ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ សិស្សសាលា​ដួល​សន្លប់​ជា​បន្តបន្ទាប់​ប្រមាណ​ជិត​១០​នាក់ (​មាន​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

រយៈពេល​២​ថ្ងៃ សិស្សសាលា​អនុ​វិទ្យាល័យ​ដាន​រុន និង​បឋម​សិក្សា​រិ​ន​កណ្តាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ប្រមាណ​ជិត​១០​នាក់ ហើយ​ក៏​បាន​ដឹក​មក​

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ សិស្សសាលា​អនុ​វិទ្យាល័យ​ដាន​រុន និង​បឋម​សិក្សា​រិ​ន​កណ្តាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ប្រមាណ​ជិត​១០​នាក់ ហើយ​ក៏​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ដាន​រុន និង​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​។ ហេតុការណ៍​ដួល​សន្លប់​បង្ក​ការ​ភ្ញាក់ផ្អើល​រយៈពេល​២​ថ្ងៃនេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​អនុ​វិទ្យាល័យ ដាន​រុន និង បឋម​សិក្សា​រិ​ន​កណ្តាល ក្នុងភូមិ​ដាន​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​ដាន​រុន មាន​សិស្ស អនុ​វិទ្យាល័យ ដាន រុន បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ គឺ​ចាប់​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ក្នុង​នោះ​មាននៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ មាន​សិស្ស​ថ្នាក់​ទី​៨ ចំនួន​៧​នាក់ (​ប្រុស​ម្នាក់​) និង​ថ្នាក់​ទី​៩ ម្នាក់​ជា​ស្រី ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ដាន​រុន ប៉ុន្តែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​នៅ​ម៉ោង​ប្រមាណ​ជា​៣​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​។

ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​នៅ​ក្នុង​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ​វិញ ក៏​មាន​សិស្ស​ថ្នាក់​ទី​៧ ចំនួន​២ នាក់ (​ស្រី​ទាំង​២) សង្គ្រោះ​បឋម គឺ​យក​ប្រេង​ក្រឡា​ដាក់​ច្រមុះ​ឱ្យ​ហិត ហើយ​ក៏​ដឹងខ្លួន រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។ ចំពោះ​មូលហេតុ​ដែល​សិស្សសាលា​ទាំង​អស់នោះ​សន្លប់ គឺ​មក​ពី​ឃើញ​សិស្ស​ម្នាក់​ស្រែកយំ​ដូច​ខ្មោច​ចូល ហើយ​ក៏​ដួល​សន្លប់​ត​.ៗ​គ្នា​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ដាន​រុន បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា សិស្សសាលា​ដែល​ដួល​សន្លប់​ដឹក​យក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ដាន​រុន​នេះ ត្រូវ​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​។ មូលហេតុ គឺ​សិស្សសាលា​ទាំងនោះ មក​ពី​ខ្វះ​ជាតិ​កាស្យូ​ម​។

ចំណែក​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម បាន​និយាយ​ផ្សេង​ៗ​គ្នា ដោយ​ខ្លះ​និយាយ​ថា «​ខ្មោច​ចូល​» និង​ខ្លះ​ទៀត​ក៏​បាន​និយាយ​ថា «​នាំ​គ្នា​ទៅ​លេង​បាល់ទាត់ ហើយ​ត្រឡប់​មក​ចូល​សាលារៀន​វិញ ផឹកទឹក បណ្តា​ឱ្យ​ស្ទះខ្យល់​ក៏​ដួល​សន្លប់ ហើយ​ខណៈ​ពេល​នោះ សិស្ស​ដែល​នៅ​ជិត​ឃើញ​មិត្តភក្តិ​ដួល ក៏​ដួល​.​ត​ៗ​គ្នា​តែ​ម្តង​ទៅ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ