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏ដូចជាផ្ដល់នូវចំណេះជំនាញដល់កម្មករឲ្យមានការការពារទុកជាមុន ក្នុងពេលបំពេញការងារនៅតាមរោងចក្រសហគ្រាសផងដែរ ។
លោកបានបន្តថា ប្រទេសកូរ៉េ គឺជាប្រទេសដែលជួយកម្ពុជា លើការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារច្រើនជាងគេ ទាំងធនធានមនុស្ស និងបច្ចេកទេស ។
ជាមួយគ្នានោះដែរ រដ្ឋលេខាធិការ ក៏បានស្នើឱ្យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញ បន្ថែមទៀត ដើម្បីឲ្យការងារសុវត្ថិភាពនិងសុខភាពការងារកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕


ចែករំលែកព័តមាននេះ