ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង គូ​ម៉ា ចេញ​មុខ​ឆ្លើយ​តប​ការ​រិះគន់​រឿង​មិន​អើពើ​ជួយ​អ្នក​កាន់​កាមេរ៉ា​ដែល​ធ្លាក់​ពី​លើ​​ឆាក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​មាន​រូបភាព​វី​ដេ​អូ​បង្ហាញ​ពី​អ្នក​កាន់​កាមេរ៉ា​ថត​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ដែល​បាន​ធ្លាក់​ពីលើ​ឆាក ខណៈ​ពេល​កំពុង​ថត​ការ​ឡើង​បកស្រាយ​បទ​ចម្រៀង​ពី​តារាចម្រៀង​លោក គូ​ម៉ា ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ខណៈ​ពេល​ដែល​សកម្មភាព​នោះ ក៏​មាន​មតិ​រិះគន់​ទៅ​កាន់​តារាចម្រៀង​នេះ​ជា​ច្រើន​ផង​ដែរ​។ ការ​រិះគន់​នោះ គឺ​ពួក​គេ​ខ្លះ​បាន​នាំ​គ្នា​ធ្វើការ​ស្តីបន្ទោស​ទៅ​កាន់​លោក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​មាន​រូបភាព​វី​ដេ​អូ​បង្ហាញ​ពី​អ្នក​កាន់​កាមេរ៉ា​ថត​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ដែល​បាន​ធ្លាក់​ពីលើ​ឆាក ខណៈ​ពេល​កំពុង​ថត​ការ​ឡើង​បកស្រាយ​បទ​ចម្រៀង​ពី​តារាចម្រៀង​លោក គូ​ម៉ា ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ខណៈ​ពេល​ដែល​សកម្មភាព​នោះ ក៏​មាន​មតិ​រិះគន់​ទៅ​កាន់​តារាចម្រៀង​នេះ​ជា​ច្រើន​ផង​ដែរ​។ ការ​រិះគន់​នោះ គឺ​ពួក​គេ​ខ្លះ​បាន​នាំ​គ្នា​ធ្វើការ​ស្តីបន្ទោស​ទៅ​កាន់​លោក គូ​ម៉ា ថា មិន​ព្រម​ជួយ​ដល់​អ្នក​កាន់​កាមេរ៉ា​ដែល​បាន​ធ្លាក់​នៅ​នឹង​មុខ​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​បែរជា​បន្ត​ការ​ច្រៀង ដោយ​ហាក់​មិន​មានរឿង​អ្វី​កើត​ឡើយ​។

យ៉ាងណា ជុំវិញ​មតិ​រិះគន់​ទាំង​អស់នេះ តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន លោក គូ​ម៉ា ក៏​បាន​ចេញ​មុខ​ធ្វើការ​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​ផង​ដែរ ដោយនៅ​ក្នុង​នោះ លោក​បាន​ចាត់​ទុក​ការ​រិះគន់​នេះ គឺ​កើត​ចេញ​ដោយសារ​តែ​ការ​មិនដឹង​រឿង​ច្បាស់ នៅ​ក្នុង​ពេល​ដែល​លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ចំពោះ​ការ​រិះគន់​មួយ​នេះ ព្រោះ​វា​កើត​ចេញពី​ការ​អាណិត​ស្រឡាញ់​ពី​មហាជន​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម TiKToK តារាចម្រៀង​លោក គូ​ម៉ា បាន​លើក​ឡើង​ថា វី​ដេ​អូ​ដែល​មហាជន​បានឃើញ​នេះ គឺជា​វី​ដេ​អូ​ដែល​លោក​បាន​ទៅ​សម្តែង​នៅ​ក្នុង​ខេត្តបាត់ដំបង​កាលពី​ពេល​ថ្មី​ៗ​នេះ​។ លោក​បញ្ជាក់​ថា តាម​រយៈ​រូបភាព​វី​ដេ​អូ​នេះ ក៏​មាន​ឃើញ​មតិ​លើក​ឡើង​ខុស​ៗ​គ្នា ដោយនៅ​ក្នុង​នោះ​ក៏​មាន​មតិ​រិះគន់​មក​លើ​រូប​លោក​ថា ហេតុ​អ្វី​មិន​ព្រម​ជួយ​គាត់ (​អ្នក​កាន់​កាមេរ៉ា​)​? ហើយ​ហេតុ​អ្វី​បានជា​លោក​មិន​ព្រម​ឈប់​ច្រៀង​សិន? និង​មាន​មតិ​លើក​ឡើង​មួយ​ចំនួន​ទៀត ដែល​លើក​ឡើង​មក​លើ​រូប​លោក​។

លោក​បន្ថែម​ថា មតិ​ទាំង​អស់នោះ លោក​ពិតជា​មានចិត្ត​សប្បាយ​រីករាយ ដោយសារ​មតិ​ពួក​គាត់​នា​ពេល​នេះ គឺ​បង្កប់​ដោយ​ក្តី​ស្រឡាញ់ និង​បង្កប់​នូវ​ភាព​ចង់​ជួយ នៅ​ពេល​ឃើញ​សកម្មភាព​ក្រុមការងារ​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ​។

យ៉ាងណា​ម៉ិ​ញ បើ​តាម​លោក គូ​ម៉ា ថា រឿងហេតុ​នេះ គឺ​បងប្អូន​ខ្លះ​ពួក​គាត់​មិន​ទាន់​ដឹង​រឿង​ច្បាស់ ដែល​បាន​កើតឡើង​នា​ពេល​យប់​នោះ ហេតុនេះ​លោក​ក៏​បាន​ធ្វើ​ជា​វី​ដេ​អូ​នេះ ដើម្បី​បកស្រាយ​រឿងហេតុ​ខាងលើ​ឲ្យ​បងប្អូន​បាន​យល់​ច្បាស់​។ តារាចម្រៀង​លោក គូ​ម៉ា បាន​លើក​ឡើង​ថា ការ​ពិត​រូប​លោក​ក៏​មិន​ខុស​ពី​បងប្អូន​ទាំងអស់​គ្នា​ដែរ នៅ​ពេល​ដែល​ឃើញ​ក្រុមការងារ​អ្នក​កាន់​កាមេរ៉ា​ធ្លាក់​ពីលើ​ឆាក​ភ្លាម គឺ​អារម្មណ៍​របស់​លោក​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង​។ ​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ធ្លាក់​ពីលើ​ឆាក​ភ្លាម ក៏​មាន​ក្រុមការងារ​ចំនួន​៤​ទៅ​៥​នាក់​បាន​ស្ទុះ​មក​ជួយ​គាត់ ហើយ​ការ​ប្រគំ​តន្ត្រី​នា​យប់​នោះ គឺជា​ការ​ប្រគំ​តន្ត្រី​ដែល​មានការ Live ផ្ទាល់ អ​ញ្ចឹ​ង​ក្រុមការងារ​ក៏​គាត់​បាន​ឲ្យ​សញ្ញា​មក​លោក ឲ្យ​បន្ត​ការ​សម្តែង​ទៀត ទាំង​អារម្មណ៍​លោក​នៅ​តែ​មាន​ភាព​ច្របូកច្របល់​គិតដល់​រឿងហេតុ​កើតឡើង​នេះ​។

លោក​បន្ថែម​ថា រហូត​ពេល​លោក​សម្តែង​ចប់ លោក​ក៏​បាន​សំដៅ​ទៅ​រក​ស្តង់​ដែល​ក្រុមការងារ​កំពុង​សម្រាក ហើយ​លោក​ក៏​បានឃើញ​ក្រុមការងារ​ជា​ច្រើន​នាក់​កំពុង​តែ​យកចិត្តទុកដាក់ និង​សួរនាំ​ពី​ស្ថានភាព​គាត់​នា​ពេល​នោះ​។ ដោយសារ​ស្ថានភាព​គាត់​នៅ​មានការ​ឈឺចង្កេះ​នោះ​ក្រុមការងារ​ក៏​បញ្ជូន​គាត់​មក​សម្រាក​នៅ​ក្រោយ​ឆាក ហើយ​អំឡុង​ពេល​នោះ លោក​ក៏​បាន​ផ្លាស់​សម្លៀក​បំពាក់ ហើយ​ដើរទៅ​សួរ​គាត់​ដោយ​ផ្ទាល់មាត់​ម្តងទៀត​នៅ​ទីកន្លែង​ដែល​គាត់​កំពុង​សម្រាក​ដែរ​។

លោក​បញ្ជាក់​ថា លោក​ក៏​បាន​ទៅ​សួរសុខទុក្ខ​គាត់​ផ្ទាល់មាត់​ម្ដងទៀត​ថា គាត់​យ៉ាងម៉េច​ទៅ​ហើយ ដួល​អម្បាញ់មិញ​នឹង​មាន​ប៉ះ​កន្លែង​ណាខ្លះ​ដែរ​ឬទេ? មាន​ត្រូវ​ខាង​ផ្នែក​ក្បាល​ដែរ​ឬ​អត់ ឬ​មួយ​ក៏​ឈឺ​កន្លែង​ណាខ្លះ?។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ឈឺចង្កេះ ហើយ​គាត់​បែក​បបូរមាត់​។ អំឡុង​ពេល​នោះ លោក​ក៏​បាន​និយាយ​លើកទឹកចិត្ត​គាត់ ហើយ​លោក​ក៏​បាន​ផ្តល់​ជា​ថវិកា​ខ្លះ​សម្រាប់​គាត់​ផង​ដែរ ខណៈ​ពេល​ក្រោយ​ហេតុការណ៍​បាន​កើតឡើង គឺ​មិនមែន​មាន​តែ​លោក​ឡើយ ពោល​គឺ​ក្រុមការងារ​ទាំងអស់ មានការ​យកចិត្តទុកដាក់​គាត់​យ៉ាង​ខ្លាំង​។

លោក គូ​ម៉ា បន្ថែម​ទៀត​ថា រហូត​ពេល​លោក​មក​ដល់​ភ្នំពេញ​ហើយ​នោះ លោក​ក៏​នៅ​តែ​ចង់​ដឹង​ពី​ស្ថានភាព​របស់​គាត់​ដដែល ហើយ​ក្រុមការងារ​ក៏​បាន​យក​គាត់​មក​ពិនិត្យ និង​ថត​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា គាត់​មានការ​ប៉ះពាល់​ក្បាល ឬ​បាក់ឆ្អឹង​ត្រង់​ណា​ដែរ​ទេ?​។ លោក​បញ្ជាក់​ថា ជា​ដំណឹង​ដ៏​ល្អ គាត់​មិន​មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ដោយ​គាត់​គ្រាន់តែ​នៅ​ឈឺ​កន្លែង​ខ្លះ​ដែល​គាត់​បាន​ដួល​តែ​ប៉ុណ្ណោះ ហេតុនេះ​សូម​បងប្អូន​យល់​ពី​ហេតុការណ៍​មួយ​នេះ​។

ជា​ចុង​ក្រោយ លោក​បាន​លើក​ម្រាមដៃ​១០ រួច​និយាយ​បន្ត​អោយ​ដឹង​ទៀត​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​អគុណ​ខ្លាំង​មែនទែន ចំពោះ​មតិ​រិះគន់ ក៏​ដូច​ជា​មតិ​ឈឺឆ្អាល​ក្នុង​ការ​ឃើញ​នៅ​ហេតុការណ៍​បែប​នេះ​កើតឡើង ដែល​បាន​បញ្ជាក់​ពី​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​ក្នុង​នាម​ជា​ខ្មែរ យើង​បារម្ភ យើង​ស្រលាញ់​ជនជាតិ​យើង​ដូច​គ្នា នៅ​ពេល​ដែល​មាន​បញ្ហា​យើង​ត្រូវ​ចេះ​ជួយ​គ្នា នៅ​ពេល​ដែល​ខ្ញុំ​បានឃើញ​បងប្អូន​មាន​អារម្មណ៍​បែប​នឹង គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ខ្លាំង​មែនទែន អ​ញ្ចឹ​ង​ខ្ញុំ​សូម​អគុណ​សម្រាប់​មតិ​រិះគន់ ក៏​ដូច​ជា​មតិ​ស្ថាបនា​ផ្សេង​ៗ»​។

គួរ​រំលឹក​ថា គូ​ម៉ា រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​ឃើញ​ក្រុមការងារ​ធ្លាក់​ពីលើ​ឆាក​មិន​ជួយ បែរជា​ឈរ​ច្រៀង​ធ្វើ​ព្រងើយ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ