កំពង់ឆ្នាំង និងពោធិ៍សាត់ មានទីលានចាក់សំរាមថ្មី!
- កំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ទីលានទុកដាក់សំរាម ២កន្លែង គឺ១នៅក្រុងកំពង់ឆ្នាំង និង១កន្លែងទៀត នៅក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ។…
កំពង់ឆ្នាំង៖ ទីលានទុកដាក់សំរាម ២កន្លែង គឺ១នៅក្រុងកំពង់ឆ្នាំង និង១កន្លែងទៀត នៅក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ។…
កំពង់ឆ្នាំង៖ ទីលានទុកដាក់សំរាម ២កន្លែង គឺ១នៅក្រុងកំពង់ឆ្នាំង និង១កន្លែងទៀត នៅក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ។ ទីលានទុកដាក់សំរាម ២កន្លែងនេះ ស្ថិតក្នុងចំណោមទីលានទុកដាក់សំរាម ១២កន្លែង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ថ្លែងក្នុងពិធីប្រគល់-ទទួលទីលានទុកដាក់សំរាមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីគុណសម្បត្តិនៃការទុកដាក់សំរាម និងកាកសំណល់នានា ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ទីលានទុកដាក់សំរាមទាំងពីរកន្លែងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅបងប្អូននៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ។
សូមជម្រាបជូនថា ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាមនេះ ត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ ហិចតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាម បានចំនួន ១២០.០០០ ម៉ែត្រគីប។ គម្រោងនេះ បានចំណាយថវិការសាងសង់ប្រមាណ ១,៣៩ លានដុល្លារអាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ ហិចតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កន្លែងទុកដាក់សំរាម ត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៧២ ហិចតា (បណ្ដោយ ៨៥ ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជំរៅ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១៤០.០០០ ម៉ែត្រគីប។ គម្រោងនេះ បានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជន ក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
សូមបញ្ជាក់ថា គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តផ្សេងទៀត ទទួលបានឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ថិតក្រោមការគ្រប់គ្រង និងអនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្ត។ គម្រោងនេះ ត្រូវបានបែងចែកជាអនុគម្រោងចំនួន២ ទី១. សាងសង់ទីលានចាក់សំរាមថ្មី ដែលមានភាពទំនើបផ្តោតលើការការពារបរិស្ថានជាចម្បង និងទី២. សាងសង់ប្រព័ន្ធលូរំដោះភ្លៀងទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ។
សម្រាប់ជំហានទី២ នឹងបន្តសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទឹកភ្លៀង និងទីលានចាក់សំរាមនៅតាមបណ្ដាខេត្តមួយចំនួនទៀត រួមមាន៖ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ជាដើម ដើម្បីលើកកម្ពស់អនាម័យ ការទុកដាក់សំរាម និងការបញ្ចេញទឹកសំណល់កខ្វក់ពីលំនៅឋានរបស់ប្រជាពលរដ្ឋ ពិសេសខេត្តជុំវិញបឹងទន្លេសាប និងតាមបណ្ដោយទន្លេមេគង្គ ឲ្យកាន់តែមានភាពប្រសើរឡើង៕
ចែករំលែកព័តមាននេះ