រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានស្នើឱ្យសមត្ថកិច្ចបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ ឲ្យបានជាប់ជាប្រចាំ ដោយត្រូវបន្តធ្វើការតាមដាន ស្រាវជ្រាវ ស៊ើបអង្កេត នៅតាមភូមិសាស្ត្រ ដែលមានតម្រុយ និងសង្ស័យពាក់ព័ន្ធដល់ការលួចលាក់រក្សាទុក សារធាតុគីមីផ្សំ ឬការកែច្នៃផលិតសារធាតុញៀន ដោយខុសច្បាប់ ដើម្បីចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានណែនាំ ត្រូវបន្តខិតខំប្រឹងប្រែងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យកាន់តែក្តៅគគុក និងហ្មត់ចត់ថែមទៀត រាល់សកម្មភាព នៃការលួចធ្វើចរាចរ ដឹកជញ្ជូន នាំចូលសារធាតុញៀនគ្រប់ប្រភេទ ពីក្រៅប្រទេស ឆ្លងកាត់ព្រំដែន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមកញ្ចប់បញ្ញើប្រៃសណីយ៍ ។
សម្ដេចក៏បានណែនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពសារធាតុគីមីថ្មីៗមួយចំនួន ដែលអាចយកទៅកែច្នៃ ផលិតជាសារធាតុញៀន ដើម្បីស្នើសុំបញ្ជូលក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ក្នុងនោះដែរ ក៏ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានយន្តការគ្រប់គ្រងត្រួតពិនិត្យ ការនាំចូល ចែកចាយ ស្តុកទុក និងប្រើប្រាស់សារធាតុគីមីថ្មីៗ និងសារធាតុគីមីផ្សំគ្រឿងញៀនឲ្យបានច្បាស់លាស់ ហ្មត់ចត់ មានតម្លាភាព សំដៅធានាបានថា មិនឲ្យសារធាតុគីមីទាំងនោះ ធ្លាក់ក្នុងដៃឧក្រិដ្ឋជន និងមិនត្រូវបានគេលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ យកទៅកែច្នៃផលិតជាសារធាតុញៀនសំយោគខុសច្បាប់ ។
សម្ដេច ក៏បានស្នើយកចិត្តទុកដាក់ពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព សំដៅធានាឲ្យបានថា អ្នកដែលត្រូវធ្វើសមាហរណកម្មចូលក្នុងសហគមន៍ ឬក្រុមគ្រួសារ បន្ទាប់ពីទទួលបានការព្យាបាលរួច នឹងមិនត្រឡប់មកប្រើប្រាស់សារធាតុញៀនវិញឡើយ ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពមន្ត្រីអនុវត្តច្បាប់ ទាំងការបណ្តុះបណ្តាល នៅក្នុងនិងក្រៅប្រទេស ទាំងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការស្រាវជ្រាវ និងបំផ្លាញនូវល្បិចកលថ្មីៗ ឈានទៅដល់ការបង្ក្រាបបានចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈចាត់តាំងរបស់ក្រុមឧក្រិដ្ឋជន ដល់ឬសគល់ ។
ភ្ជាប់នឹងអនុសាសន៍សំខាន់ៗមួយចំនួនទៀតនោះ សម្ដេចបានណែនាំឱ្យបង្កើនកិច្ចសហការជាមួយស្ថាប័នតុលាការ ដើម្បីបន្តពន្លាតនីតិវិធី ស្រាវជ្រាវប្រឆាំងនឹងការសម្អាតប្រាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រមទាំងជំរុញនីតិវិធី ក្នុងការចាត់ចែង វត្ថុតាង និងទ្រព្យសម្បត្តិ នានា ដែលត្រូវបានបង្កក នាពេលកន្លងមក ដើម្បីរឹបអូសទុក ទ្រព្យសម្បត្តិរដ្ឋ និងស្នើសុំយកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនវិញ។
សម្ដេចក៏បានជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេស ម្ចាស់គោលដៅ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយទទួលភាពរងគ្រោះដោយសារបទល្មើសគ្រឿងញៀន ក៏ដូចជាសិល្បៈករ សិល្បៈ ការិនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការសង្គមស៊ីវិល ឱ្យបានគ្រប់រាជធានី-ខេត្ត រហូតដល់មូលដ្ឋាន សំដៅប្រមូលផ្តុំកិច្ចសហការគាំ ទ្រទាំង សកម្មភាព និងមូលនិធិចូលរួម ក្នុងចលនា ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕
![Picture]()
ចែករំលែកព័តមាននេះ