ថ្មីៗនេះក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវម៉ូដែល Phantom ស៊េរីពិសេសមួយ ដែលស្បែកពូកក្នុងរថយន្តមានក្រឡាប្រទាក់គ្នាជាច្រើនថ្នេរ។ វាគឺជាការបង្ហាញពីប្រណិតភាព និង ការយកចិត្តទុកដាក់របស់អ្នកផលិត។ ខាងផ្នែករចនាពូករថយន្តរបស់ Bentley បានឃើញដូចនេះ ហើយក៏ចេញជាការរចនាម៉ូដពិសេសមួយប្រភេទរបស់ខ្លួន។
ការរចនាស្បែកពូកថ្មីរបស់ Bentley បានផ្តល់នូវផាសុកភាព និង ការទាក់ភ្នែកពីសំណាក់មនុស្សនៅជុំវិញ។ ជាធម្មតា ការរចនាបែបក្រឡាពេជ្រលើស្បែកពូករថយន្ត គឺមានលើរថយន្តផ្សេងទៀតយូរមកហើយ។ តែសម្រាប់ Bentley គឺដេរថ្នេរក្រឡាពេជ្រពីរជាន់។ ពោលគឺមានទាំងក្រឡាខាងក្រៅ និង ខាងក្នុង ដែលធ្វើការក្រឡានីមួយៗ ស៊ីថ្នេរអស់ដល់ទៅ ៧១២ថ្នេរ និង ត្រូវដេរដោយប្រើប្រាស់ឧបករណ៍ពិសេស និង អ្នកជំនាញ។ ការធ្វើបែបនេះ បានធ្វើឱ្យអតិថិជន Bentley ពេញចិត្តស្តូក។
Bentley បានរាយការណ៍មកថា ការរចនាក្រឡាពេជ្រពីរជាន់ទៅលើស្បែកពូក និង ស្បែកទ្វារ កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង។ បើតាមក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសមួយនេះ បានឱ្យដឹងថា នាពេលនេះអតិថិជនភាគច្រើនបានបញ្ជាទិញយកក្រឡាពូកបែបនេះ ហើយភាគច្រើនជាអតិថិជនរបស់រថយន្ត Bentley Continental GT និង Continental GT Convertible។ ដោយសារតែភាពជោគជ័យទៅលើក្រឡាពូកស្បែកបែបនេះហើយ Bentley បានដាក់ឱ្យមាននៅលើរថយន្ត Bentley Flying Spur ទៀត។ ស្បែកប្រភេទនេះ មានមិនត្រឹមតែលើពូកប៉ុណ្ណោះទេ។ ពោលគឺវាមាននៅលើទ្វារ និង តាបឡូផ្នែកខាងក្រោយ។
ការបង្កើតជាក្រឡាស្បែកបែបនេះ គឺមិនមែនជារឿងងាយស្រួលទេ។ គេបានប្រើប្រាស់ការបញ្ជាដេរដោយម៉ាស៊ីនផ្ទាល់ ដែលមនុស្សជាអ្នកអង្គុយបញ្ជា។ វាគឺជាការងារដែលទាមទារពេលវេលាច្រើន និង ត្រូវការកម្លាំងមនុស្សច្រើន។ ដូចនេះ គេនៅមិនទាន់អាចកំណត់តម្លៃសម្រាប់ការបំពាក់ក្រឡាស្បែកបែបនេះនៅឡើយទេ៕
ចែករំលែកព័តមាននេះ