រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះ Rachana Kim បានផុសថា «រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយ គួរឲ្យខ្លាច ភ្នំពេញ នៅស្តុបអាងទឹកអូរឡាំពិក..» ។
ជាក់ស្តែងចំពោះស្ត្រីម្នាក់ ដែលបានបើកបរ ឆ្លងផុតគំនូសស ឬគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងហើយ ភ្លើងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យ ហើយក៏មិនបានប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសមរម្យនោះទេ នៅពេលមន្ត្រីហៅគាត់ឈប់ ដើម្បីពន្យល់ ណែនាំ អប់រំគាត់ បែរជាយំរហូត ដោយមិនមានរណាម្នាក់ ធ្វើអ្វីគាត់ផងនោះ ឃើញដូច្នេះមន្ត្រី ក៏បានប្រាប់គាត់ឲ្យឈប់យំ សមត្ថកិច្ចគ្រាន់តែ ណែនាំ អប់រំ ហើយឲ្យគាត់បើកចេញទៅ ។
ចំណុចត្រង់នេះ បើតាមយោងតាមគណនីហ្វេសប៊ុកឈ្មោះ «Rachana Kim» ដែលសិស្សានុសិស្សថ្នាក់ទី១២ ជាច្រើននាក់ស្គាល់ថា គាត់ជាគ្រូបង្រៀនគណិតវិទ្យា មួយរូបឈ្មោះ គីមយាង រចនា បានបញ្ជាក់ថា «ខ្ញុំយំ ដោយសារតែខ្ញុំ គ្មានសិទ្ធសូម្បីតែនិយាយតប ព្រោះលោកពូប៉ូលិសអត់ផ្តល់ឱកាសឲ្យខ្ញុំបាននិយាយបកស្រាយអីបន្តិចសោះ» ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារជនទាំងអស់ឲ្យបានជ្រាបថា តាមច្បាប់ចរាចរណ៍ផ្លូវគោគ នៃព្រះរាជាណាចក្រកម្ពុជា អ្នកដែលល្មើសច្បាប់ ត្រូវតែធ្វើការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អរបស់ប្រជាពលរដ្ឋ បង្ហាញពីចរិត នៃការចូលរួមគោរពច្បាប់ និងបង្ហាញពីកិត្យានុភាព និងកិត្តិយសរបស់ប្រជាជាតិ និងប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ ។
ដូច្នេះ បើមានភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួមមានច្បាប់ហើយមិនគោរព តើវានឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វើឲ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឲ្យពិការ និងបាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផង ។ ក្នុងករណីដែលអនុវត្ត ឬពិន័យខុស ជារឿងរបស់បុគ្គល បើបុគ្គលធ្វើខុស ធ្វើលើសពីការណែនាំ នោះនឹងត្រូវទទួលការអនុវត្តវិន័យ ឬអនុវត្តតាមច្បាប់ ទៅតាមស្ថានភាពកំហុសជាក់ស្តែង ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា មួយរយៈពេលកន្លងមកនេះ មន្ត្រីមួយចំនួន ដែលបានអនុវត្តខុស ឬអនុវត្តលើសការណែនាំ ត្រូវបានអនុវត្តវិន័យ ដោយបានធ្វើការដាក់វិន័យ ដកតួនាទី ឬបន្ថយឋានន្តរស័ក្ត ជាដើម ដើម្បីជាការព្រមានឲ្យដឹង និងយល់អំពីកំហុស ដែលបានប្រព្រឹត្តិ ។ល។
ពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថា កង់ខាងមុខឆ្លងផុតគំនូស ជាប់ពណ៌ស ដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរ នៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍ មិនអាចផាកពិន័យបានទេ ។
យោងតាមប្រភពពីអ្នកគ្រូបង្រៀនគណិតវិទ្យា ឈ្មោះ គីមយាង រចនា ដែលប្រើប្រាស់គណនីហ្វេសប៊ុក Rachana Kim បានបង្ហោះសារកាលពីម៉ោង០៦និង២៨នាទីល្ងាចថ្ងៃទី០១ មីនា ២០២៣ យ៉ាងដូច្នេះថា ៖ «រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឲ្យខ្លាចភ្នំពេញ “នៅស្តុបអាងទឹកអូរឡាំពិក” ថ្ងៃមិញនេះ នៅត្រង់ស្តុបអាងទឹកអូរឡាំពិក ខ្ញុំជិះម៉ូតូពេលភ្លើងខៀវ ហើយស្រាប់តែលោតភ្លើងលឿងភ្លឹប ខ្ញុំឆ្លងផុតស្តុបដល់ថ្នល់ម្ខាងទៀតល្មមរួចរាល់ បន្ទាប់មក ពេលនោះលោតដល់ភ្លើងក្រហមបន្ទាប់ពីលឿងរួច។ ហេតុការណ៍បន្ត គឺប៉ូលិសហៅខ្ញុំផាក។ និយាយដោយស្មោះត្រង់ទៅ ពេលភ្លើងលោតលឿងនោះ ខ្ញុំឆ្លងផុតដល់ម្ខាងទៀតទៅហើយ ហើយណាមួយទៀតបើខ្ញុំឈប់ គឺប្រាកដជាគ្រោះថ្នាក់ ដោយសារគេបុកវិញជាមិនខាន ចំណែកប៉ូលិសវិញ គឺនិយាយចំៗ មិនអូសក្រឡាថា ចង់សម្រួលលុយប៉ុន្មាន ? ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនខុសទេ ព្រោះភ្លើងលឿងនោះ គឺខ្ញុំទៅដល់ត្រើយម្ខាងទៅហើយ។ ខ្ញុំមិនបានជិះបំពានដោយមិនគោរពភ្លើងស្តុបនោះទេ អារម្មណ៍ខ្ញុំពេលនោះគឺភ័យ ហើយពេលនេះ កាន់តែស្អប់ប៉ូលិស។ ខ្ញុំគោរពសំពះជម្រាបសួរគាត់ ប៉ុន្តែគាត់តបថា មិនបាច់សំពះស្អីទេ ចង់សម្រួលលុយប៉ុន្មាន ឬចង់ទៅខណ្ឌ ? ខ្ញុំស្រក់ទឹកភ្នែក ព្រោះប៉ូលិសស្រុកខ្មែរភាគច្រើន គឺបែបនេះ» ។
តាមការសង្កេតមើលមតិរបស់បងប្អូនប្រជាពលរដ្ឋ បានលើកឡើងស្ទើរតែដូចៗគ្នាថា មិនអាចទេដែលថា មន្ត្រីប៉ូលិសចរាចរណ៍ ចាប់ឃាត់ហើយ ដើម្បីពន្យល់ ណែនាំ អប់រំ ? អោយតែថា ចាប់ដឹងតែលុយហើយ អប់រំតែមុខកាមេរ៉ាទេ អ្នកជួបហេតុការណ៍ផ្ទាល់ បានដឹងច្បាស់។ សូមសរសើរអ្នកសរសេរអត្ថបទបកស្រាយបំភ្លឺព័ត៌មានខាងលើហ្នឹងមែនតើ អីក៏ពូកែយ៉ាងនេះ ៕





ចែករំលែកព័តមាននេះ