ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលានប្រណាំង​រថយន្ត កំពុង​សង្ស័យ​បាន​កន្ទេល​ធំ​បន្លំ​ដេក កំពុង​បំផ្លាញ​ព្រៃឈើ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

នៅ​ទីបំផុត​មនុស្ស​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុ​ប​ឈើ​ដ៏​ធំ​សម្បើម​មួយ​កន្លែង នៅ​ទីតាំង​ប្រណាំង​រថយន្ត​១២​ម៉ូតូ​ផាត ស្ថិត​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ទីបំផុត​មនុស្ស​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុ​ប​ឈើ​ដ៏​ធំ​សម្បើម​មួយ​កន្លែង នៅ​ទីតាំង​ប្រណាំង​រថយន្ត​១២​ម៉ូតូ​ផាត ស្ថិត​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦-១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ចម្រុះ​របស់​ខេត្ត​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យ ស្រាវជ្រាវ រក​ឃើញ​បទល្មើស​ប្រមូល​ផល អនុ​ផល​ព្រៃឈើ ជិត​ក្រុមហ៊ុន​១២ Motor Park និង​ក្នុង​បរិវេណ​ក្រុមហ៊ុន​១២ Motor Park ។

សេចក្ដីរាយការណ៍​បន្ត​ថា មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ឈើ​អារ​ចម្រុះ​ប្រភេទ និង​គល់ឈើ ចំនួន​៣​ទីតាំង​។ ដោយ​ទីតាំង​ទី​១- គល់ឈើ​ជា​ច្រើន​ត្រូវ​បាន​គេ​កាត់​យក​ដើម​ក្នុង​ព្រៃ នៅ​ចំណុច​និយាម​ការ​លេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅ​ក្រៅ​បរិវេណ​ក្រុមហ៊ុន​១២ Motor Park ដោយ​ឃើញ​មាន​ស្នាម​ដាន​ឡាន​ប៉ា​កុង ដឹក​ចូល​គំនរ​ទីតាំង​ស្តុក​ឈើ​ដែល​ក្រុមការងារ​បាន​ចាប់​ឃាត់​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ចូល​ក្នុង​របង​ក្រុមហ៊ុន​១២ motor park​។

ទីតាំង​ទី​២- មន្ត្រី​ជំនាញ​រក​ឃើញ​ឈើ​អារ​ប្រភេទ​លេខ​១ ចំនួន​៣១២​សន្លឹក ស្មើនឹង​ជាង​១១​ម៉ែត្រគូប (​បាន​កែ​ឆ្នៃ​ជា​តុ​) ឈើ​អារ​ប្រភេទ​លេខ​១ ចំនួន​៤២​សន្លឹក ស្មើនឹង​ជាង​១​ម៉ែត្រគូប​(​ឈើ​សន្និធិ​) កៅអី​តុក្កតា​មុខកាត់​០.៣០​ម៉ែត្រ កម្ពស់​០.៥០​ម៉ែត្រ ចំនួន​១៣០​កំណាត់​។ ឈើ​ដែល​បាន​រក​ឃើញ​ទាំង​អស់នេះ ក្រុមការងារ​ពុំ​បាន​ដកហូត​នោះ​ទេ​។

ទីតាំង​៣- រក​ឃើញ​ឈើ​អារ​ប្រភេទ​លេខ​១ ចំនួន​៧៣៦​សន្លឹក ស្មើនឹង​ជាង​៧​ម៉ែត្រគូប​(​ឈើ​សន្និធិ​) និង​បាន​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​របង​រួច​ចំនួន​៤០០​សន្លឹក ស្មើនឹង​៣​ម៉ែត្រគូប នៅ​ចំណុច​និយាម​ការ​លេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើ​ដែល​បាន​រក​ឃើញ​ទាំង​អស់នេះ ក្រុមការងារ​ពុំ​បាន​ដកហូត​នោះ​ទេ​។

ក្រៅពី​រក​ឃើញ​ឈើ​ទាំងអស់​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​២​នាក់ នៅ​ចំណុច​២​ទីតាំង​ផ្សេង​គ្នា ដែល​មាន​និយាម​ការ​លេខ​ទី​១ នៅ ១៧៤១៩២៣,១៣៩២៤៣៤ ទី​២ នៅ​ចំណុច​និយាម​ការ​លេខ​៧៤១៩៩២,១៣៩២៥១៧ ។ ដើម្បី​កសាង​សំនុំរឿង​តាម​និ​តិ​វិធី​នៃ​ច្បាប់​ព្រៃឈើ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា ក្រៅពី​ទីលានប្រណាំង​ឡាន​ដែល​វាទ​ទី​ហ៊ុម​ព័ទ្ធ​ដី​ព្រៃរបស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​។ បច្ចុប្បន្ន​ដី​ព្រៃ​នៅ​ជិត​ៗ ក្បែរ​ៗ​ទីលានប្រណាំង​ឡាន​កំពុង​ត្រូវ​គេ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​រាប់រយ​ហិ​កតា​យ៉ាង​គគ្រឹកគគ្រេង ក្នុង​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក​។

ជុំវិញ​ករណី​ខាងលើ​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច បាន​លើក​ឡើង​ថា « យើ​ង​ខ្ញុំ​ពិតជា​គាំទ្រ​នូវ​ការ​បង្កើត​គម្រោង​ប្រណាំង​រថយន្ត ដើម្បី​លើកកម្ពស់​ជាតិ ពិសេស​សេដ្ឋកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី តែ​យើង​ស​ង្ឈឹ​ម​ថា ការ​អភិ​វ​ឌ្ឈ​ន៍​នឹង​មិន​មាន​រូបភាព​រំ​លោ​.​ភ​សិទ្ធិ រើសអើង​ពូជសាសន៍ សាសនា​ណាមួយ​របស់​ជនជាតិ​ដើម​ដែល​ជា​ពលរដ្ឋ​របស់​កម្ពុជា ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​ជាតិ ជា​ពិសេស​ឆន្ទៈ​របស់​សម្តេច​តេ​ជោ​នោះ​ទេ​។

យើងខ្ញុំ​បញ្ជាក់​ថា ភ្នំ​មួយ​ក្នុង​តំបន់​ប្រ​ណាំ​រថយន្ត​នេះ គឺជា​ភ្នំ​អារក្ស ដែល​មានឈ្មោះ​ថា «​អ​ម្រះ (​ភ្នំ​ព្រះ​)» ដែល​ជា​ភ្នំ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ពូន​ង ភូមិ​មេ​ប៉ៃ ធ្លាប់​គោរព​បូជា ដកហូត​អនុ​ផល​ព្រៃឈើ និង​អភិរក្ស ព្រោះ​វា​សម្បូរ​អនុ​ផល​ព្រៃឈើ និង​សត្វព្រៃ ពិសេស​នោះ​គឺ​កន្លែង​ពិសិដ្ឋ​ផង​ដែរ​។

សហគមន៍​មួយ​ចំនួន​បាន​បញ្ជាក់​ថា គាត់​មិន​ចង់​បាត់បង់​ភ្នំ​នេះ​ទេ តែ​ដោយសារ​មានការ​ញុះញុង និង​មានការ​រៀបចំ​ច្បាស់លាស់​ធ្វើ​ឱ្យ​សមាជិក​សហគមន៍​ជា​ច្រើន​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​គាត់​បាន​ព្យាយាម​ជម្រាប និង​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ជា​ច្រើន​ដង​ដែរ​។ បន្ទាប់​ពី​ភ្នំ​នេះ ត្រូវ​បាន​គេ​ឈូស​ឆាយ​ជើងភ្នំ​កន្លង​មក​។

ជំនឿ​យើងខ្ញុំ គឺ​លើ​អារក្សអ្នកតា តាម​ជ្រោះ​ភ្នំ ដែល​មិន​មាន​លទ្ធភាព​ធ្វើ​វិហារ វត្ត ទី​អាស្រម​ដូច​សាសនា​ផ្សេង​នោះ​ទេ តែ​វា​ក៏​ជា​សាសនា​មួយ​ដែល​ត្រូវ​ការពារ លើកកម្ពស់ មិន​អាច​ចេះ​តែ​បំផ្លាញ រំ​លោ​.​ភ​ព្រោះ​វា​ជា​ភ្នំ ព្រៃ និង​ជា​សាសនា​របស់​ជនជាតិភាគតិច​នោះ​ទេ​។

យើងខ្ញុំ​ជា​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ភាព​ទន់ខ្សោយ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ មាន​តែ​ឈរ​មើល​នូវ​ការ​បាត់បង់ និង​បំផ្លាញ តែ​ស​ង្ឈឹ​ម​ថា​ថ្នាក់ដឹកនាំ បងប្អូន​ខ្មែរ​ដែល​មាន​ជំនឿ​លើ អា​រុក្ខ​អារក្សអ្នកតា ព្រលឹង​វិញ្ញាណ​គិតពិចារណា និង​បញ្ជៀ​ស​នូវ​បញ្ហា ព្រមទាំង​រូបភាព​នូវ​ការ​រើសអើង​សាសនា ព្រោះ​វា​មិនល្អ​ទេ សម្រាប់​សង្គម​ជាតិ​យើង ដោយសារ​តែ​យើង​ជា​ខ្មែរ​ដូច​គ្នា​។ ពួក​យើងខ្ញុំ​មាន​តែ​មិន​គាំទ្រ​នូវ​ការ​រាល់​គម្រោង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បាន​រំ​លោ​.​ភ និង​បំផ្លាញ​ទីតាំង​ជំនឿ​របស់​យើងខ្ញុំ ដើម្បី​កុំឱ្យ​ខុស​នឹង​អារក្ស ព្រមទាំង​គុណ​តម្លៃ​ខ្លួនឯង​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​។

ក្រោយ​ពី​មាន​ប្រតិបត្តិការ​បង្ក្រាប​ពី​កម្លាំង​ជំនាញ និង​ប្រតិកម្ម​ជា​ច្រើន​ពី​មហាជន ម្ចាស់​ទីលាន​១២​ម៉ូតូ​ផាក បាន​ចេញ​សេចក្តី​បំភ្លឺ​បដិសេធ​ដោយ​អះអាង​ថា ខ្លួន​មិន​មានការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​បទល្មើស​ព្រៃឈើ​ខាងលើ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ