ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​គ្មាន​ជំនួយ​ពី​បរទេស ការ​បោះ​ឆ្នោត​ឆ្នាំ​2018​​នៅ​តែ​ដំណើរការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​ស្ថានការណ៍​នយោបាយ​ជាតិ​មួយ​ចំនួន​បាន​កើតឡើង​ ដូច​ជាការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ ទោះបី​ស្ថានការណ៍​នយោបាយ​ជាតិ​មួយ​ចំនួន​បាន​កើតឡើង​ ដូច​ជាការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​មួយ​ចំនួន និង​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​បរទេស ក៏​អ្នកនាំពាក្យ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)លោក ហង្ស ពុទ្ធា អះអាង​ថា មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ ។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា លោក ហង្ស ពុទ្ធា ថ្លែង​ថា  បើ​គ្មាន​ជំនួយ​ពី​បរទេស​តួ យ៉ាង​ដូច​ជំនួយ​ពី​អា​មេ​រិ​ក ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ ពីព្រោះ​ថវិការដ្ឋ​បាន​ត្រៀម​គ្រប់គ្រាន់​រួច​ស្រេច​ហើយ​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ដំណើរការ​បោះ​ឆ្នោត ។

លោក ហង្ស ពុទ្ធា បាន​ថ្លែង​បែប​នេះ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ដំណើរការ​ប្រព្រឹ​ត្តទៅ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​ឆ្នោត​នៅ​តាម​ឃុំ​-​សង្កាត់ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្ដឹង​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​ជម្រាប​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យភាព​របស់​ខ្លួន ជា​រៀង​រាល់​ឆ្នាំ​ពិសេស​ឆ្នាំ​បោះ​ឆ្នោត​តែ​ម្ដង សភា​បាន​សម្រេច​ផ្ដល់​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត ទោះបីជា​អត់​មាន​ជំនួយ​ពី​ណា​មក ក៏​លុយ​របស់​រាជរដ្ឋាភិបាល​គ្រោងទុក​ស្រេច​ហើយ ។ប៉ុន្តែ​បើ​មាន​ជំនួយ​វិញ​បាន​ន័យ​ថា ថវិកា​ជំនួយ​នោះ​នឹង​ត្រូវ​កាត់​ចេញពី​ថវិកា​របស់​រដ្ឋ តែបើ​ថា​អត់​លុយ​បោះ​ឆ្នោត​គឺ​អត់​មាន​ទេ គ​.​ជ​.​ប នៅ​តែ​ដំណើរការ​បោះ​ឆ្នោត​តាម​ការ​គ្រោងទុក​ដដែល​» ។

លោក ហង្ស ពុទ្ធា បន្ត​ថា កន្លង​មក អង្គការ USAID បាន​ឧបត្ថម្ភ​រថយន្ត​ចំនួន​៦​គ្រឿងដល់ គ​.​ជ​.​ប ចំណែក​អង្គការ​របស់​សហរដ្ឋ​អាមេ​រិ​ក​ឈ្មោះ អាយ​ហ្វេ​ស ក៏​បាន​ដាក់​កា​រិ​យាល័យ​នៅ គ​.​ជ​.​ប ជួយ​ធ្វើការ គ​.​ជ​.​ប ដែរ ។ប៉ុន្តែ​បើ​គ្មាន​ជំនួយ​ពី​បរទេស​ទាំងនោះ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​មិន​ប៉ះពាល់​ដល់​ការងារ​របស់ គ​.​ជ​.​ប ដែរ ។

អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់​ថា គ​.​ជ​.​បអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ដោយ​ខ្លួនឯង​បាន ទាំង​ផ្នែក​ធនធានមនុស្ស និង​ប្រតិបត្តិការ​ដំណើរការ​បោះ​ឆ្នោត ហើយ គ​.​ជ​.​ប ជា​អង្គភាព​ស្នូល​ដ៏​សំខាន់​ក្នុង​ការ​ទទួលខុសត្រូវ លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​ប្រទេស​កម្ពុជា ។ ដូច្នេះ ​បើ​អវត្តមាន​ដៃគូ​ណាមួយ មិនមែន​ជា​បញ្ហា​សម្រាប់ គ​.​ជ​.​ប នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប នេះ គឺ​បន្ទាប់​ពី​ថ្មី​ៗ​នេះ ភាពល្អក់​កករ​នៃ​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ពី​ភាព​ក្ដៅ​គគុក​នៅ​លើ​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ដែល​ជា​ ហេតុ​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​មហាជន​ទូទៅ ពី​ការ​កាត់​ផ្ដាច់ជំនួយ​ដល់​កម្ពុជា រួម​ទាំង​ជំនួយ​ដល់ គ​.​ជ​.​ប ផង​ដែរ ។
ទាក់ទង​នឹង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិ​បតេ​យ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ​(NDI)​វិញ លោកហង្ស ពុទ្ធា បាន​លើក​ឡើង​ថា មិន​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុងឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទេ ព្រោះថា គ​.​ជ​.​បបាន​គ្រប់គ្រង​ស្ថានការណ៍​ទាំងស្រុង​ដូច​ជា អប់រំ​ដល់​អ្នកបោះឆ្នោត​សាធារណៈ និង​កិច្ចការ​អ្នកបោះឆ្នោត ។

លោក​ថ្លែង​ថា ៖ «​គ​.​ជ​.​ប គឺជា​ស្ថាប័ន​ស្នូល​សម្រាប់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ អុ​ី​ចឹ​ង អវត្តមាន​របស់​អង្គការ​ណាមួយ គ្រាន់តែ​ជា​ផ្នែក​មួយ និយាយ​ដោយ​ខ្លី​ទៅ គ​.​ជ​.​ប នៅ​តែ​គ្រប់គ្រង​សភាពការណ៍​បាន​ដដែល​» ។ជាមួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ថា
ករណី​លោក កឹ​ម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នោះ គ​.​ជ​.​ប មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ ។លោក ហង្ស ពុទ្ធា បាន​អះអាង​ថា ករណី​លោក កឹ​ម សុខា គ​.​ជ​.​ប មិន​ទាន់​ទទួល​បាន​លិខិត​អ្វី​នោះ​ទេ ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប​បាន​លើក​ឡើង​ថា ការ​សម្រេច​លុបឈ្មោះ​អ្នក​ជាប់​ពន្ធនាគារ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អាជ្ញាធរ​ឃុំ សង្កាត់​នីមួយ​ៗ ក្នុង​ការ​ធ្វើ​របាយការណ៍​ជូន​មក​គ​.​ជ​.​ប ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា «​យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លុបឈ្មោះ​អ្នក​ជាប់​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​-​សង្កាត់ គាត់​ជា​អ្នក​ក្តាប់​បាន ។ អី​ុ​ចឹ​ង គាត់​ជា​អ្នក​ស្រង់​ចំនួន​អ្នក​ដែល​ត្រូវ​លុប​ចេញ​នោះ ហើយ​ការ​ស្រង់​នឹង​ត្រូវ​រាយការណ៍​ស្នើ​មក គ​.​ជ​.​ប ។ នៅ​ពេល គ​.​ជប ពិនិត្យ​ឃើញ​ថា​មាន​លិខិត​របស់​ពន្ធនាគារ​និង​តុលាការ​សព្វបែបសព្វយ៉ាង​ហើយ បាន គ​.​ជ​.​ប​សម្រេច​ឱ្យ​ឬ​ព្យូ​រ​ឈ្មោះ​គាត់​» ។ ចំពោះ​ករណី​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក ហង្ស ពុទ្ធា ថ្លែង​ថា គ​.​ជ​.​ប មិន​ទាន់ ​ទទួល​បាន​ព័ត៌មាន​ណាមួយ​ទេ  ប៉ុន្តែ​ប្រសិនបើ​តុលាការ​សម្រេច គ​.​ជ​.​ប នឹង​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន ។

ចំពោះ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា តើរង់ចាំ​ទាល់តែ​គាត់​(​កឹ​ម សុខា​) ត្រូវ​បាន​តុលាការ​សម្រេច​សិន​ឬ​យ៉ាងណា​នោះ ? លោក​គូសបញ្ជាក់​ថា «​ចង់​មិន​ចង់ គាត់​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ទោះបីជា​មិន​ទាន់​ស្ថាពរ​គឺ​គាត់​នៅ​ក្នុង​ពន្ធនាគារ​» ។សូម​ជម្រាប​ថា គ​.​ជ​.​ប សម្រេច​ឱ្យ​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឈប់​សម្រាក​៣​ថ្ងៃ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ៕