រាជធានីភ្នំពេញ ៖ អាជីវករម្នាក់ត្រូវបានក្រុមហ៊ុនដាក់ពាក្យប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ «កំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍» ដោយទាមទារជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ ។ ការប្តឹងចោទប្រកាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីអាជី
វកររូបបានបង្ហោះនៅក្នុងបណ្តាញសង្គមគំរាមកំហែងដល់ក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុន ។

អាជីវករដែលរងការចោទប្រកាន់រូបនោះ ត្រូវបានគេស្គាល់ឈ្មោះគឹម ចាន់រតនា ភេទប្រុស កើតថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៩១ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ០១១១២០២១៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មានអាសយដ្ឋានបច្ចុប្បន្ននៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមពាក្យបណ្ដឹងរបស់លោក ង៉ែត ចំរើន ដែលជាតំណាងក្រុមហ៊ុនបានអោយដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ គឹម ចាន់រតនា បានចាក់បេតុងលាយស្រេចពីក្រុមហ៊ុនដ្រេហ្គនស៊ីធី ដោយចាក់អស់ថ្លៃ២.៨៤០ដុល្លារអាមេរិក ។ ក្រោយពេលចាក់រួច ឈ្មោះ គឹម ចាន់រតនា មិនបានធ្វើការទូទាត់ថ្លៃបេតុងឲ្យក្រុមហ៊ុននោះទេ ដោយខាងទីផ្សារនៃក្រុមហ៊ុនបានធ្វើការទាក់ទងតាមប្រព័ន្ធ តេឡេក្រាមជាច្រើនលើកច្រើនសារ ហើយត្រូវបានឈ្មោះ គឹម ចាន់រតនា យកលេសមិនទូទាត់ឲ្យ និងបានបើ ពាក្យប្រមាថមើលងាយលើបុគ្គលិកទីផ្សារនៃក្រុមហ៊ុនថែមទៀតផង។

នៅក្នុងពាក្យបណ្ដឹងបានបន្ថែមថា រហូតដល់ថ្ងៃទី២ ទី៣ និង០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឈ្មោះ គឹម ចាន់រតនា បានប្រើគណនីបណ្តាញសង្គមហ្វេសបុក និងគណនីតេឡេក្រាម ធ្វើការបង្ហោះព័ត៌មានមិនពិត ក្រោមការគំរាមកំហែងហែកកេរ្តិ៍ និងកំហែងយកមកកាន់ក្រុមហ៊ុន ។
ក្រោយពីបានប្រើពាក្យគំរាមកំហែងជាច្រើន ឈ្មោះ គឹម ចាន់រតនា ក៏បានប្រាប់ទៅខាងបណ្តាញ សារព័ត៌មានមួយចំនួន ឲ្យចុះផ្សាយមិនពិតទៅលើក្រុមហ៊ុនដ្រេហ្គនស៊ីធី និងបុគ្គលិកផងដែរ។
នៅក្នុងពាក្យបណ្តឹងនោះលោក ង៉ែត ចំរើន ដែលជាតំណាងក្រុមហ៊ុន ក៏បានសំណូមពរ ដល់តុលាការឲ្យកោះហៅ និងចាប់ខ្លួនឈ្មោះ គឹម ចាន់រតនា ពីបទកំហែងយក និង បទគំរាមកំហែងហែកកេរ្តិ៍ និងឲ្យឈ្មោះ គឹម ចាន់រតនា សងការប្រាក់ សំណងជំងឺចិត្ត និងថ្លៃសេវាកម្មផ្លូវច្បាប់គិតជាប្រាក់ចំនួន២០០.០០០ដុល្លារអាមេរិក។

ទោះជាយ៉ាងណា កោះសន្តិភាពពុំទទួលការបំភ្លឺណាមួយពីឈ្មោះ គឹម ចាន់រតនា ឡើយ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ