ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីរួចមក សត្វក្ងោកចំនួន ២០ក្បាល ត្រូវបានមន្ត្រី នាំត្រឡប់ទៅដល់ផ្ទះអ្នកចិញ្ចឹមវិញហើយ នៅវេលាម៉ោង ៥ និង ៣៥នាទីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ អ្នកចិញ្ចឹមក្ងោកទាំងនោះ នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ការវិលត្រឡប់របស់សត្វក្ងោកទាំង ២០ក្បាលនេះ ត្រូវបានរៀបចំ ដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកយាយ ស៊ុម ហៀប អាយុ ៨០ឆ្នាំ ដែលត្រូវជាម្ដាយម្ចាស់ក្ងោក បានលើកដៃសំពះ ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកយាយក៏បានថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើ ដែលបានប្រគល់សត្វក្ងោកគ្រប់ចំនួន ដល់ក្រុមគ្រួសារគាត់ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាបន្តទៀត។
ចំណែកស្ត្រី យឹម ចាន់រ៉ុង ដែលជាបងបង្កើតរបស់ឈ្មោះ យឹម សំអឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាម្ចាស់សត្វក្ងោក បានបញ្ជាក់ថា ចំពោះសត្វក្ងោក ដែលខាងរដ្ឋបាលព្រៃឈើ បានដកហូតយកទៅ មានចំនួន ២០ ក្បាល ពេលនេះ បានវិលត្រឡប់មកវិញ គ្រប់ចំនួនហើយ ដោយមិនបាត់បង់ សូម្បីមួយក្បាលឡើយ។
បងស្រី បន្តថា ចំពោះក្នុងកំណត់ហេតុសរសេរ ដាក់ ៦ក្បាលនោះ គឺជាក្ងោក ដែលស្ថិតនៅក្នុងប្រភេទសត្វកម្រតែប៉ុណ្ណោះ។ តែយ៉ាងណា ក៏ក្ងោកគាត់ទាំង ២០ក្បាល បានវិលត្រឡប់មកដល់ដៃគាត់វិញ គ្រប់ចំនួនហើយ។
គួររំលឹកដែរថា សត្វក្ងោក ២០ក្បាល ត្រូវបានរដ្ឋបាលព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាល ចាប់ ដកហូតពីគ្រួសារខាងលើ នៅភូមិសន្លង់ ឃុំត្រពាំងចាន់ កាលពីថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣។ ការដកហូតសត្វក្ងោកទាំងនោះ ធ្វើឲ្យមានមតិមហាជនរិះគន់ជាខ្លាំង តាមបណ្តាញសង្គម រហូតដល់ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានសម្រេចចេញបទបញ្ជាឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជា ក្រសួងកសិកម្ម ប្រគល់សត្វក្ងោកទាំងនោះ ទៅម្ចាស់ដើមវិញ។ ចំណែករឿងអ្វីទៀត សម្តេចតេជោ ប្រកាសថា ចាំគិត នៅពេលក្រោយ៕ ពៅ សុខហ៊ាន
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ