ទីក្រុងម៉ូស្គូ, ប្រទេសរុស្ស៊ី៖ លោកពូទីនពន្លះអង់គ្លេស១០០ៗ បន្ទាប់ពីទទួលដំណឹងថាអង់គ្លេសគ្រោងបញ្ជូនរថក្រោះពិសេសដែលអាចបាញ់គ្រាប់កាំភ្លើងមានផ្ទុកសារធាតុវិទ្យុសកម្មអ៊ុយរ៉ាញ៉ូម(uranium)។ លោកពូទីនសូមផ្ដាំត្រឡប់ទៅវិញ បើអង់គ្លេសហ៊ានធ្វើដល់ថ្នាក់ហ្នឹង រុស្ស៊ីក៏មិនយល់មុខតទៅទៀតដែរ។ រុស្ស៊ីនឹងឆ្លើយតបទៅតាមដំណើរ។

ការសកសម្ដីរបស់លោកពូទីនធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកស្រីអាណាបែល ហ្គោឌី (Annabel Goldie) បង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទថារថក្រោះម៉ាកឆាលេនជើ២ (Challenger 2) ដែលអង់គ្លេសត្រៀមបញ្ជូនទៅអ៊ុយក្រែននោះ មិនមែនជារថក្រោះកំប៉ិកកំប៉ុកអង្ករកំប៉ុងនោះទេ។ ពោលគឺ វាជារថក្រោះដែលអាចបាញ់គ្រាប់កាំភ្លើងផ្ទុកសារធាតុវិទ្យុសកម្មអ៊ុយរ៉ានីញ៉ូម។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកស្រីអាណាបែល ហ្គោឌី (Annabel Goldie)ដូច្នេះ ទោះបីរថក្រោះរបស់សត្រូវពាសដែកកម្រាស់ណាក៏ដោយ ក៏មិនអាចទប់ឈ្នះគ្រាប់កាំភ្លើងប្រភេទនេះបានដែរ។ គ្រាប់កាំភ្លើងនេះនឹងខួងទម្លុះសម្បករថក្រោះរហូតដល់ស្នូលរថក្រោះតែម្ដង។ រួចហើយវាផ្ទុះពីខាងក្នុងមកវិញ។

«បើដូច្នេះមែន, រុស្ស៊ីត្រូវតែបង្ខំចិត្តចាត់វិធានការឆ្លើយតបទៅតាមនោះដើម្បីឱ្យមានភាពសមាមាត្រគ្នា។ រឿងនេះច្បាស់ណាស់ ក្រុមបស្ចិមប្រទេសព្រួតដៃស្មើគ្នាដើម្បីបញ្ជូនអាវុធមានលាយសារធាតុនុយក្លេអ៊ែរជាបណ្ដើរៗហើយ។ ដូច្នេះចាំអង្កាល់ទៀត? រុស្ស៊ីក៏ត្រូវតែឆ្លើយតបទៅតាមដំណើរ ដើម្បីរត់ឱ្យទាន់សភាពការណ៍»។ នេះជាប្រសាសន៍របស់ប្រមុខដឹកនាំរុស្ស៊ី លោកពូទីន ថ្លែងនៅចំពោះមុខអ្នកកាសែត បន្ទាប់ពីមានកិច្ចជំនួបកំពូលជាមួយប្រមុខដឹកនាំចិន លោកស៊ីជីនពីង។

នេះមិនមែនជារឿងថ្មីទេដែលរុស្ស៊ីបោះពាក្យ បោះសម្ដី ដើម្បីវាយប្រហារក្រុមបស្ចិមប្រទេស។ កាលពីពេលកន្លងមក, គេសង្កេតឃើញថាក្រុមអ្នកនយោបាយនៅរុស្ស៊ី រួមទាំងអ្នកធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ធ្លាប់បានលេងសង្គ្រាមវោហារសាស្ត្រជាហូរហែ។ ពួកគេថាបើនៅក្នុងករណីចាំបាច់, រុស្ស៊ីក៏ត្រៀមដាក់ពង្រាយអាវុធនុយក្លេអ៊ែរផងដែរ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកសឺហ្គេ សយហ្គូ(Sergai Shoigu) ថ្លែងថាការសម្រេចចិត្តថ្មីបំផុតរបស់អង់គ្លេសនេះធ្វើឱ្យរុស្ស៊ី និងបស្ចិមប្រទេសកាន់តែខិតចូលគ្នាបន្ថែមទៀតទៅរកលទ្ធភាពនៃការប្រទាំងប្រទើសគ្នាដោយអាវុធនុយក្លេអ៊ែរ។ លោកថាឥឡូវនេះ ពួកគេចាប់ផ្ដើមបោះ១ជំហានទៅមុខទៀតហើយ។ ដូច្នេះ លទ្ធភាពនៃការប៉ះទង្គិចកាន់តែកៀកគ្នាជាងមុន។

សូមជម្រាបថាអ្វីដែលគេហៅថា «អ៊ុយរ៉ានីញ៉ូមចម្រាញ់ -Depleted uranium» ត្រូវគេប្រើប្រាស់នៅក្នុងអាវុធយុទ្ធភ័ណ្ឌផ្សេងៗ។ វាអាចវាយទម្លុះខ្សែការពាររបស់រថក្រោះសត្រូវ ដែលស្រោបពីខាងក្រៅដោយដែកថែប ឬលោហធាតុក្រាស់ឃ្មឹកដែលគ្រាប់កាំភ្លើងធម្មតាមិនអាចបាញ់ធ្លុះ។ គ្រាប់កាំភ្លើងនេះក៏មានគ្រោះថ្នាក់សម្បើមណាស់ដែរ។ នៅពេលវាផ្ទុះនៅទីកន្លែងណាមួយ វានឹងបង្កជាភាគល្អិតហោះហើរនៅក្នុងបរិយាកាសក្បែរៗនោះ។

ចង់ឬមិនចង់, ភាគល្អិតទាំងនេះអាចនឹងហោះហើរជ្រៀតចូលទៅក្នុងសួតរបស់មនុស្ស និងទៅក្នុងសរីរាងដទៃទៀតនៅខាងក្នុងខ្លួនមនុស្ស។ ទោះជាយ៉ាងណាក្ដី, ប្រទេសរុស្ស៊ីមិនទាន់អស់ផ្លូវដើរនៅឡើយទេ។ លោកសយហ្គូបញ្ជាក់ថារុស្ស៊ីនៅមានស្នៀតសម្រាប់ទប់ទល់ជាមួយនឹងអាវុធប្រភេទនេះ។ លោកនិយាយដោយសង្ខេបតែប៉ុណ្ណេះ ដោយមិនធ្វើអត្ថាធិប្បាយលម្អិតនោះទេ៕

ប្រភព៖ CBS, Channel News Asia
ចែករំលែកព័តមាននេះ