ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារភាគហ៊ុន​នៅ​អាស៊ី​ធ្លាក់​ចុះ ចំ​ពេល​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​វិបត្តិ​ធនាគារ​សកល

1 ឆ្នាំ មុន

អន្តរជាតិ ៖ ទីផ្សារ​ភាគហ៊ុន​នៅ​ទូ​ទាំង​អាស៊ី បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ ខណៈ​

អន្តរជាតិ ៖ ទីផ្សារ​ភាគហ៊ុន​នៅ​ទូ​ទាំង​អាស៊ី បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ ខណៈ​បញ្ហា​នៅ​ធនាគារ​អន្តរជាតិ​ដ៏​ធំ «Credit Suisse» ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស្វី​ស បាន​បង្កើន​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ឡើង​អំពី​វិបត្តិ​ធនាគារ​សកល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC បាន​ចេញផ្សាយ​។

ស​ន្ទ​ស្សន៍​ហ៊ុន​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន ហុងកុង និង​អូស្ត្រាលី បាន​ធ្លាក់​ចុះ​ជាង ១% ចំ​ពេល​មានការ​ខាតបង់​កាន់តែ​ច្រើន​នៅ​ក្នុង​ភាគហ៊ុន​ធនាគារ ដែល​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន Credit Suisse ដែល​ជា​ធនាគារ​វិនិយោគ​សកល និង​ស្ថាប័ន​សេវាកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ធំ​បាន​ប្រកាស​ថា ខ្លួន​នឹង​ខ្ចីប្រាក់​រហូត​ដល់ ៥៤​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ហិរញ្ញវត្ថុ​របស់​ខ្លួន ខណៈ​ភាគហ៊ុន​ក្នុង​ធនាគារ​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​រក​ឃើញ​ភាព​ទន់ខ្សោយ នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​។

ជាមួយនឹង​វិបត្តិ​នេះ ធនាគារ​អង់គ្លេស​បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន Credit Suisse និង​អាជ្ញាធរ​ស្វី​ស ដើម្បី​តាមដាន​ស្ថានការណ៍​ដ៏​រសើប​នេះ​។

បញ្ហា​នៅ​ក្នុង​វិស័យ​ធនាគារ​បាន​លេចឡើង​នៅ​សហរដ្ឋអាមេរិក កាលពី​ស​ប្តា​ហ៍​មុន ជាមួយនឹង​ការ​ដួល​រលំ​នៃ​ធនាគារ Silicon Valley ដែល​ជា​ធនាគារ​ធំ​លំដាប់​ទី​១៦ របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ ហើយ​២​ថ្ងៃ​ក្រោយមក ក៏​មានការ​ប្រកាស​អំពី​ការ​ដួល​រលំ​នៃ​ធនាគារ Signature ផង​ដែរ​។

លោកស្រី Sayuri Shirai សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ Keio ក្នុង​ទីក្រុង​តូ​ក្យូ បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ថា ការ​អភិវឌ្ឍន៍​នៅ Credit Suisse ត្រូវ​បាន​ពង្រីក​ដោយ​បញ្ហា​ក្នុង​ធនាគារ​តូច​ៗ ខណៈ​ដែល​វិនិយោគិន និង​ម្ចាស់បំណុល​កំពុង​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​។ ធនាគារ​អាច​ទទួល​រង​ពី​ការ​រៃ​អង្គាសប្រាក់ ដែល​នឹង​ប៉ះពាល់​ដល់​ថ្លៃដើម​នៃ​មូលនិធិ​សម្រាប់​សហគ្រាស​ធុន​តូច មធ្យម និង​ការ​ចាប់ផ្តើម​អាជីវកម្ម​ជាស​កល​។

ការ​ដួល​រលំ​នៃ​ធនាគារ Silicon Valley ក៏​បាន​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​តម្លៃ​នៃ​មូល​ប​ត្រ​បំណុល​ដែល​កាន់កាប់​ដោយ​ធនាគារ​ផង​ដែរ ដោយសារ​តែ​ការ​កើនឡើង​នៃ​អត្រា​ការ​ប្រាក់​បាន​ធ្វើ​ឱ្យ​មូល​ប​ត្រ​បំណុល​ទាំងនោះ​មាន​តម្លៃ​ទាប​។ ធនាគារកណ្តាល​ជុំវិញ​ពិភពលោក រួម​ទាំង​ធនាគារកណ្តាល​អា​មេ​រិ​ក និង​ធនាគារកណ្តាល​អង់គ្លេស បាន​បង្កើន​អត្រា​ការ​ប្រាក់​យ៉ាង​ខ្លាំង ដើម្បី​ព្យាយាម​ទប់ស្កាត់​អតិផរណា​។

គួរ​រំលឹក​ថា ធនាគារ Silicon Valley ដែល​ជា​ធនាគារ​ឯកទេស​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា ត្រូវ​បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ ដោយ​និយតករ​សហរដ្ឋអាមេរិក នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា ការ​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ធនាគារ​អា​មេ​រិ​ក​ចាប់តាំងពី​ឆ្នាំ​២០០៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ