ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បង្ហាញផ្លូវ​វាង​ដើ​ម្បី​បញ្ចៀស​ចរា​ចរ​​ណ៍​អំឡុងពេល​សាងសង់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ណែនាំ​ការ​បញ្ចៀស​ចរាចរ​ក្នុងអំឡុងពេល​សាងសង់​ស្ពាន​

រាជធានី​ភ្នំពេញ​៖ សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ណែនាំ​ការ​បញ្ចៀស​ចរាចរ​ក្នុងអំឡុងពេល​សាងសង់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ជ្រាប​ថា ក្រោយ​ពី​បាន​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​កាលពី​ថ្ងៃ​០១ ខែមីនា

ឆ្នាំ​២០២៣ នៅ​បរិវេណ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​រួច​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ និង​សម្រួលការ​កកស្ទះ​ចរាចរណ៍​បាន​មួយ​ចំនួន​ធំ​។ ទន្ទឹម​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​ថា​នៅ​ពេល​ខ្លះ​មានការ​កកស្ទះ​ចរាចរណ៍​កើតឡើង​ខ្លះ​ទៀត ដូចនេះ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ឱ្យ​បាន​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖

១-ការ​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញចំពោះ​រថយន្ត​ធុន​ធ្ងន់ រថយន្ត​កុងតឺន័រ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​តាម​ផ្លូវ​ថៃ​ហ្គ័​រ ឆ្លងស្ពាន​ព្រែកសំរោង​ចូល​រាជធានី​ភ្នំពេញ តាម​ពេលវេលា និង​ម៉ោង​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយមិន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​តាម​ស្ពាន​ព្រះ​មុនី​វង្ស​ឡើយ ។​

-ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​មូលដ្ឋានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូម​មេត្តា
យោគយល់​អធ្យាស្រ័យ​ដោយ​ត្រូវ​បង្វែរ​ទិស​តាម​ផ្លូវ​ថៃ​ហ្គ័​រ តាម​ស្ពាន​ព្រែក​សំរោង​ចូល​រាជធានី​ភ្នំពេញ
ឬ​តាម​សាឡា​ង​ចម្លង​កោះន​រា ដែល​ចូល​តាម​ផ្លូវ​ទល់មុខ​វត្ត​និរោធ និង​ផ្លូវ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន
បន្តដំណើរ​ទៅ​គោលដៅ ។​

-ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ
មូលដ្ឋាន​ខណ្ឌទួលគោក ខណ្ឌ​៧​មក​រា ខណ្ឌចំការមន សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ដោយ​ត្រូវ
បង្វែរ​ទិស​តាម​មហាវិថី​អ្នកឧញ៉ា​មហា​ភក្ដី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង (​ផ្លូវ ៣០​ម៉ែត្រ​) និង​មហាវិថីសម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) បត់​តាម​ផ្លូវ​ផ្សារ​ជីប​ម៉ុង ចេញ​តាម​ផ្លូវ​លេខ​២១៧​។

២-​ការ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​គោលដៅ​ផ្លូវជាតិ​លេខ​២ទៅ​ខេត្តកណ្តាល ឬ​មូលដ្ឋាន​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ហើយ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​មហាវិ​ថី​ព្រះ​មុនី​វង្ស សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ដោយ​ត្រូវ​បង្វែរ​ទិស​តាម​ផ្លូវ​លេខ​៤៨៨ ឆ្ពោះទៅរង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ឆ្ពោះទៅ​ផ្លូវ​លេខ​២៧១ សំដៅ​ទៅ​ផ្លូវ​លេខ​៣៧១ ឬ​តាម​ផ្លូវ​ផ្សារ​ជីប​ម៉ុងចេញ​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) និង​តាម​មហាវិថី​អ្នកឧញ៉ា​មហាភក្ដី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង (​ផ្លូវ ៣០​ម៉ែត្រ​) ឆ្ពោះទៅ​គោលដៅ​របស់​ខ្លួន ។​

-ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​គោលដៅ​ផ្លូវជាតិ​លេខ​១
ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ឬ​ទៅ​ខេត្តកណ្តាល សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ត្រូវធ្វើ​ដំណើរ
តាម​មហាវិថី​ព្រះ​នរោត្តម ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់​បត់​ត្រលប់​ក្រោយ​រួច​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស
ឬ​ធ្វើ​ដំណើរ​តាម​សាឡា​ង​ចម្លង​ពី​កោះ​ពេជ្រ ទៅ​កោះន​រា​តែ​ម្តង ឬ​ពីសា​ឡា​ង​ចម្លង​សណ្ឋាគារ​សុខា
រ៉េ​ស៊ី​ដង់ភ្នំ​ពេញ ទៅ​កោះន​រា នៅ​ពេល​ដែល​សាឡា​ង​ចម្លង​នេះ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ដើម្បី​ធ្វើ
ដំណើរ​ទៅ​គោលដៅ​។

៣-​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រីក​ទ្រូងផ្លូវ​ឱ្យ​ធំ
ជា​បណ្តោះអាសន្ន​សិន ពេល​សំណង់​ស្ពាន​អាកាស​នេះ​ត្រូវ​បាន​បញ្ចប់​ត្រូវ​រៀបចំ​ឱ្យមក​ដូច​ស្ថានភាព
ដើម​វិញ​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស
ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ដោយ​អនុគ្រោះ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌមានជ័យ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕​

    អត្ថបទសរសេរ ដោយ

    កែសម្រួលដោយ