ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យដែលគេដឹងថា ជាក្មេងទំនើងម្នាក់ហើយជាកូនប្រសាររបស់មន្ត្រីនគរបាលមួយរូបដែលយាមប្រចាំការនៅតុលាការ ត្រូវបាននគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិ.ង្សាដោយចេតនា គឺវា.យទៅលើជនរងគ្រោះមួយរូបបណ្ដាលឲ្យផុងចិញ្ចើមរងរបួសជាទម្ងន់។
![Picture]()
ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់មួយរយៈ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននិងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តចាត់ការបន្តតាមនីតិវិធី បើទោះជាឪពុកក្មេករបស់ជនសង្ស័យរូបនេះបានអន្តរាគមន៍យ៉ាងណាក៏ដោយ ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 2023 នៅចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ វ៉ាន់ សុជាតិ ហៅហន ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិស្នួលជ្រុំឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាបងធំ និងជាក្មេងទំនើងប្រចាំតំបន់។ជននេះ គឺជាកូនប្រសាររបស់លោកអ៊ុក សុផាត នាយរងផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តដែលបច្ចុប្បន្នជាអ្នកយាមប្រចាំការនៅសាលាដំបូងខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា ដោយអាងអំណាចឪពុកក្មេកជាមន្ត្រីនគរបាលនេះហើយទើបបានជាជននេះតែងតែបង្កអំពើហិ.ង្សាម្ដងហើយម្ដងទៀត ទៅលើជនរងគ្រោះផ្សេងៗនាពេលកន្លងមក ។ ដោយឡែក លើកចុងក្រោយនេះ គ្មានរឿងអ្វីធំដុំនោះទេ ដោយសារតែសារជាតិជាអ្នកលេង ជននេះបានស្ទាក់វាយទៅលើជនរងគ្រោះឈ្មោះម៉ន ចម្រើន អាយុ 18ឆ្នាំ បណ្ដាលឲ្យផុងចិញ្ចើមស្តាំ ហើយត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅក្រុងភ្នំពេញដែលរហូតមកដល់ពេលនេះជនរងគ្រោះនៅមិនទាន់មានអាការៈធូរស្រាលនៅឡើយទេ ។
នគរបាលបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះកាលពីថ្ងៃទី7 ខែកុម្ភៈឆ្នាំ 2023 ហើយក៏រត់គេចខ្លួនបាត់ទើបតែល្ងាចថ្ងៃទី12 ខែកុម្ភៈឆ្នាំ 2023 ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អសមត្ថកិច្ចនគរបាលស្រុកគងពិសីក៏ចុះទៅឃាត់យកមកកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្តដើម្បីបន្តនីតិវិធីច្បាប់ ។
មហាជនជាច្រើន រស់នៅឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ចទៅលើជនទំនើងម្នាក់នេះ ព្រោះថាកន្លងមក ដោយសារតែគេអាងថា ខ្លួនមានឪពុកក្មេកជានគរបាលយាមនៅតុលាការនេះហើយទើបរូបគេតែងតែបង្កបញ្ហាមិនឈប់ឈរលើជនរងគ្រោះជាច្រើននាពេលកន្លងមក។
មហាជនរង់ចាំមើលថា ចាំមើលលោកអ៊ុក សុផាត ដែលជាអ្នកយាមនៅតុលាការនោះ អាចរត់ការឲ្យកូនប្រសាររបស់ខ្លួនមានសេរីភាពវិញដែរឬយ៉ាងណា? មហាជនសង្ឃឹមថា ជនរងគ្រោះនឹងទទួលបាននូវភាពយុត្តិធម៌ ហើយមន្ត្រីអ្នកអនុវត្តច្បាប់នឹងមិនបន្ធូរបន្ថយដល់ជនទំនើងរូបនេះឡើយ បើទោះជាគេមានឪពុកក្មេកយាមនៅតុលាការក្តី។
ចែករំលែកព័តមាននេះ