ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ចិន​កើនឡើង​ធ្វើ​ឱ្យ​ទុរេន និង​ស្រកានាគ​វៀតណាម​ប្រឈម​នឹង​ការ​ផ្គត់ផ្គង់​លើស​កម្រិត

1 ឆ្នាំ មុន

វៀតណាម ៖ ផ្លែ​ស្រកានាគ​របស់​វៀតណាម កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ

វៀតណាម ៖ ផ្លែ​ស្រកានាគ​របស់​វៀតណាម កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ស្រប​ពេល​ដែល​តម្លៃ​ផ្លៃ​ទុរេន​ទំនងជា​នឹង​ធ្លាក់​ចុះ ខណៈ​ប្រទេស​ចិន ដែល​ជា​ប្រទេស​នាំ​ចូល​ផ្លែ​ឈើ​ច្រើន​ជាងគេ​ក្នុង​តំបន់ បន្ត​កើនឡើង​នូវ​ចំនួន​ទិន្នផល​នៃ​ដំណាំ​ផ្លែ​ឈើ​២​ប្រភេទ​នេះ​។

កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ ប្រទេស​ចិន​បាន​ប្រកាស​ថា ទិន្នផល​ផ្លែ​ស្រកានាគ​របស់​ខ្លួន​បាន​កើនឡើង​រហូត​ដល់ ១,៦​លាន​តោន​ក្នុង​មួយ​ឆ្នាំ ពោល​គឺ​ខ្ពស់​ជាង​ទិន្នផល​របស់​វៀតណាម ដែល​មាន​ត្រឹមតែ ២០​ម៉ឺន​តោន​ប៉ុណ្ណោះ​។

យោង​តាម​ស្ថិតិ​គយ​ចិន​បង្ហាញ​ថា តម្រូវការ​ផ្លែ​ស្រកានាគ​របស់​ចិន​មាន​ចំនួន​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ ចំណែក​ទាក់ទិន​នឹង​ផ្លែ​ទុរេន ចិន​បាន​នាំ​ចូល​ជាង​៨០​ម៉ឺន​តោន ដែល​មាន​តម្លៃ​ប្រមាណ​៤​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ ទំនងជា​នឹង​នាំ​ចូល​តិច​ជាង​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​បន្ទាប់​ពី​ការ​ពិសោធន៍​បរាជ័យ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នោះ ទីបំផុត​កសិករ​ចិន​បាន​ដាំ​ដុះ​ផ្លែ​ឈើ​ទាំងនេះ​ដោយ​ជោគជ័យ នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​របស់​ខ្លួន​។

បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិច​ចិន ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ហៃ​ណា​ន​បាន​រាយការណ៍​ថា ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​ចិន កំពុង​ដាំ​ដុះ​ទុរេន​ជាង ២​ពាន់​ហិ​កតា​ដែល​ស្មើនឹង ៤៥,០០០-៧៥,០០០​តោន​នៃ​ផ្លែ​ឈើ​ដែល​បាន​រំពឹង​ថា នឹង​លក់​នៅ​ឆ្នាំ​២០២៤​។ ខណៈ​ដែល​តាម​គម្រោង ការ​ដាំ​ដុះ​ផ្លៃ​ទុរេន​ក៏​នឹង​ត្រូវ​ពង្រីក​ទៅ​កាន់​ភាគ​ខាងជើង​ផង​ដែរ​។

ប្រហែលជា ៩០% នៃ​ផលិតផល​កសិកម្ម​សំខាន់​ៗ​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ ដូច្នេះ​ដោយសារ​ផែនការ​នៃ​ការ​ធានា​ការ​ផ្គត់ផ្គង់​កសិផល​ក្នុងស្រុក​របស់​ចិន កំពុង​ធ្វើ​ឱ្យ​មុខទំនិញ​កសិកម្ម​សំខាន់​ៗ​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​។

យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម​បាន​បង្ហាញ​ថា ៩០% នៃ​ផ្លែ​ស្រកានាគ​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក Tran Ngoc Hiep នាយក​ក្រុមហ៊ុន​ដាំ​ដុះ​ផ្លៃ​ស្រកានាគ Hoang Hau Dragon Fruit ស្ថិត​ក្នុង​ខេត្ត Binh Thuan បាន​ថ្លែងប្រាប់​សារព័ត៌មាន VnExpress ថា ការ​នាំ​ចេញ​ស្រកានាគ​របស់​វៀតណាម​ទៅ​ប្រទេស​ចិន​ក្នុង​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​រួច​ទៅ​ហើយ ក្រោម​ទម្ងន់​នៃ​ការ​កើនឡើង​ការ​ផ្គត់ផ្គង់​ទៅ​ភាគ​ខាងជើង​។

លោក​បាន​បន្ថែម​ទៀត​ថា កាលពី​ឆ្នាំ​មុន ប្រទេស​ចិន​បាន​នាំ​ចូល​ផ្លែ​ស្រកានាគ​របស់​វៀតណាម​ជាង ៣០០​កុងតឺន័រ​ជា​រៀងរាល់ថ្ងៃ តាម​ច្រកព្រំដែន​ភាគ​ខាងជើង​។ ប៉ុន្តែ​តួលេខ​ឥឡូវនេះ គឺ​មាន​មិន​ដល់​១០០​កុងតឺន័រ​នោះ​ទេ​។

បច្ចុប្បន្ន​តម្លៃ​ផ្លែ​ស្រកានាគ​របស់​វៀតណាម នៅ​តែ​ខ្ពស់​ដោយសារ​កសិករ​ក្នុងស្រុក​អាច​ដាំ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ នៅ​ក្រៅ​រដូវ​បាន​។ ប៉ុន្តែ​នៅ​ពេល​ដែល​ផ្លែ​ស្រកានាគ​របស់​ចិន​ដាំ​ក្នុង​រដូវ​ចាប់ពី​ខែមីនា​ដល់​ខែកញ្ញា​នោះ ស្រកានាគ​វៀតណាម​នឹង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ និង​ការ​ធ្លាក់​ចុះ​តម្លៃ​។

ជាមួយ​គ្នា​នោះ ប្រសិនបើ​គុណភាព​ផ្លែ​ឈើ​វៀតណាម​មិនល្អ​ប្រសើរ​ឡើង​នោះ​ទេ ពួក​គេ​នឹង​បាត់បង់​ទីផ្សារ​ប្រទេស​ចិន ខណៈ​ដែល​ទុរេន​វៀតណាម ក៏​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ទុរេន​ថៃ និង​ម៉ា​ឡេ​ស៊ី​ផង​ដែរ នៅ​ក្នុង​ទីផ្សារ​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ