ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ឧកញ៉ា​ខ្លះ​កំពុង​រកស៊ី​ឈើ​ឡើង​វិញ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក​ដែល​កន្លង​មក​ធ្លាប់​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​ខុសច្បាប់ ហើយ​ត្រូវ​បាន​គណៈកម្មការ​ថ្នាក់​ជាតិ​រក​ឃើញ​មាន​ឈើ​ខុសច្បាប់​ជិត​១​ម៉ឺន​ម៉ែត្រគូប​នោះ កំពុង​បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ​យ៉ាង​កក្រើក​ឡើង​វិញ​អស់​រយៈពេល​ប្រមាណ​ជា​២​ខែ​មកនេះ ។ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​នេះ ត្រូវ​បាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក និង​អភិបាលខេត្ត​មណ្ឌលគិរី​អះអាង​ថា ជា​ក្រុមហ៊ុន​ស្របច្បាប់​ដោយ​បាន​ទទួល​សិទ្ធ​វិនិយោគ​លើ​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង​៦​ពាន់​ហិ​កតា ក្នុង​ការ​ឈូស​ឆាយដី​ព្រៃ និង​ដឹកឈើ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ដាំ​ដុះ​ដំណាំ​នានា​ដូច​ជា​ស្វាយចន្ទីរ​នោះ​ផង​ដែរ ។

ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​ក៏​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ សឹ​ង្ហ សំ​អុល ហៅ​ឧកញ៉ា អុល ដែល​មាន​ងារ​ជា​ឧកញ៉ា និង​កន្លង​មក​ឧកញ៉ា​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​រកស៊ី​ឈើ​ដ៏​ល្បីឈ្មោះ​ក្នុង​ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ កាលពី​ឆ្នាំ​២០១៦ ។

មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​បង្ហើប​ថា ក្រោយ​ពេល​ដែល​គណៈកម្មការ​ថ្នាក់​ជាតិ​បង្ក្រាប​បាន​ឈើ​ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​នោះ​ឈើ​ខុសច្បាប់​ដែល​មាន​ចំនួន​ជិត​១​ម៉ឺន​ម៉ែត្រគូប​បាន​ដេញថ្លៃ​លក់​ចេញ​ដើម្បី​យក​ថវិកា​រដាក់​ចូល​កញ្ចប់​ថវិការ​រដ្ឋ ហើយ​ត្រូវ​បាន​ឧកញ៉ា​អ៊ឹ​ង ស៊ី​តាត​វី​រះ ដេញថ្លៃ​បាន​រួច​ក៏​ប្រមូល​ឈើ​ទាំងនោះ​ចេញពី​ទីតាំង​ក្រុមហ៊ុន​អស់​មួយ​រយៈ​ធំ​ទៅ​ហើយ ។ ប៉ុន្តែ​សព្វថ្ងៃ​ក៏​គេ​នៅ​តែ​ឃើញ​មាន​វត្តមាន​រថយន្ត​កែ​ច្នៃ​ដឹកឈើ​ចូល​ក្រុមហ៊ុន និង​មាន​រថយន្ត​យី​ឌុ​ប​ចាំ​ដឹក​ញ្ជូ​ន​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ ។ ជុំវិញ​ព័ត៌មាន​នៃ​ការ​ដឹកឈើ​ចូល​ក្នុង​ទីតាំង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​នោះ​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​លោក ហាន សា​ខន បាន​ថ្លែង​បដិសេធ​ថា ពុំ​មាន​ករណី​ដូច្នេះ​នោះ​ទេ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក កែវ សុភ​គ៌ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​នោះ​ទេ ។ ដោយឡែក​លោក គង់ វី​រៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ជា​ក្រុមហ៊ុន​មានច្បាប់​វិនិយោគ​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ​ហើយ​មុន និង​ដឹកឈើ​ចេញ​តាម​រយៈ​រថយន្ត​យី​ឌុ​ប​គឺ​មានការ​ចេញ​ប័ណ្ណដឹកជញ្ជូន​ត្រឹមត្រូវ ពុំ​មាន​ដឹកឈើ​ខុស ច្បាប់​នោះ​ទេ ។ ដោយ​ម្ចាស់​ក្រុមហ៊ុន​ជា​ឧកញ៉ា សឹ​ង្ហ សំ​អុល ។ លោក ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្តមណ្ឌលគិរី​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ថ្លែង​មិន​ស្វាគមន៍​ចំពោះ​ការ​ទំនាក់ទំនង​របស់​អ្នកកាសែត​នោះ​ឡើយ ។ ដ្បិត​លោក​មាន​ប្រសាសន៍​ថា ចង់​សួរ​អ្វី​ចាំ​ជួប​លោក នៅ​ហាង​កាហ្វេ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លើ​ទំហំ​ផ្ទៃដី​ជាង​៦​ពាន់​ហិ​កតា​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទីរ និង​មាន​សិទ្ធ​ពី​ក្រសួងកសិកម្ម​លើ​ការ​កាប់ និង​ឈូស​ឆាយដី​ព្រៃ​ក្នុង​តំបន់​ដែល​ក្រុមហ៊ុន​កាន់កាប់​ដើម្បី​ដឹក​ចេញ​បង់ពន្ធ​ជូន​រដ្ឋ ។ លោក​បន្ត​ថា ចំពោះ​ការ​ដឹកឈើ​ពី​មុន​នោះ​ជា​ឈើ​ដែល​ឧកញ៉ា អ៊ឹ​ង ស៊ី​តាត​វិ​រះ ហៅ​ឧកញ៉ា ល័​ក្ខ ដេញថ្លៃ​ពី​គណៈកម្មការ​បាន​ទាំង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ ខេ​សាន់ និង​ក្រុមហ៊ុន​ដទៃ​ជិត​៧​ម៉ឺន​ម៉ែត្រគូប ពោល​គឺ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​នេះ តែ​ឈើ​ទាំងនោះ​គឺ​ចប់​១​វគ្គ​ហើយ ។​លោក​អភិបាលខេត្ត​បញ្ជាក់​ថា នៅ​ករណី​ក្រុមហ៊ុន​ខាងលើ​សូម​បន្ត​សាកសួរ​ទៅ​មន្ទីរ​កសិកម្ម​រុក្ខា ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត ព្រោះ​មន្ទីរ​មាន​កាតព្វកិច្ច​រឿង​នេះ ។

មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី​ដែល​បានដឹង​ពី​ព្រឹ​ត្ត​ការ​ណ៏​នៃ​យុ​ទ្ឋ​នា​ការ​បង្ក្រាប​ឈើ​របស់​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​បង្ការ​បង្ក្រាប និង​ទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តម​សេនី​យ៏ សៅ សុខា កាលពី​អំឡុង​ឆ្នាំ​២០១៦ និង​បាន​រក​ឃើញ​ឈើ​ខុសច្បាប់​រាប់​ម៉ឺន​ម៉ែត្រគូប​នា​ពេល​នោះ​បាន​លើក​ឡើង​ថា ករណី​នៅ​ឆ្នាំ​២០១៦​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ក្រុម​ថៅកែ ឬ​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ពី​សកម្មភាព​ឃុបឃិត​កាប់​បំផ្លាញ​ឈើ​យ៉ាង​រង្គាល​ផង ឥឡូវ​ស្រាប់តែ​មាន​សកម្មភាព​ថ្មី​គឺ​សកម្មភាព​ដឹកឈើ​កាប់​ឈើ​ពេញ​ព្រៃ​នៃ​ខេត្តមណ្ឌលគិរី​ឡើង​វិញ ។ 

សូម​រំ​ឮ​កថា កាលពីដើម​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចំនួន​៥ ត្រូវ​បាន​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​រក​ឃើញ​ថា មាន​ផ្ទុក​ឈើ​ខុសច្បាប់​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន ប៊ិ​ញ​ភ្វឿ​ក​១ ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ។ របាយការណ៍​នៃ​ចំនួន​ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ មាន​ឈើ​ខុសច្បាប់​ចំនួន ៤ ៣៨៤,៧១៤​ម៉ែត្រគូប​, ឈើ​ក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ជាង​១​ម៉ឺន​ម៉ែត្រគូប​, ក្រុមហ៊ុន​ដាយ​ថា​ន់ ឈើ​ខុសច្បាប់​ជាង​១​ម៉ឺន​ម៉ែត្រគូប​, ក្រុមហ៊ុន យូ​នី​គ្រី​ន​ជាង​១​ពាន់​ម៉ែត្រគូប និង​ក្រុមហ៊ុន​ម៉ា​ស្ទើរ​ខេ​សាន់ ជិត​១​ម៉ឺន​ម៉ែត្រគូប ។ ហើយ​ថ្មី​ៗ​នេះ​ក៏​លេចមុខ​ឧកញ៉ា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នា​ឆ្នាំ​២០១៦ ចេញ​មក​រកស៊ី និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ជា​ពិសេស​មន្ត្រី​ជំនាញ​ព្រៃឈើ​ដើម្បី​បន្តសកម្មភាព​ចាស់​របស់​ខ្លួន​ឡើង​វិញ ព្រោះ​បាន​ខាតបង់​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ម្យ៉ាង​ដើម្បី​បាន​ស្រង់​ដើម​ដាក់​ខោ​ប៉ៅ​វិញ​ខ្លះ ៕