ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​រះ​នៅ​​ប្រាសាទអង្គរវត្ត​ព្រឹក​នេះ ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកទស្សនា​​យ៉ាងច្រើន​កុះករ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​នៅ​វេលា​ព្រឹក​ព្រលឹម​ស្រាង​ៗ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ​បាន​

ខេត្ត​សៀម​រា​ប ៖ ​នៅ​វេលា​ព្រឹក​ព្រលឹម​ស្រាង​ៗ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ​បាន​មក​អង្គុយ​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​នៅ​ប្រាសាទ​អង្គរ​។ ភ្ញៀវ​ទេសចរ​ខ្លះ​បាន​អង្គុយ​រង់ចាំ នៅ​បរិវេណ​ច្រាំង​ក​សិន្ធុ​ខាង​មុខ​ប្រាសាទ ខ្លះ​ចូល​មក​អង្គុយ​ត្រៀបត្រា​នៅ​បណ្តា​ល័យ និង​ខ្លះ​ទៀត​ឈ​រង់ចាំ​នៅ​លើរាន​ហាល ក្បែរ​ស្រះ​ទឹក​ខាងជើង និង​ខាងត្បូង​នៃ​ប្រាសាទ ដើម្បី​រង់ចាំ​ទស្សនា​ទិដ្ឋភាព និង​ផ្តិត​យក​រូបភាព ដ៏​អស្ចារ្យ​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​។

កញ្ញា យាន ដា​នី អាយុ​២៩​ឆ្នាំ ប្រជា ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​មក​ដល់​ខាង​មុខ​ប្រាសាទ​អង្គរ ដោយសារ​បានឃើញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ បាន​ចូល​មក​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​។ កញ្ញា បន្ត​ថា ទោះបីជា​ធ្លាប់​បាន​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ជា​ច្រើន​លើក​ក៏​ដោយ តែ​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ខ្លួន​និង​មិត្ត​​ភក្តិ​បាន​ចូល​មក​ទស្សនា​ថ្ងៃ​រះ​នៅ​ទី​នេះ ដោយ​ត្រូវ​ក្រោក​មក​រង់ចាំ​តាំងពី​ម៉ោង​៥​ព្រឹក​។

ពេល​បានឃើញ​ភាព​ស្រស់​ស្អាត​នៃ​ថ្ងៃ​រះ​ទន្ទឹម​កំពូល​ប្រាសាទអង្គរវត្ត ឆ្លុះ​ជាមួយ​ស្រះ​ទឹក​បញ្ចេញ​ពន្លឺ​ពណ៌​មាស​ហើយ​នោះ​។ កញ្ញា ដា​នី លើក​ឡើង​ថា ពិតជា​មិន​ខកបំណង​ឡើយ​ដែល​ខ្លួន​ចំណាយពេល​ដើម្បី​មក​រង់ចាំ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​។

អ្នកស្រី Garency Fraken ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​អារម្មណ៍​សប្បាយ រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​មក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត ថ្ងៃ​រះ​នៅ​ប្រាសាទ អង្គរវត្ត​។ ដោយ​នេះ​ជា​ក្តី​ស្រ​ម៉ៃ​ជា​យូរ​មក ហើយ របស់​អ្នកស្រី​និង​គ្រួសារ ដែល​ប៉ងប្រាថ្នា​មក​កាន់​ប្រាសាទអង្គរវត្ត​។ អ្នកស្រី​ថា មក​ដល់​កម្ពុជា​ភ្លាម (​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣) គោលដៅ​ដែល​ខ្លួន និង​គ្រួសារ​មក​ទស្សនា​មុនគេ​គឺ​ប្រាសាទ អង្គរវត្ត ហើយ​គោលដៅ​បន្ត​អ្នកស្រី​គ្រោង និង​ចូល​ទស្សនា​ប្រាសាទបុរាណ​ជា​ច្រើន​ទៀត​ក្នុង​រមណីយដ្ឋាន​អង្គរ​។

នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​រមណីយដ្ឋាន​អង្គរ អ្នកទេសចរ​តែង​ចំណាយពេល​ដ៏​មាន​តម្លៃ ក្រោក​ពី​ព្រលឹម ឆ្ពោះ​មក​ប្រាសាទអង្គរវត្ត ដើម្បី​បានឃើញ​ភាព​អស្ចារ្យ​នៃ​សម្រស់​កំពូល​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ឆ្លុះ​ចាំង​ជាមួយ​ពន្លឺព្រះអាទិត្យ​រះ​ពណ៌​មាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ