រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅកម្ពុជា គ្មានករណីអស្ថេរភាពដោយសារបាត់បង់នាយករដ្ឋមន្ត្រី នៅពេលណាមួយនោះទេ ដោយសារ ច្បាប់រដ្ឋធម្មនុញ្ញមានចែងច្បាស់ហើយ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លើកឡើងថា មានរដ្ឋមន្ត្រីមួយរូប ជាស្ត្រីបាននិយាយថា ជួបប្អូនប្រុស គឺសប្បាយ ប៉ុន្តែបែកពីឪពុក ក៏លំបាក អ៊ីចឹងមានន័យថា ម្ខាងគាត់ចង់បានអ្នកជំនាន់ក្រោយ ធ្វើជានាយករដ្ឋមន្ត្រី តែម្ខាងទៀត គាត់ធ្លាប់សេចក្តីសុខ ធ្វើការជាមួយគាត់ ក៏ស្តាយស្រណោះ ។
សម្តេចតេជោ បានលើកឡើងថា ទោះបីជាឈប់នាយករដ្ឋមន្ត្រី ក៏មិនទៅណាឆ្ងាយនោះទេ។ ចំណុចនេះ ត្រូវបានសម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «យើងមិនទៅណាឆ្ងាយនោះទេ មានន័យថា យើងមានខ្សែក្រវ៉ាត់ពីជាន់ គឺមានន័យថា ខាងមុខមានក្មេង គេកាន់អំណាចខាងក្រោយ មានចាស់ទុំ ដែលនៅទ្រង់ទ្រងខ្សែក្រវ៉ាត់ ដូច្នេះវាមាំណាស់។ អត់មានអស្ថេរភាពនយោបាយដោយសារតែបាត់បង់ជីវិតនាយករដ្ឋមន្ត្រី ឬរបស់អ្នកណាទេ ពិសេសនោះបាត់បង់ជីវិតនាយករដ្ឋមន្ត្រី តែម្តង» ។
សម្តេចបន្ថែម បើសិនមានការបាត់បង់ជីវិតនាយករដ្ឋមន្ត្រី គឺមានករណីមានគ្រោះថ្នាក់ណាស់ តែយើងបានកែ វិសោធនកម្មរដ្ឋធម្មនុញ្ញ កន្លងមកនេះ ដោយសារពីមុននៅក្នុងរដ្ឋធម្មនុញ្ញមិនបានកំណត់នោះទេ។ ដោយបានចែងត្រង់យ៉ាងច្បាស់ថា «ក្នុងករណីតំណែងនាយករដ្ឋមន្ត្រី នៅជាស្ថាពរ គណៈរដ្ឋមន្ត្រីត្រូវរៀបចំឡើងវិញ»។ អ៊ីចឹងមានន័យថា ពេលនាយករដ្ឋមន្ត្រីស្លា.ប់ ឬលាលែងដំណែង គណៈរដ្ឋមន្ត្រីទាំងមូលត្រូវរលាយ តែម្តង។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចបានបញ្ជាក់ថា ៖ «តែយើងបានធ្វើវិសោធនកម្មវិញថា បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរ ជាស្ថាពរ ទៅតាមករណីស្លា.ប់នោះ ខ្ញុំបានចេញសេចក្តីសម្រេចឲ្យឧបកនាយករដ្ឋមន្ត្រីរូបណា ធ្វើជានាយករដ្ឋមន្ត្រីស្តីទី។ អ៊ីចឹង នាយករដ្ឋមន្ត្រីស្តីទី ត្រូវដឹកនាំរដ្ឋាភិបាលរហូតដល់ជ្រើសរើសរៀបចំគណៈរដ្ឋមន្ត្រីមួយថ្មី។ ចំណែកក្នុងករណីនាយករដ្ឋមន្ត្រីលាលែងពីតួនាទី នាយករដ្ឋមន្ត្រី ដែលលាលែងនេះ ក៏នៅតែទទួលខុសតួនាទីរហូតដល់គណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំឡើងវិញ។ ដោយឡែង ចំពោះគណៈរដ្ឋមន្ត្រី ដែលត្រូវទម្លាក់ដោយរដ្ឋសភា នៅពេលមុនគណៈរដ្ឋមន្ត្រី ដែលត្រូវទម្លាក់ដោយរដ្ឋសភានោះ ក៏ត្រូវទទួលខុសត្រូវគណៈរដ្ឋមន្ត្រីដែរ» ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ការធ្វើបែបនេះ ត្រូវបានក្រុមប្រឆាំងចោទថា បានរដ្ឋប្រហារធម្មនុញ្ញទៅវិញ «អានេះនិយាយឲ្យតែបានលឺ» តែអ្វីដែលយើងរៀបចំនេះ ដើម្បីកុំឲ្យមានវិបត្តិ ព្រោះច្បាប់អត់បានចែងទេ។ គឺច្បាប់ដើម ចែងតែថា «ក្នុងករណី ដែលនាយករដ្ឋមន្ត្រីទំនេរម្តងម្កាល គឺត្រូវមាននាយករដ្ឋមន្ត្រីស្តីទី ប៉ុន្តែបើតំណែងនាយករដ្ឋមន្ត្រី នៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយ ត្រូវរៀបចំឡើងវិញ។ អ៊ីចឹងមានន័យថា បើអត់មាននាយករដ្ឋមន្ត្រីភ្លាម អ្វីអត់ដំណើរទាំងអស់តែម្តង។ តែឥឡូវអត់មានទេ គឺបើនាយករដ្ឋមន្ត្រីស្លា.ប់ គឺត្រូវតែមានឧបកនាយករដ្ឋមន្ត្រីណាមួយ ដែលនាយករដ្ឋមន្ត្រី បានតម្រូវឲ្យថា បើអត់ពីនាយករដ្ឋមន្ត្រីទៅ គឺឧបកនាយករដ្ឋមន្ត្រីណាមួយ ត្រូវធ្វើនាយករដ្ឋមន្ត្រីស្តីទី ហើយបើអ្នកលាពីតំណែង ត្រូវបានគណៈរដ្ឋមន្ត្រីត្រូវបានរៀបចំ៕

ចែករំលែកព័តមាននេះ