ខេត្តតាកែវ ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីអបអរសាទរ ការប្រកាសខេត្តតាកែវ ជាខេត្តអស់មីន ។

អញ្ជើញចូលរួមនាឱកាសនោះ មានវត្តមានលោក ចន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម លោកជំទាវជាគណៈប្រតិភូអាជ្ញាធរមីន លោកយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត អស់លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីមូលដ្ឋានភូមិ-ឃុំ ចូលរួមយ៉ាងច្រើនកុះករផងដែរ ។

លោក អ៊ូច ភា អភិបាលខេត្ត បានអោយដឹងថា ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងខត្តតាកែវ ខ្ញុំបាទសូមយកឱកាសនេះ គោរពសម្ដែងនូវការគាំទ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដ៏មានសុវត្ថិភាព បង្កើតស្នាមញញឹម» ក៏ដូចជា សូមអរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាកថវិកាគាំទ្រ ធ្វើឱ្យខេត្តតាកែវក្លាយជាខេត្តទី១១ បន្ទាប់ពីខេត្តស្វាយរៀង រាជធានី ភ្នំពេញ ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានសម្រេចផែនការ ប្រកាសជារាជធានី-ខេត្ត អស់មីន។

ខេត្តតាកែវ សម្រេចបានតាមផែនការកំណត់ ដែលជាលទ្ធផលនៃការបោសសម្អាតមីន និង EOD ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ បានបោសសម្អាតចំការមិនបាន ចំនួន៧៣ចម្ការ ស្មើនឹងផ្ទៃដីចម្ការមីន ៤,៦៧៥,៧៩៧ ម៉ែត្រក្រឡា ក្នុងនោះរកឃើញ និងកម្ទេចចោលមីន ស្មើជើងចំនួន ២,៨៨៨គ្រាប់ មីនតោនចំនួន៦១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣៧,៥៨៣គ្រាប់។

គ្រួសារដែលទទួលផលផ្ទាល់ និងប្រយោលចំនួន ១៨,៣៤៧គ្រួសារ ស្មើនឹងមនុស្សចំនួន៦៣,០៤៩នាក់ និងចម្ការមីន ដែលបានបោសសំអាតគាំទ្រថវិកាដោយគម្រោងសម្ដេចតេជោ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» បានបោសសម្អាតចម្ការមីនបានចំនួន៥៥ចម្ការ ស្មើនឹងផ្ទៃដី ៤,១៩១,៨២៥ ម៉ែត្រក្រឡា។ ក្នុងនោះបានរកឃើញ និងកម្ទេចចោលមីនថ្មើរជើងចំនួន ៣២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៤៥៣គ្រាប់ គ្រួសារដែលទទួលផលដោយផ្ទាល់ និងប្រយោលចំនួន ១៨,៣៤៧គ្រួសារ ស្មើនឹង ៦១,៩៤០ នាក់។

















ចែករំលែកព័តមាននេះ