រាជធានីភ្នំពេញ ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះល្បែងប្រជាប្រិយខ្មែរយើងហាក់ដូចជា មិនសូវត្រូវបានគេលើកយកមកលេង នៅអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិដូចកាលពីសម័យដើមប៉ុន្មានទេ។ មូលហេតុមកពីសម័យថ្មីនេះមានធុងបាស់ ចាក់ច្រៀងរាំ ហើយយុវជនមួយចំនួនក៏និយមផឹកស៊ី អំឡុងពេលជួបជុំមិនថានៅភ្នំពេញទីប្រជុំជន ឬក៏នៅតាមស្រុកស្រែចម្ការទីជនបទនោះទេ។
![Picture]()
យ៉ាងណាក៏ដោយ ពេលនេះក្រសួងអប់រំ យវុជន និងកីឡា បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជននាំសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ទន្ទឹមនេះ ក្រសួងក៏បានប្រកាសហាមមិនឱ្យលេងបាញ់ទឹក ជះទឹក និងលាបម្សៅ អំឡុងពេលចូលឆ្នាំនៅខែ មេសាខាងមុខនេះទេ។ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយនេះ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
រូបតំណាងទន្ទឹមនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំឱ្យហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមហានិភ័យអសុវត្ថិភាព និងគ្រោះថ្នាក់ដូចជា ៖ ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។
ចំពោះសេចក្តីណែនាំខាងលើនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រ ហើយសម្តេចតេជោក៏បានអំពាវនាវ សូមឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សធ្វើយ៉ាងណា ផ្ចិតផ្ចង់លើបញ្ហារបាំ និងល្បែងប្រជាប្រិយមួយចំនួន។
![Picture]()
ចំណុចនេះ ជាចំណុចដ៏ល្អដែលយើងត្រូវតែពង្រឹងនូវវប្បធម៌ ប្រពៃណីរបស់ខ្លួនឡើង ។ ត្រង់ចំណុចនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ ងាយនឹងបាត់បង់ណាស់ ប្រសិនបើយើងខ្ជីខ្ជាមិនមែនជាបញ្ហាលេងសើចនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា កាលជំនាន់សម្តេច រៀនពីក្មេង គឺលោកគ្រូ អ្នកគ្រូ បានបង្រៀនឱ្យកូនសិស្សលេងល្បែងកម្សាន្ត ព្រមទាំងល្បែងប្រជាប្រិយនានា។ ប៉ុន្តែសម័យនេះ គឺជាសម័យឌីស្កូ ធ្វើឱ្យយុវ័យចូលចិត្តតែឌីស្កូ ។ ដូច្នេះយើងគួរតែជំរុញឱ្យមានការរៀប ចំលេងល្បែងកម្សាន្ត និងរបាំប្រជាប្រិយខ្មែរ ហើយនៅតាមសាលារៀននានាគួរតែបង្ហាត់បង្ហាញនូវក្បួនខ្នាតលេងល្បែង និងរបាំប្រជាប្រិយដល់សិស្សានុសិស្សឱ្យបានជ្រួតជ្រាបផងដែរ។
រូបតំណាងជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលមាន ពិធីបុណ្យទានផ្សេងៗ គឺតែងតែមានប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅលេងកម្សាន្ត នៅតាមទីវត្តអារាមនានា។ ដូច្នេះគួរគប្បីឱ្យមានការតម្រង់ទិសលើក្បួនខ្នាតរបាំ និងល្បែងប្រជាប្រិយ ព្រមទាំងការលេងរាំងវង់ រាំក្បាច់ សារ៉ាវ៉ាន់ ជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា នៅតាមបណ្តាស្ថានីយទូរទស្សន៍ វិទ្យុក៏អាចជាចំណែកមួយជួយផ្សព្វផ្សាយ ដើម្បីបង្ហាញឈុតឆាកលេងបោះឈូង បោះអង្គុញ ចោលឈូង ព្រមទាំងរបាំប្រជាប្រិយខ្មែរផ្សេងៗទៀតផងដែរ ។ បញ្ហាក្បួនខ្នាតរបស់យើង ក៏ត្រូវបាន ពង្រឹងដែរទីប្រឹក្សារបស់សម្តេចដែលជាសាស្ត្រចារ្យ នៅសាកលវិទ្យាល័យបានឱ្យយោបល់ហើយ ឱ្យធ្វើការភ្លាមជាមួយក្រសួងអប់រំ ហើយក្រសួងអប់រំ ក៏ចេញសេចក្តីណែនាំនេះ។
រូបតំណាងជាការពិត នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺនៅតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក តែងតែមានរៀបចំចម្រៀង របាំ និងល្បែងប្រជាប្រិយ ចាក់ផ្សាយរយៈពេល៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មី។ នៅតាមស្ថាប័នឯកជនជាច្រើន ក៏បានតុបតែង ទទួលឆ្នាំថ្មី ជារោងស្លឹកត្នោត មានរទេះគោ ឬក៏អង្រត់ ជាដើម។ ប៉ុន្តែការជួបជុំលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គុយ ចោលឈូង និងល្បែងប្រជាប្រិយ ជាច្រើនទៀត ហាក់ដូចជា មិនមានសកម្មភាពផុសផុល ដូចការជួបជុំច្រៀងរាំ ចាក់ធុងបាស់ និងជួបជុំផឹកស៊ីគ្រឿងស្រវឹងនោះទេ។
កាលមុន នៅកន្លះខែមុនចូលឆ្នាំ នៅតាមស្រុកភូមិនានា តែងតែជួបជុំគ្នាពេលល្ងាច ឬពេលយប់ លេងល្បែងប្រជាប្រិយ មានដណ្តើមស្លឹកឈើ បោះអង្គុយ ចោលឈូង ទាញព្រ័ត្រ ជាដើម។ ល្បែងប្រជាប្រិយទាំងនេះ ច្រើនលេងនៅតាមវត្តអារាម ពិសេសក្នុងពេលចូលឆ្នាំ។
ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អំឡុងពេលសម័យកាលកាន់តែទំនើបទៅៗល្បែងរបាំប្រជាប្រិយទាំងនេះ ហាក់ដូចជា មិនសូវមានលេងទេ សូម្បីតែក្នុងវត្តអារាម ពេលបុណ្យទាន មិនថា ចូលឆ្នាំ ឬភ្ជុំបិណ្ឌ ឬក៏បុណ្យបញ្ចុះសីមាទេ ច្រើនតែមានភ្លេងចាក់រាំ រហូតដល់មានអកកេះ ច្រៀងរាំ ទ្រហឹងអឺងកងទៅវិញ។
រូបតំណាងថ្មីៗនេះទៀត កាលពីចុងសប្តាហ៍មុន អំឡុងពេលទិវាជាតិអំណាន និងពិព័រណ៍សៀវភៅ នៅសាលាតិចណូ ក្នុងរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២មីនា ឆ្នាំ២០២៣ ក៏មានវង់តន្ត្រី ច្រៀងរាំ ដែលយុវវ័យយើង ចូលរួមសប្បាយលាន់លឺផ្អើលអ្នកដំណើរ ជាជាងការសប្បាយរីករាយនឹងសៀវភៅតាំងបង្ហាញ និងទិវាជាតិអំណានទៅទៀត។
ទម្លាប់សប្បាយតាមបែបទំនើបរបស់យុវជនយើងមួយចំនួន ពិតជាមិនអាចហាមឃាត់ទេ ។ តែយើងក៏ត្រូវតែដឹង និងចេះពីរបាំ និងល្បែងប្រជាប្រិយរបស់ជាតិយើងដែរ។ ទម្លាប់ល្អមួយ ក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលក្រុមយុវជន រៀបចំសង្ក្រាន្តឆ្នាំថ្មី មិនថាក្នុង ព្រឹត្តិការណ៍ធំ នៅខេត្តសៀមរាប និងនៅតាមបណ្តាខេត្តនានានោះទេ។ យ៉ាងហោចណាស់ ក៏បានបង្ហាញយុវជនជំនាន់ក្រោយ ពីរបាំ និងល្បែងប្រជាប្រិយមួយចំនួន។ តែក៏សុំឱ្យការជួបជុំទាំងនោះ កុំនាំគ្នាលេង ប៉ាតម្ស៉ៅ និងបាញ់ទឹក ដែលអាចនាំដល់គ្រោះថ្នាក់ជាយថាហេតុ៕
ចែករំលែកព័តមាននេះ