ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់…ចាញ់ល្បែងអស់លុយពីខ្លួនកុហកថាចោរមកភ្ជង់ប្លន់អស់

6 ឆ្នាំ មុន

ខេត្តកំពង់ចាម៖ បុរសម្នាក់បានចាញ់ល្បែងអស់លុយពីខ្លួនក៏បានប្រឌិតរឿងថា

ខេត្តកំពង់ចាម៖   បុរសម្នាក់បានចាញ់ល្បែងអស់លុយពីខ្លួនក៏បានប្រឌិតរឿងថា មានក្រុមចោរចំនួន៣នាក់ជិះម៉ូតូ១គ្រឿងមានអាវុធមកភ្ជង់ប្លន់យករបស់ទ្រព្យអស់ជាច្រើននៅត្រង់ចំណុចក្បាលស្ពានកោះប៉ែន ក្នុងភូមិកំពង់ត្រុំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម ។ ហេតុការណ៏នោះបានកើតឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ បង្កឲ្យសមត្ថកិច្ចមានបានចុះទៅស្រាវជ្រាវជាបន្ទាន់តាមរកចាប់ជនសង្ស័យ ។

លោកឧត្តមសេនីយ៏ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌខេត្តប្រាប់ឲ្យដឹងថា ក្រោយពីទទួលបាននូវព័ត៌មាននេះរូបលោកបានរាយការណ៏ទៅលោកស្នងការនគរបាលខេត្ត ហើយក៏បានចាត់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ចុះទៅជាបន្ទាន់ដែលមានកម្លាំងជាច្រើននាក់ដោយមានការឡោមព័ទ្ធតាមគោលដៅសំខាន់ជាច្រើន តែមិនបានជួបប្រទះឃើញជនណាម្នាក់គួរឲ្យសង្ស័យនោះទេរហូតដល់យប់ជិតកណ្តាលអធ្រាត្រថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។ 

លោកបានបន្តថា ក្នុងពេលដំបូងនោះជនឈ្មោះ ស្រី រី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានប្រាប់សមត្ថកិច្ចថា របស់ទ្រព្យដែលរូបគេបានបាត់បង់មានដូចជា លុយ​៥០០ដុល្លារ ទូរស័ព្ទដៃ៣គ្រឿង ខ្សែ.កមាស់២ជី ចិញ្ចៀនផ្លាកទីន១វង់ លិខិតឆ្លងដែន១សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក សៀវភៅធនាគារ១ក្បាល និងកាត ATM ១សន្លឹក ។ មុននឹងមានហេតុការណ៏ជននេះប្រាប់ថា ដំបូងមានស្រ្តីម្នាក់បានទូរស័ព្ទមករូបគេ ដើម្បីណាត់ជួបត្រង់ចំណុចក្បាលស្ពានកោះប៉ែន នៅវេលាម៉ោងជាង៨យប់ស្របពេលដែលរូបគេទៅដល់ទីនោះក៏មានក្រុមចោរចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក C125 មកភ្ជង់ប្លន់យករបស់ទ្រព្យទាំងនេះ ។ សូម្បីតែលេខទូរស័ព្ទរបស់ខ្លួនក៏មិននឹងស្គាល់ថែមទៀត ហើយបានធ្វើឲ្យសមត្ថកិច្ចចេះតែមានការសង្ស័យឡើងៗ ថាអាចជាល្បិចរបស់ជនរូបនេះ ។

លោកឧត្តមសេនីយ៏ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានធ្វើការសួរនាំបន្ថែម ហើយនៅទីបំផុតជនឈ្មោះ ស្រី រី ក៏បានឆ្លើយសារភាពថា រូបគេបានចាញ់ល្បែងអស់លុយ ដោយហេតុតែខ្លាចម្តាយឪពុកស្តីបន្ទោសក៏ប្រឌិតរឿងបែបនេះតែម្តងទៅ ៕