នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែននៅថ្ងៃទី២១ ខែមីនានេះ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន Xi Jinping បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK នាយករដ្ឋមន្ត្រី Fumio Kishida បានទៅដល់រដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy។
វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមក។ ជំនួសឱ្យការត្រលប់ទៅប្រទេសជប៉ុនវិញ លោកបានធ្វើដំណើរទៅប្រទេសប៉ូឡូញ ហើយជិះរថភ្លើងទៅកាន់ទីក្រុង Kyiv។
ដោយមានការទទួលស្វាគមន៍ពីសំណាក់ អ្នកស្រី Emine Dzheppa អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសអ៊ុយក្រែន អ្នកស្រីបានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារអមជាមួយរូបភាពនៃការមកដល់របស់ Kishida ថា៖ «ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះគឺជាសញ្ញានៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអ៊ុយក្រែន និងជប៉ុន»។
លោក Kishida ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Bucha ជាកន្លែងដែលមានការលើកឡើងថា ជនស៊ីវិលជាង ៤០០នាក់ ត្រូវបានសម្លាប់កាលពីឆ្នាំមុនដោយកងកម្លាំងរុស្ស៊ី។
Kishida នឹងជួបជាមួយលោក Zelenskyy ក្នុងនាមជាប្រធានក្រុម G7 ឆ្នាំនេះ ជប៉ុននឹងស្វែងរកការរួបរួមជាអន្តរជាតិដើម្បីដាក់ទណ្ឌកម្មតឹងរ៉ឹងលើរុស្ស៊ី ស្របពេល ជប៉ុនគ្រោងនឹងធ្វើជាប្រធានកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងខែឧសភា។
Kishida ក៏ទំនងជានិយាយផងដែរថា នឹងបន្តផ្តល់ការគាំទ្រជាអតិបរមាដល់អ៊ុយក្រែន ដោយផ្តោតលើការកសាងឡើងវិញ និងជំនួយមនុស្សធម៌។
វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុនទៅកាន់ប្រទេស ឬតំបន់ដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីសង្គ្រាមលោកលើកទី២ និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែនដោយសមាជិកអាស៊ីនៃ G7។
Kishida កំពុងដើរតាមគន្លងរបស់មេដឹកនាំ G7 ផ្សេងទៀត រួមទាំងប្រធានាធិបតីអាមេរិក Joe Biden ដែលបានបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលពីខែមុន៕


ចែករំលែកព័តមាននេះ