ភ្នំពេញ៖ ក្រោយពីមានការកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃ១មីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរាចរណ៍ មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចការដ្ឋាននេះ អោយបានល្អប្រសើរជាងមុន។
កិច្ចប្រជុំនេះ បានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍ថា កិច្ចប្រជុំខាងលើនេះ ដើម្បីអោយមន្ត្រីជំនាញ ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរាចរណ៍ រួមគ្នាគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃ១មីនាកន្លងមកនះ នៅតំបន់ការដ្ឋាននេះ បានកកស្ទះចរាចរណ៍ រហូតដល់ទៅ ៥ ទៅ ៦ម៉ោងឯណោះ។
លោក កើត ឆែ បានជំរុញអោយធ្វើការកែសម្រួល ដោយបង្រួមរបងការដ្ឋាន អោយតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់នេះ អោយបានល្អប្រសើរសំដៅអោយមានលំហូរចរាចរណ៍បានល្អ។
បន្ថែមពីនេះ លោក កើត ឆែ ក៏បានជំរុញអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការអោយបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ ដោយមិនអោយឆ្លងកាត់តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ។
គួរបញ្ជាក់ថា ស្ពានអាកាសព្រះមុនីវង្ស មានទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ជាស្ពានអាកាសដំបូងគេ ដែលមានរង្វង់មូលលើអាកាស។ស្ពា នអាកាសថ្មីនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២។
គម្រោងសាងសង់ស្ពានអាកាសថ្មីនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លាអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ