រដ្ឋាភិបាលស្វីសបាននិយាយថា ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស UBS នឹងកាន់កាប់ ធនាគារCredit Suisse ក្រោយបានទិញក្នុងតម្លៃ ៣.២៥ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវទំនុកចិត្តនៅក្នុងប្រព័ន្ធធនាគារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតីស្វីសលោក Alain Berset បាននិយាយថា ការកាន់កាប់នេះគឺជា «ដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការស្ដារឡើងវិញនូវទំនុកចិត្តដែលខ្វះខាតនៅក្នុងទីផ្សារហិរញ្ញវត្ថុនាពេលថ្មីៗនេះ»។
ធនាគារស្វីស Credit Suisse ដែលមានអាយុ១៦៧ឆ្នាំ ប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការចោទប្រកាន់ពីការលាងលុយ។ ហើយកាលពីសប្តាហ៍មុនតម្លៃភាគហ៊ុនធនាគារនេះធ្លាក់ចុះយ៉ាងខ្លាំង ក្រោយម្ចាស់ភាគហ៊ុនធំ គឺប្រធានធនាគារអារ៉ាប៊ីសាអូឌីត លោកAmmar al-Khudairy បានប្រកាសគ្មានផែនការវិនិយោគបន្ថែម។
លោក Berset បាននិយាយថា ប្រសិនបើធនាគារ Credit Suisse បានធ្លាក់ចូលទៅក្នុងការដួលរលំ វានឹងមាន «ផលវិបាកដែលមិនអាចគណនាបានសម្រាប់ប្រទេស និងស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ»។
វិធានការណ៍នេះត្រូវបានស្វាគមន៍ដោយ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសដែលជាវិធានមួយដែលនឹងជួយដល់ស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីមានភាពច្របូកច្របល់មួយសប្តាហ៍បន្ទាប់ពីការដួលរលំនៃធនាគារអាមេរិកចំនួនពីរ។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell និងរដ្ឋលេខាធិការរតនាគារ Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «យើងស្វាគមន៍ការប្រកាសរបស់អាជ្ញាធរស្វីសនៅថ្ងៃនេះ ដើម្បីគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុ»។
Fed និងធនាគារកណ្តាលនៃប្រទេសកាណាដា អង់គ្លេស ជប៉ុន សហភាពអឺរ៉ុប និងស្វីសបានប្រកាសថាពួកគេនឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយ ដើម្បីកែលម្អលទ្ធភាពទទួលបានសាច់ប្រាក់ងាយស្រួលរបស់ធនាគារដោយសង្ឃឹមថានឹងស្ងប់ស្ងាត់នូវការព្រួយបារម្ភដែលកំពុងកើតមានលើវិស័យធនាគារពិភពលោក៕


ចែករំលែកព័តមាននេះ