ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រពភាពយន្តអឺរ៉ុប ឆ្នាំ​២០២៣ ចាប់ពីថ្ងៃ​ទី​១៧-២៥ ខែកុម្ភៈ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកុម្ភៈ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក​ មជ្ឈមណ្ឌលវប្បធម៌ជាដៃគូ ព្រមទាំង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសម្ពោធជាផ្លូវការនូវមហោស្រពភាពយន្តអឺរ៉ុប លើកទី១៤…

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកុម្ភៈ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក​ មជ្ឈមណ្ឌលវប្បធម៌ជាដៃគូ ព្រមទាំង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសម្ពោធជាផ្លូវការនូវមហោស្រពភាពយន្តអឺរ៉ុប លើកទី១៤ នៅកម្ពុជា។ ពិធីសម្ពោធនេះ បាន​ប្រព្រឹត្តទៅ នៅបរិវេណសួនច្បារ ក្នុង​វិទ្យាស្ថាន​បារាំង នៅរាជធានីភ្នំពេញ កាលពីម៉ោង ៦:០០ ល្ងាច។

ពិធីសម្ពោធនេះ ចូលរួមពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លោកជំទាវ Carmen Moreno, អគ្គរដ្ឋទូតបារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសវៀតណាម លោក​ Olesandr Gaman ព្រមទាំងលោក​ សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។  

បន្ទាប់ពិធីបើកសម្ពោធជាផ្លូវការ ក៏មានការចាក់បញ្ចាំងខ្សែភាពយន្តអ៊ុយក្រែន រឿង «Mother of Apostles» ដែលជាភាពយន្តដកស្រង់ពីរឿងពិត និយាយអំពីស្ត្រីជាម្តាយ តាមស្វែងរកកូនប្រុស​របស់ខ្លួន នាពេលយន្តហោះមនុស្សធម៌របស់ពួកគេ ត្រូវបានបាញ់ទម្លាក់ ពេលដែលរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។  

ការបញ្ចាំងភាពយន្តក្នុងឱកាសនៃមហោស្រពភាពយន្តអឺរ៉ុប-កម្ពុជា ឆ្នាំ២០២៣នេះ ធ្វើឡើងនៅទីតាំង​ចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមាន៖ រោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន១ វិទ្យាស្ថានបារាំង ផ្ទះមេត្តា និងមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ​។

ភាពយន្ត​ខ្នាតធំ សរុប​ចំនួន ២៦រឿង និង​កម្មវិធីផ្សេងៗ ជាច្រើន កំពុង​រង់ចាំ​សាធារណជន ចូលរួមទស្សនា។ ការបញ្ចាំងភាពយន្តខ្នាតខ្លីពិសេស សរុបចំនួន ១៨រឿង ធ្វើឡើងនៅទីតាំង​ចំនួន២ គឺនៅមជ្ឈមណ្ឌលបុប្ផាណា និង Hops Craft Beer Garden នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកុម្ភៈ។  

មិនថាអ្នក គឺជាអ្នកចូលចិត្តក្នុងការផលិតភាពយន្ដ ដែលឈ្មុសឈ្មុល ចូលក្នុងទម្រង់សិល្បៈ​បំផុតនោះ ឬជាអ្នកចូលចិត្តមើលភាពយន្តធម្មតា ដែលកំពុងស្វែងរកបទពិសោធន៍ថ្មីនោះទេ មហោស្រពភាពយន្តអឺរ៉ុប នឹងមានគ្រប់ទម្រង់ សម្រាប់អ្នករាល់គ្នា រួមទាំង​ភាពយន្តជីវិត ភាពយន្តគ្រួសារ រឿងកំប្លែង និងភាពយន្តឯកសារល្អៗជាច្រើន។ សូមកត់ត្រាចំណាំលើកាលវិភាគ​របស់អ្នក និងត្រៀមខ្លួនចូលក្នុងពិភពភាពយន្តអឺរ៉ុប។  

ជាផ្នែកមួយនៃកម្មវិធីពិសេស សម្រាប់អ្នកផលិតភាពយន្តវ័យក្មេងក្នុងស្រុក ក្រុមការងារបាន​អញ្ជើញ​អ្នកដឹកនាំរឿង និងអ្នកនិពន្ធដ៏ល្បី​ពីអឺរ៉ុប គឺលោក Simon Gillard អោយមកកម្ពុជា ដើម្បីបង្រៀនវគ្គខ្លី ពីការផលិតភាពយន្តឯកសារ។ ក្នុងអំឡុងពេលបង្រៀន ផលិតករភាពយន្ត​រូបនេះ នឹងចែករំលែកការយល់ដឹង ព្រមទាំងបទពិសោធន៍ ក្នុងការតាក់តែង បង្កើតឡើងនូវទឹកដៃ​ភាពយន្តដែលល្អប្រណិត និងផ្តល់ដល់ក្រុមនិសិត្សដែលចូលរួម​នូវឱកាសប្រឹក្សាមួយទល់នឹងមួយ ដើម្បីពិភាក្សាអំពីគម្រោងផលិតភាពយន្តរបស់ពួកគេ និងភាពស្មុគស្មាញ នៃការនាំយករឿងរ៉ាវពិត មកផលិតជាខ្សែភាពយន្ត។  

សម្រាប់កម្មវិធីពិសេសចុងក្រោយ នៅល្ងាចថ្ងៃទី​២៥ ខែកុម្ភៈ នៅភោជនីយដ្ឋាន Perch Restaurant & Lounge នឹងមានពិធីបិទមហោស្រពភាពយន្តអឺរ៉ុប-កម្ពុជា ឬ «EUFF23 Closing Gala» ។ ពិធីពិសេសនេះ នឹងមានរៀបចំនូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន រួមមានការបង្ហាញនូវ​ចំណុចពិសេសៗនៃមហោស្រពភាពយន្តនេះ ព្រមទាំងការតាំងពិព័រណ៌សិល្បៈ ការប្រគុំតន្ត្រីពី​សិល្បៈករអន្តរជាតិ DJ Oil ដែលនឹងបង្កើនបរិយាកាសរីករាយក្នុងឱកាសបិទនៃមហោស្រព ខណៈពេលដែលអ្នកចូលរួម អាចរីករាយជាមួយអាហារ និងទិដ្ឋភាពនៃរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ ក៏នឹងបង្ហាញពីផលិតផលសិល្បៈវប្បធម៌ពិសេសមួយចំនួន រួមទាំងអនុស្សាវរីយ៍​ភាពយន្ត និងតន្ត្រី ពីទសវត្សរ៍ឆ្នាំ១៩៦០ ដែលនឹងនាំមហោស្រពភាពយន្តអឺរ៉ុប-កម្ពុជា ឆ្នាំ២០២៣ នូវអនុស្សាវរីយ៍ដ៏ល្អមួយ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ