ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​5​អាច​កើតឡើង​ បន្ទាប់​ពី​រំលូតកូន

6 ឆ្នាំ មុន

ការ​រំលូតកូន​អាច​ប៉ះពាល់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ ។ ខណៈ​ពេល​ដែល​ពេលវេលា​អាច​ព្យាបាល​ស្នាម​របួស​នេះ ប៉ុន្តែ​បញ្ហា​ដែល​កើត​មាន​បន្ទាប់​ពី​ការ​រំលូតកូន​អាច​មានការ​លំបាក​ក្នុង​ការ​

ការ​រំលូតកូន​អាច​ប៉ះពាល់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ ។ ខណៈ​ពេល​ដែល​ពេលវេលា​អាច​ព្យាបាល​ស្នាម​របួស​នេះ ប៉ុន្តែ​បញ្ហា​ដែល​កើត​មាន​បន្ទាប់​ពី​ការ​រំលូតកូន​អាច​មានការ​លំបាក​ក្នុង​ការ​ដោះស្រាយ ។ រាង​កាយ​របស់​ស្ត្រី​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​បន្ទាប់​ពី​ការ​រំលូតកូន ហើយ​ការ​ប្រែប្រួល​មួយ​ចំនួន​អាច​បង្ហាញ​ពី​គ្រោះថ្នាក់​ដ៏​ធ្ងន់​ដូច​ជា​ការ​ឆ្លង​មេរោគ ឬ​ការ​រំលូតកូន​មិន​ពេញលេញ ។

រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​រំពឹង​ថា​នឹង​កើតឡើង​បន្ទាប់​ពី​ការ​រំលូតកូន និង​ពេល​ណា​ដែល​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត ។

១-​ហូរ​ឈាម​ច្រើន
មិនមែន​ស្ត្រី​ទាំងអស់​សុទ្ធតែ​ហូរ​ឈាម​ច្រើន​នោះ​ទេ ប៉ុន្ដែ​ការ​ហូរ​ឈាម​តិចតួច កំណក​ឈាម ឈាមរដូវ​ពណ៌​ត្នោត​ក្រោយ​ពី​ការ​រំលូតកូន គឺជា​រឿង​ធម្មតា ។ អ្នកខ្លះ​អាច​ហូរ​ឈាម​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​រំលូតកូន​ដែល​អាច​មាន​រយៈពេល​ពី​៣​ទៅ​៤​ស​ប្តា​ហ៍ ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ពេល​ណា​ការ​ហូរ​ឈាម​របស់​អ្នក​គឺ​ធម្មតា ហើយ​នៅ​ពេល​ណា​ដែល​អ្នក​ត្រូវការ​អន្តរាគមន៍​ផ្នែក​វេជ្ជសាស្ត្រ ។ ប្រសិនបើ​អ្នក​ត្រូវ​ប្តូរ​សំឡី​អនាម័យ​១​ទៅ​២​ដង​ក្នុង​រយៈពេល​ត្រឹមតែ​១​ទៅ​២​ម៉ោង វា​មិនមែន​ជា​ការ​ហូរ​ឈាម​ធម្មតា​នោះ​ទេ ។

លើស​ពី​នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ស្រវាំងភ្នែក និង​វិលមុខ និង​មានការ​ធ្លាក់​កំណក​ឈាម​ធំ វា​អាច​បង្ហាញ​ពីរ​បួស​ខាងក្នុង​ស្បូន​ក្នុងអំឡុងពេល​វះកាត់​យក​កូន​ចេញ ។នេះ​គឺជា​ពេល​ដែល​អ្នក​គួរតែ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​ដើម្បី​ស្វែងរក​ជំនួយ ។

២-​ការ​ឆ្លង​មេរោគ
ចូរ​ចង​ចាំ​ថា​បន្ទាប់​ពី​ការ​រំលូតកូន ស្បូន​របស់​អ្នក​អាច​នៅ​ចំហ​បន្តិច​រយៈពេល​២​ទៅ​៣​ថ្ងៃ ហើយ​វា​អាច​ជា​ដំណាក់កាល​សម្រាប់​ការ​ឆ្លង​មេរោគ​នៅ​នឹង​ឆ្អឹងត្រគាក ឬ​ផ្លូវ​បង្ហូរ​នោម ។ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ សូមកុំ​ប្រើ​សំឡី​អនាម័យ​ដាក់​ក្នុង​ក​ស្បូន ការ​រួម​ភេទ ការ​សម្អាត​ទ្វារមាស ការ​ហែល​ទឹក​តាម​អាង​ទឹក​សាធារណៈ និង​ការ​ត្រាំ​ខ្លួន​ក្នុង​អាង​ទឹក ។ ប្រសិនបើ​អ្នក​នៅ​តែ​មានការ​ឆ្លង​មេរោគ ហើយ​មានការ​ឈឺចាប់​ខ្លាំង សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី និង​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ ។

៣-​គ្រុនក្តៅ
ការ​គ្រុនក្តៅ​ខ្លាំង​បន្ទាប់​ពី​ការ​រំលូតកូន​គឺជា​សញ្ញា​យ៉ាង​ច្បាស់លាស់​ដែល​បង្ហាញ​ថា​អ្នក​ឆ្លង​មេរោគ​នៅ​ក្នុង​រាង​កាយ ។ ប្រសិនបើ​សីតុណ្ហភាព​កើនឡើង​ដល់​១០០,៤​ហ្វា​រិ​ន​ហៃ​ជាមួយនឹង​ការ​ឈឺចាប់​នៅ​តំបន់​ក្បាលពោះ និង​ការ​ចេញ​ទឹករំអិល​ទ្វារមាស​មិន​ប្រក្រតី អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ។

៤-​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ
សូ​ម្បី​តែ​បន្ទាប់​ពី​ការ​រំលូតកូន​ក៏​ដោយ ក៏​អាការ​នៃ​រោគ​សញ្ញា​មាន​ផ្ទៃពោះ​នៅ​តែ​អាច​រំខាន​អ្នក ។ ខណៈ​ពេល​ដែល​អាការ​ចង្អោរ​នឹង​ចាប់ផ្តើម​បាត់​មុនគេ​ក្នុង​រយៈពេល​១​ទៅ​២​ថ្ងៃ ការ​ឈឺចាប់​នៅ​នឹង​សុដន់​អាច​បន្ត​កើត​មាន​រយៈពេល​១​ស​ប្តា​ហ៍ ។ ការ​ហើមពោះ​ក៏​កាន់តែ​អាក្រក់​ទៅ​ៗ​ក្នុងអំឡុងពេល​១​ស​ប្តា​ហ៍​ដំបូង ហើយ​ភាព​អស់កម្លាំង​អាច​កើត​មាន​យ៉ាង​ហោច​ណាស់​ក៏​២​ស​ប្តា​ហ៍​ដែរ ។ រោគ​សញ្ញា​ទាំងនេះ​នឹង​បាត់​បន្ទាប់​ពី​១​ស​ប្តា​ហ៍ ប៉ុន្តែ​ប្រសិនបើ​វា​មិន​បាត់ នោះ​គ្រូពេទ្យ​របស់​អ្នក​ប្រហែលជា​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បំប៉ន​សុខភាព​ដល់​អ្នក​ដើម្បី​បង្កើន​ថាមពល​ដល់​រាង​កាយ​អ្នក ។

៥-​ជំងឺ​បាក់ទឹកចិត្ត
ដូច​ជា​ការ​បាក់ទឹកចិត្ត​ក្រោយ​ឆ្លងទន្លេ​ដែរ ស្ត្រី​អាច​រង​ការ​ប៉ះពាល់​ក្រោយ​ការ​រំលូតកូន​ផង​ដែរ ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ថប់​អារម្មណ៍ ។ ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​រាង​កាយ​អ្នក ដូច្នេះ​អារម្មណ៍​របស់​អ្នក​អាច​ផ្តោត​ទៅ​លើ​បច្ចុប្បន្នភាព ។ ប្រសិនបើ​ការ​បាក់ទឹកចិត្ត​នេះ​កាន់តែ​ធ្ងន់​ឡើង អ្នក​គួរតែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ​បាន ៕