ទីក្រុងយ៉ាន់ហ្កន, ប្រទេសភូមា៖ បុរសជនជាតិហូឡង់ម្នាក់ ដោយសារតែធ្វើអ្វីមិនបានគិតមុខគិតក្រោយ ត្រូវតុលាការនៅប្រទេសភូមាផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ។ តុលាការរកឃើញថាគាត់មានពិរុទ្ធភាពពីបទដកឌុយក្បាលមេក្រូនៅពេលព្រះសង្ឃកំពុងសម្ដែងធម្មទេសនា។ គាត់ប្រាប់ថាគាត់ធ្វើដូច្នេះដោយសារតែមានសំឡេងមេក្រូរំខានដល់ការគេងរបស់គាត់។
![Picture]()
បុសឈ្មោះក្លាស ហៃតេម៉ា (Klaas Haytema) ដល់ថ្នាក់សម្រក់ទឹកភ្នែក ក្រោយពេលតុលាការប្រកាសសាលក្រមឱ្យគាត់ជាប់ទោស។ គាត់មិនដែលនឹកស្មានដល់ទាល់តែសោះថាទង្វើរបស់គាត់នាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។ តុលាការសាលដំបូងប្រកាសសាលក្រមផ្ដន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលបីខែ និងពិន័យជាប្រាក់១សែនខ្យាត (Kyat) (ជាង៧០ដុល្លារ)។
![Picture]()
សមត្ថកិច្ចភូមាចាប់ខ្លួនបុរសឈ្មោះក្លាសនៅក្នុងទីក្រុងម៉ាន់ដាឡេ (Mandalay) បន្ទាប់ពីមហាជនមួយហ្វូងធំដែលជាអ្នកគោរពព្រះពុទ្ធសាសនា បានទៅប្រមូលផ្ដុំគ្នានៅខាងក្រៅបន្ទប់ដែលគាត់ស្នាក់នៅ។ ពួកគេទាមទារឱ្យគាត់ទទួលខុសត្រូវចំពោះទង្វើរបស់គាត់។ ពួកគេគិតថាគាត់ធ្វើបែបនេះជាការកសាងអកុសលកម្មធ្ងន់ធ្ងរណាស់។
![Picture]()
បុរសវ័យ៣០ឆ្នាំរូបនេះនៅទីបញ្ចប់បានសូមអភ័យទោសនៅក្នុងបន្ទប់សវនាការ។ គាត់ថាគាត់មិនបានដឹងទាល់តែសោះថាមានការសម្ដែងធម្មទេសនា។ គាត់ទៅដកឌុយក្បាលមេក្រូដើម្បីកុំឱ្យមានសំឡេងឮខ្លាំងពេកដែលគាត់យល់ថាជាការរំខានដល់ការគេងរបស់គាត់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមេធាវីរបស់គាត់។
![Picture]()
ចៅក្រុមជំនុំជម្រះបានរកឃើញថាជនជាតិហូឡង់រូបនេះបង្កការរំខានធ្ងន់ធ្ងរចំពោះការជួបជុំរបស់ពុទ្ធបរិស័ទដើម្បីស្ដាប់ធម្មទេសនាដោយសន្តិវិធី និងដោយស្របច្បាប់។ នៅក្នុងទោសបញ្ញត្តិធ្ងន់ធ្ងរ, គាត់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ២ឆ្នាំឯណោះ។ គាត់អាចត្រូវជាប់ទោសពីបទប្រមាថសាសនា។ នៅប្រទេសភូមា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចាត់ទុកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
![Picture]()
សារព័ត៌មានក្នុងស្រុកផ្សាយថាមុនពេលកើតហេតុ, បុរសជនជាតិហូឡង់រូបនេះដើររ៉ុយចូលទៅក្នុងទីសម្ដែងធម្មទេសនា។ កាលនោះ សាក្សីនិយាយថាគាត់មានអាកប្បកិរិយាទទឹងទិស គ្មានការគួរសម គ្មានដោះស្បែកជើងទេ។ ពេលទៅដល់, គាត់ចាប់ដកឌុយក្បាលមេក្រូចេញតែម្ដង។ រួចហើយ, គាត់ដើរចេញទៅវិញបាត់។ អ្នកដែលកំពុងអង្គុយត្រងត្រាប់ស្ដាប់ឱវាទរបស់ព្រះសង្ឃ ពួកគាត់មិនអាចទទួលយកបានទេនូវទង្វើបែបនេះ។ ពួកគាត់កំពុងតែជក់ស្ដាប់ការសម្ដែងពីផ្លូវលោក និងផ្លូវធម៌យ៉ាងពីរោះរណ្ដំចិត្ត បែរជាមានមនុស្សមករំខាន ធ្វើឱ្យដាច់ធម៌ ដាច់អាថ៌អស់។
![Picture]()
ពួកគាត់ក៏នាំគ្នាទៅចោមរោមពីមុខបន្ទប់ស្នាក់នៅរបស់ជនជាតិហូឡង់។ សមត្ថកិច្ចក៏ដាក់កម្លាំងចុះធ្វើអន្តរាគមន៍ ក្រែងលោមហាជនទប់កំហឹងមិនបាន ហើយអាចនឹងជ្រុលដៃជ្រុលជើង នាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនជាតិហូឡង់។ គណៈកម្មការអាចារ្យវត្តប្រាប់ថា «ការសម្ដែងធម្មទេសនានេះបានស្នើសុំការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធររួចហើយ ហើយរៀបចំនៅវេលាក្បាលព្រលប់, មិនមែនយប់ជ្រៅពេកទេ។ នៅពេលជនជាតិហូឡង់ទៅដកឌុយក្បាលមេក្រូនោះ ម៉ោងប្រហែល៩យប់»។
![Picture]()
សូមជម្រាបថាករណីជនជាតិបរទេសដែលធ្វើដំណើរទៅប្រទេសភូមា ហើយប្រព្រឹត្តអំពើឆ្គាំឆ្គងបែបនេះធ្លាប់កើតមានយូរៗម្ដង។ កាលពីឆ្នាំ២០១៥, ជនជាតិញូហ្ស៊ីលែនម្នាក់ ជាម្ចាស់រង្គសាល ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារដប់ខែពីបទប្រមាថតម្លៃសាសនា។ កាលនោះ គាត់ប្រើប្រាស់ព្រះពុទ្ធរូបដើម្បីទាក់ទាញអតិថិជនចូលពិសាស្រានៅក្នុងហាងរបស់គាត់។ ក្រោយមកទៀត អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ត្រូវអាជ្ញាធរបណ្ដេញចេញភ្លាមៗពីប្រទេសភូមាដោយសារគាត់ចាក់សាក់ព្រះពុទ្ធរូបនៅលើកំភួនជើងរបស់គាត់៕
ចែករំលែកព័តមាននេះ