ខេត្តមណ្ឌលគិរី ៖ បន្លែដាំដុះតាមគោលការណ៏ធម្មជាតិជាច្រើនមុខនៅខេត្តមណ្ឌលគិរី កំពុងមានទីផ្សារបញ្ជាទិញកាន់តែច្រើនជាងមុន ខណៈដែលកសិករស្ទើរតែពុំអាចផលិតផ្គត់ផ្គង់បន្លែទាន់ពេលវេលាតបតាមទំហំទីផ្សារបច្ចុប្បន្ន ។

កសិករដាំបន្លែនៅមាត់បឹងទំនប់ក្រោមស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ លោក ឃ្លោង ថេង បានលើកឡើងថា ប្រភេទបន្លែដែលលោកផ្ដោតដាំដុះច្រើនជាងគេ គឺស្ពៃក្ដោប ព្រោះស្ដៃក្ដោប ជាបន្លែអាចទុកបានយូរ ពោលគឺនៅពេលដល់រដូវកាត់យកទិន្នផល ស្ពៃក្ដោប អាចកាត់បន្តបន្ទាប់គ្នាបានក្នុងរយៈពេលយូរ មិនខូចខាតនោះទេ ខុសប្លែកពីបន្លែផ្សេងទៀត ថែមទាំងមានតម្លៃថ្លៃទៀតផង ។

កសិករខាងលើបានឲ្យដឹងទៀតថា ស្ពៃក្ដោបបច្ចុប្បន្ន អាចលក់បានក្នុងតម្លៃ៥ទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាម ហើយក្នុងផ្ទៃដីចំការជិតកន្លះហិកតារបស់លោកលោកអាចកាត់ស្ពៃក្ដោបយកទៅលក់លើទីផ្សារ ចន្លោះពី៤០គីឡូ ទៅជាង១០០គីឡូក្រាម ជាប្រចាំ។ ក្រៅពីស្ពៃក្ដោបគាត់ក៏បានដាំបន្លែរួមផ្សំផ្សេងទៀតខ្លះដែរ ដូចជាងស្លឹកខ្ទឹម ស្ពៃក្រញ៉ាញ់ ត្រប់ ត្រសក់ និងតាំងឱជាដើម ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា ផ្ទៃដីដាំដុះដំណាំបន្លែរដូវប្រាំងគិតត្រឹមចុងខែមករា ឆ្នាំ២០២៣ អនុវត្តបាន១១៤ហិកតា កើនលើសឆ្នាំមុន១៣ ហិកតា បរិមាណផល ១ ៣១៩តោន ។ ចំពោះទីផ្សារបន្លែនៅក្រុងសែនមនោរម្យល្អជាងឆ្នាំមុន សម្រាប់បន្លែនាំចេញទៅទីផ្សារក្រៅខេត្ត។ ក្នុងនោះមន្ទីរបានផ្សព្វផ្សាយបច្ចេកទេសថ្មីសមស្រប ដល់កសិករ និងជំរុញការដាំដុះដំណាំសមស្របសម្រាប់នាំចេញទាំងក្នុង និងក្រៅប្រទេស ។

លោកប្រធានមន្ទីរបញ្ជាក់ថា ថ្មីៗនេះ នៅមន្ទីរកសិកម្មក៏ទើបសម្ពោធសមទ្ធិផលដ៏ទំនើបមួយ គឺសួនវិទ្យាសាស្ត្រកសិកម្ម សម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗជូនដល់កសិករ និងជួយជម្រុញទំនើបកម្មរបស់កសិករផងដែរ ។ បច្ចុប្បន្ន មន្ត្រីជំនាញខេត្តមណ្ឌលគិរីក៏កំពុងធ្វើកិច្ចសហប្រតិបត្តិការមួយទៀត មានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង លើការដាំដុះដំឡូងបារាំង ដោយមានទីប្រឹក្សាបច្ចេកទេស សិក្សាផ្ដល់បច្ចេកទេស តម្រង់ទិសឲ្យកសិករដាំដុះកាន់តែត្រឹមត្រូវ និងបានទិន្នផលខ្ពស់ ថែមទាំងការពារទប់ស្កាត់ពីជំងឺ និងការយាយីពីសត្វល្អិតជាដើម ហើយនៅពាក់កណ្ដាលឆ្នាំនេះ នឹងមានមជ្ឈមណ្ឌលផ្សព្វផ្សាយបច្ចេកទេសបន្លែ ផលិតពូជដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរីផងដែរ ៕




ចែករំលែកព័តមាននេះ