ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថែទាំ​ធុង​ទឹក​រថយន្ត និង​បង្ការ​បញ្ហា​កើត​មាននៅ​ពេល​ធ្វើ​ដំណើរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធុង​ទឹក​រថយន្ត​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរការ​ម៉ាស៊ីនរថយន្ត ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​កម្ដៅ និង​រក្សា​កម្ដៅ​ម៉ាស៊ីន​ឲ្យ​ដំណើរការ​ល្អ ដែល​មិន​ធ្វើ​ឱ្យ​រថយន្ត​មាន​បញ្ហា​នៅ​ពេល​ធ្វើ​ដំណើរ​។

រាជធានី​ភ្នំពេញ ៖ ធុង​ទឹក​រថយន្ត​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរការ​ម៉ាស៊ីនរថយន្ត ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​កម្ដៅ និង​រក្សា​កម្ដៅ​ម៉ាស៊ីន​ឲ្យ​ដំណើរការ​ល្អ ដែល​មិន​ធ្វើ​ឱ្យ​រថយន្ត​មាន​បញ្ហា​នៅ​ពេល​ធ្វើ​ដំណើរ​។

ម្ចាស់​រថយន្ត​មួយ​ចំនួន​បាន​យល់​ដឹង​ពី​របៀប​ថែទាំ តែ​អ្នកខ្លះ​មិនសូវ​ចាប់អារម្មណ៍ និង​មិនសូវ​ខ្វល់​ពី​ចំណុះ​ទឹក​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​ពេល​ខ្លះ​មាន​បញ្ហា​នៅ​ពេល​បើកបរ​តាម​ផ្លូវ ។

ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​ធុង​ទឹក​រថយន្ត​ឱ្យ​បាន​ល្អ មិន​ឱ្យ​ឡើង​កម្ដៅ និង​សម្រួល​ដល់​ដំណើរការ​នៃ​ម៉ាស៊ីន លោក អៀង សុធា ប្រធាន​ផ្នែក​យន្តសាស្ត្រ​រថយន្ត​នៃ​សាលា​បច្ចេក ទេស​ដុន​បូ​ស្កូ ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ធុង​ទឹក​រថយន្ត​ប្រើប្រាស់​បាន​យូរ មិន​លិច មិន​ជ្រាប និង​មិន​ងាយ​ធ្វើ​ឱ្យ​រថយន្ត​ឡើង​កម្ដៅ ទឹក​ដែល​យក​មក​ចាក់​បញ្ចូល​ក្នុង​ធុង​នោះ មិនមែន​ជា​ទឹក​កខ្វក់ ទឹក​ត្រពាំង ទឹក​អណ្ដូង ឬ​ទឹកលូ​ទេ ព្រោះ​ទឹក​ទាំងនោះ​សម្បូរ​ទៅ​ដោយ​កំបោរ ដែល​ធ្វើ​ឱ្យ​ធុង​ទឹក​ឆាប់​ឡើង​ស្នឹម ឬ​កក​ជា​កំបោរ ។

លោក​បាន​ផ្ដល់​យោបល់​ថា ៖« យក​ល្អ ម្ចាស់​រថយន្ត​គួរតែ​យក​ទឹកបរិសុទ្ធ​មក​ចាក់​បញ្ចូល ព្រោះ​វា​គ្មាន​កំបោរ​កក​ដែល​អាច​ធ្វើ​ឱ្យ​ធុង​ទឹក​រថយន្ត​កើត​កំណក​បាន »​។

លោក​បន្ត​ថា ក្រោយ​ពី​បាន​ដាក់​ទឹក​ស្អាត​ចូល​ទៅ​ក្នុង​ធុង​ទឹក​រថយន្ត​ហើយ យើង​អាច​វាស់​ស្ទង់​បាន​ថា តើ​ប៉ុន្មាន​គីឡូម៉ែត្រ ទើប​អាច​ប្តូរ​ទឹក​ក្នុង​ធុង​នោះ​ចេញ​ម្ដង ។

លោក​ថា ៖« ជា​ទូទៅ ធុង​ទឹក មិន​ចាំបាច់​ពិនិត្យ​រាល់ថ្ងៃ​ទេ ពេល​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ៗ ឬ​យូរ​ៗ​ម្ដង សឹម​ពិនិត្យ​មើល​វា ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ទៅ​បើក​គម្រប​ធុង​ទឹក​ដែរ ពោល​គឺ​យើង​ពិនិត្យ​មើល​តែ​ធុង​ទឹក​សា​គួរ​បស់​វា​បាន​ហើយ បើសិនជា​ធុង​ទឹក​សា​គួ​នោះ​ស្រក​ទឹក​ច្រើន សឹម​យើង​បន្ថែម​វា និង​អាច​បើក​គម្រប​ធុង​ទឹក​ស្អំ​ម៉ាស៊ីន​ដាក់​បញ្ចូល ប៉ុន្តែ​បើសិនជា​ធុង​សា​គួ​នៅ​មាន​កម្រិត Full (​ពេញ​) មិនបាច់​បើក​មើល​ធុង​ទឹក​ស្អំ​ម៉ាស៊ីន​ទេ ព្រោះ​ការ​បើក​វា​ញឹកញាប់ អាច​បិទ​មិន​ជិត​ធ្វើ​ឱ្យ​ទឹក​ក្នុង​ធុង​នោះ​លិច​ចេញ ឬ​របូត»។

លោក​បន្ថែម​ថា ដើម្បី​ឱ្យ​ធុង​ទឹក​នោះ​កាន់តែ​ស្អាត និង​ប្រើប្រាស់​បាន​យូរ ម្ចាស់​រថយន្ត​គួរ​ប្រើប្រាស់​ទឹក​ម្យ៉ាង​ឈ្មោះ​ថា Coolant ដែល​អាច​ជួយ​កាត់​បន្ថយ​កំណកកំបោរ​នៅ​ក្នុង​ធុង​ទឹក និង​មាន​សារសំខាន់​សម្រាប់​រថយន្ត ។ ម្ចាស់​រថយន្ត​អាច​រក​ប្រើប្រាស់​ទឹក​នេះ​សុទ្ធ ឬ​លាយ​ជាមួយ​ទឹក​ធម្មតា​៥០%​ក៏​បាន​ដែរ ។

លោក អៀង សុធា បាន​បញ្ជាក់​ថា ជា​ទូទៅ​ការ​ផ្លាស់​ប្តូរ​ទឹក​ចេញពី​ធុង​ទឹក​ក្នុង​រថយន្ត ម្ចាស់​រថយន្ត​អាច​សម្គាល់​តាម​រយៈ​កុង​ទ័​រ​ចម្ងាយ ។ ជា​មធ្យម យើង​អាច​ផ្លាស់​ទឹក​ចាស់​ចេញ​ត្រឹម​១ ឬ​២​ម៉ឺន​គីឡូម៉ែត្រ ព្រោះ​បើ​ទុក​ទឹក​នោះ​យូរ​ទៅ​ក៏​មិនល្អ​ដែរ ដែល​វា​អាច​បង្ក​ជា​កំណក​ធ្វើ​ឱ្យ​រថយន្ត​ឆាប់​ឡើង​កម្ដៅ ។

គួរ​បញ្ជាក់​ថា គ្រប់​រថយន្ត​ទាំងអស់​មិន​ថា​ថ្មី ចាស់ ស៊េរី​ទំនើប​ប៉ុនណា​ទេ ធុង​ទឹក​រថយន្ត មាន​បំពាក់​គ្រប់​រថយន្ត​ទាំងអស់ គ្រាន់តែ​ចំណុះ​ធុង​ទឹក​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ ម៉ាក និង​ស៊េរី ។ ធុង​ទឹក​មាន​តួនាទី​ដូច​ៗ​គ្នា គឺ​សម្រាប់​បញ្ចុះ​កម្ដៅ​ម៉ាស៊ីនរថយន្ត​មិន​ឲ្យ​ក្តៅ​ខ្លាំង និង​អាច​ធ្វើ​ដំណើរ​បាន​យូរ និង​ឆ្ងាយ ៕