ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម នាខែឧសភាខាងមុខ។ ពហុកីឡដ្ឋានជាតិមរតកតេជោ នៅមុខវិមានឈ្នះឈ្នះ ជាកន្លែងប្រារព្ធការប្រកួតកីឡាស៊ីហ្គេម។ នៅថ្ងៃទី២៤កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពលរដ្ឋ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធនានាទៀត បានសហការរៀបចំកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ថ្ងៃ២៧ កុម្ភៈ លើកទី១១ ក្រោមប្រធានបទ៖ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ នៅបរិវេណវិមានឈ្នះឈ្នះ។
លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានថ្លែងថា ការរួមគ្នាសម្អាតបរិស្ថាន តុបតែងភូមិឋាន ការមិនចោលសំរាមពាសវាលពាសកាល រក្សាទុកដាក់សំរាមត្រឹមត្រូវ និងផ្តល់ស្នាមញញឹមរាក់ទាក់ បដិសណ្ឋារកិច្ចល្អ ជាដើម គឺជាការត្រៀមទទួលភ្ញៀវអន្តរជាតិដ៏ល្អមួយ មកទស្សនាកម្ពុជា ជាពិសេសការមកទស្សនាការប្រកួតកីឡា SEA GAMESនិងPARA GAMES នៅកម្ពុជាប្រកបភាពកក់ក្តៅ។
លោក ហួត ហៃ ក្នុងឱកាសប្រារព្វទិវាជាតិទីក្រុងស្អាត បានផុសផ្តល់ចំណេះដឹងជាច្រើនពាក់ព័ន្ធការរៀបចំទីក្រុងស្អាត ដែលការប្រកួតប្រជែង តាមការណែនាំក្រសួងទេសចរណ៍ ហើយ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ទន្ទឹមគ្នាទៅនឹងការកែលម្អគុណភាពសេវាកម្មទេសចរណ៍ យើងបានខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ធ្វើឱ្យទីក្រុងមានការប្រែប្រួលមុខមាត់ថ្មី និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសួនច្បារ និងលំហបៃតង ជាដើម។
ចំណែកលោក ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ ថ្លែងថា តាមការប្តេជ្ញាចិត្ត និងការយកចិត្តទុកពីបញ្ហាទីក្រុងស្អាត សំអាតបរិស្ថានស្អាត និងធ្វើឲ្យទីក្រុងយើង មូលដ្ឋានស្អាត មានភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ប្រកបដោយភាពកក់ក្តៅ ហើយពេលភ្ញៀវត្រឡប់ទៅប្រទេសគេវិញ គេនឹងនិយាយលើកការសរសើរពីកម្ពុជា សរសើរពលរដ្ឋកម្ពុជា តាមរបៀប មានទំលាប់ល្អ មានសណ្តាប់ធ្នាប់ល្អក្នុងការរស់នៅ នៅក្នុងសង្គម។
ក្រោយថ្លែងការណ៍ អាជ្ញាធរចម្រុះ បាននាំគ្នាដើររើសសំរាម នៅបរិវេណវិមានឈ្នះឈ្នះ និងនៅតាមផ្លូវមុខពហុកីឡដ្ឋានជាតិមរតកតេជោ។ ផ្លូវវិមានឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ មុខពហុកីឡដ្ឋានជាតិមរតកតេជោ និងមុខវិមានឈ្នះឈ្នះ ទើបតែជួសជុល អ៊ុតកៅស៊ូបន្ថែមលើបេតុង និងរៀបខឿនសង្ខាងផ្លូវ ព្រមទាំងដាំស្មៅ និងដើមឈើ នៅទ្រូងកណ្តាលយ៉ាងស្រស់ស្អាត។
តាមផ្លូវ កន្លែងប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម នៅខែឧសភាខាងមុខនេះ ក្រៅពីសំរាម ជាថង់ផ្លាស្ទិក ប្រអប់ជ័រ ដបទឹកសុទ្ធ និងកំប៉ុងជ័រ ជាដើម រួមទាំងស្លឹកឈើ ក៏មានដីហុយ ដោយសារតែឡានដឹកដីដឹកខ្សាច់រាប់រយជើង បើកកាត់ផ្លូវនោះ ក្នុង ១ថ្ងៃៗ។ គេសង្ឃឹមថា ផ្លូវថ្មី ល្អស្អាតនេះ នឹងនៅស្អាតល្អ ដល់ស៊ីហ្គេម នៅខែឧសភាខាងមុខ ហើយក្រៅតែពីសំរាម អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាដី និងដីខ្សាច់ជ្រុះលើផ្លូវ ដែលទើបជួសជុល សាងសង់យ៉ាងស្អាតនេះផង ក្រែងលោ ផ្លូវនៅល្អស្អាតបានយូរបន្តិច៕






អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ