Aston Martin អួត​សាច់ដុំ​ផលិត​ឧទ្ធម្ភាគចក្រ​ស៊េរី​ថ្មី​មើល​បែក​ភ្នែក


Aston Martin គឺជា​យីហោ ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​ប្រណាំង​ល្បឿន​លឿន និង រថយន្ត​ប្រណិត​ ។ នៅ​ពេល​ថ្មី​ៗ​នេះ​ទៀត​សោត គេ​ក៏​បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Brough Superior រចនា​ម៉ូ​ដ​ម៉ូតូ AMB 001​ ។ ពេល​នេះ ក្រុមហ៊ុន​បាន​ចាប់ដៃ​នឹង​ក្រុមហ៊ុន​យន្តហោះ​។ គេ​ផលិត​ឧទ្ធម្ភាគចក្រ​ប្រណិត​មួយ​ហៅ​ថា ACH130 Aston Martin Edition ដែល​ជា​ស្នាដៃ​រួម​ជាមួយនឹង Airbus Corporate Helicopters​។

ឧទ្ធម្ភាគចក្រ Airbus ACH130 ស៊េរី​ពិសេស​នេះ អាច​ត្រូវ​បាន​បំពាក់​ជាមួយនឹង​ការ​រចនា​ម៉ូ​ដ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ដែល​បង្កើត​ដោយ Aston Martin​។ ការ​រចនា​ប្រចាំ​ត្រកូល​របស់ Aston Martin អាច​មើល​ស្គាល់​ភ្លាម​ៗ​នៅ​លើ​ឧទ្ធម្ភាគចក្រ​នេះ ដែល​នៅ​ផ្នែក​ខាងក្នុង​មាន​សុទ្ធតែ​ស្បែក​ប្រណិត​។ ផ្នែក​ខាងក្រៅ​នៃ​រចនា មាន​លក្ខណៈ​ពិសេស ដែល​មាន​ពណ៌​ប្រដេញ​ខ្មៅ លាយ​បៃតងចាស់​។ វា​ក៏​អាច​មាន​ជា​ពណ៌​ប្រផេះ ខៀវ ឬ ខ្មៅ​ដិត​ផង​ដែរ​។

នៅ​ខាងក្នុង​កាប៊ី​ន គឺ​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​ផ្នែក​ខាងក្នុង​របស់​រថយន្ត Aston Martin ព្រោះតែ​វា​មាន​ស្បែក​ពណ៌​ដូច​ទៅ​នឹង​ស្បែក​របស់​រថយន្ត​។ គេ​ក៏​អាច​មើល​ដឹង​ដោយសារ​តែ​នៅ​លើ​កន្លែង​ទ្រ​ក្បាល មាន​ស្លាក​សញ្ញា​របស់ Aston Martin ផុស​ឡើង​នៅ​លើ​ស្បែក​។ ទ្វារ​របស់​ឧទ្ធម្ភាគចក្រ​នេះ ក៏​មាន​ស្បែក​ប្រណិត​ពាស​នៅ​ពីលើ​ដែរ​។

អនុប្រធាន​ក្រុមហ៊ុន Aston Martin លោក Marek Reichman មាន​ប្រសាសន៍​ថា​៖«​យើង​មាន​គោលការណ៍​នៃ​ការ​រចនា​រថយន្ត​ដោយ​ខ្លួនឯង ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ យើង​បាន​រៀន​ពី​របៀប​អនុវត្ត​គោលការណ៍​របស់​យើង​ទៅ​ផ្នែក​រចនា​ដទៃ​ទៀត ដូច​ជា​ស្ថាបត្យកម្ម​ម៉ូតូ និង​ឥឡូវនេះ​ឧទ្ធម្ភាគចក្រ​»​។

ឧទ្ធម្ភាគចក្រ​ស៊េរី​ពិសេស​នីមួយ​ៗ​នឹង​មាន​ស្លាក​បន្ទះ​បញ្ជាក់​ពី​ការ​សហ​ការណ៍​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ និង លេខ​សម្គាល់ ជាមួយនឹង​ឈ្មោះ​របស់​ម្ចាស់​។ ការ​ដឹក​ជញ្ជូន​ទៅ​ឱ្យ​អតិថិជន​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០២០៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ