ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ធំ ត្រៀមរួចរាល់ សម្រាប់បុណ្យទន្លេ លើកទី៧ នាថ្ងៃទី៨-១០ ខែមីនានេះ

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ កិច្ចប្រជុំ ដើម្បីសម្រេចផែនការត្រៀមរៀបចំពិធីបុណ្យទន្លេ លើកទី៧ បានធ្វើឡើង នាថ្ងៃទី៧ ខែមីនានេះ។ កិច្ចប្រជុំ​ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក…

ខេត្តកំពង់ធំ៖ កិច្ចប្រជុំ ដើម្បីសម្រេចផែនការត្រៀមរៀបចំពិធីបុណ្យទន្លេ លើកទី៧ បានធ្វើឡើង នាថ្ងៃទី៧ ខែមីនានេះ។ កិច្ចប្រជុំ​ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាពេលនេះ ដើម្បីត្រៀមរៀបចំ​ពិធីបុណ្យទន្លេ លើកទី៧ ដែលគ្រោងធ្វើឡើង នាថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣។

ពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ ផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យ​ទេស​ចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជន នៅតាម​ដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

គួរជម្រាបថា ពិធីបុណ្យទន្លេ លើកទី៧ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេ ឆ្នាំនេះ នឹងផ្តល់ជូនសកម្មភាព​សំខាន់ៗ ដូចជា ការសម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិ ភាគតិច កួយ ការប្រគុំតន្ត្រី និងការបាញ់​កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផល​ទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍​ផលិតផល​សិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិ មួយ ផលិត មួយ ផលិតផល​កែច្នៃ​ រួមទាំង មានសកម្មភាពកីឡាជាច្រើន ជាពិសេសក៏មានកីឡាបាល់ទាត់លើ​ឆ្នេរខ្សាច់​ផងដែរ។

លោក ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់​ប្រជាជន​នៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

លោក​រដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា យើងត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផល​ក្នុងស្រុកឱ្យបានច្រើន ដែលបានមកពីផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រៅពីនេះ ក៏ត្រូវមាន​ការបង្ហាញ​អំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ​ទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ។

ជាមួយគ្នានោះ សម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបាន​ផុសផុលនៅក្នុងពិធីបុណ្យទន្លេ លើកទី៧នេះ។

សូមរម្លឹកថា នៅម៉ោង ៤ល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​ចូលរួម​ជាអធិបតី​​បើកពិធី​បុណ្យទន្លេ លើកទី៧ នៅទីរួម​ខេត្តកំពង់ធំ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ