ខេត្តត្បូងឃ្មុំ៖ ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ទន្លេស្ងួត ពេលនេះ កំពុងត្រូវបានរៀបចំប្រែក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយ នៅកម្ពុជា ដោយមានការដាំផ្កាស្បៃរឿងចំនួន ១លានដើម ការដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលកកើតឡើងវិញ។
ការខិតខំប្រែក្លាយទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ ត្រូវបានធ្វើឡើងដោយលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក អ៊ាង សុផល្លែត បានលើកឡើងថា ផ្កាស្បៃរឿងទាំង ១លានដើម បានដាំនៅទីតាំងប្រវត្តិសាស្រ្ត «ទន្លេស្ងួត» រួចហើយ ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជា នាពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាខែមេសាខាងមុខ។
ជាមួយគ្នានេះ ក្រុមការងារ បានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹកយ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំដើមឫស្សីផ្អែម ជិត ១ពាន់ដើម ផងដែរ។
ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារមណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡា ចំនួន ៥០ បង្គោលបំភ្លឺថែមទៀត ទុកជូនសំរាប់បងប្អូនប្រជាពលរដ្ឋ មកលេងចូលឆ្នាំខ្មែរ នៅពេលសម្សាកចុងសប្តាហ៍ និងក្នុងបុណ្យទានផ្សេងៗ។
លោក អ៊ាង សុផល្លែត បានបន្ថែមថា ការរៀបចំបង្កើតរមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត» ដើម្បីទុកជាប្រយោជន៍ សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍ នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា ផ្តើមចេញពីសុខសន្តិភាព មូលដ្ឋានស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ពីរាជរដ្ឋាភិបាល ក៏ដូចជាពីក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានជួយដោះស្រាយការលំបាក និងជួយពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។
ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិគំរូមួយនៅកម្ពុជា សម្រាប់ទាក់ទាញទេសចរ និងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។
តំបន់ប្រាសាទបុរាណព្រះធាតុបាស្រី ដែលបានកសាងឡើង អំពីថ្មភក់ តាំងពីសម័យមុនអង្គរ ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរព រហូតដល់សព្វថ្ងៃ។
ទន្លេស្ងួត ជាទីតាំងមួយ ដែលមានរឿងដំណាលថា ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជក្នុងប្រវត្តិសាស្រ្ត ជាពិសេសក្នុងរាជព្រះអង្គស្តេចកន បានមកបែរបន់ និងបានសម្រេចជោគជ័យ តាមបំណងប្រាថ្នារបស់ព្រះអង្គ នៅទន្លេស្ងួតនេះ៕ សុខ សារ៉ាយ









ចែករំលែកព័តមាននេះ