រាជធានីភ្នំពេញ៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខេត្តកោះកុង មានឆ្នេរខ្សាច់ និងឆ្នេរកោងកាងស្អាតៗ រួមទាំងព្រែកធម្មជាតិជាច្រើន ដែលមានសក្តានុពលខ្ពស់ អាចរៀបចំកែលម្អ ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាត លើកទី១ ឆ្នាំ២០២៣។
ការលើកឡើងនេះ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាត លើកទី១ ឆ្នាំ ២០២៣”។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរង គ.អ.ឆ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកោះកុង ស្នងការដ្ឋាននគបាលខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង-ស្រុក ដែលមានឆ្នេរ និងព្រែក ក្នុងភូមិសាស្រ្តខេត្តកោះកុង និងប្រតិបត្តិករទេសចរណ៍។
ដោយមើលឃើញពីកាលានុវត្តភាពទាំងនេះ លោករដ្ឋលេខាធិការ នី ផល្លី បានស្នើ និងជំរុញដល់រដ្ឋបាលខេត្តកោះកុង រៀបចំដាក់បញ្ចូលឆ្នេរ និងព្រែកបេក្ខភាពឲ្យបានច្រើន ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាត ឆ្នាំ២០២៣នេះ ដោយចាប់ផ្តើមរៀបចំ និងកែលម្អឆ្នេរ និងព្រែកទាំងនោះ អោយស្របតាមស្តង់ដាបច្ចេកទេស ពិសេសគោលការណ៍ណែនាំស្តីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខ។
លើសពីនោះ លោករដ្ឋលេខាធិការ បានជម្រាបដល់អង្គសិក្ខាសាលាផងដែរថា តាមរយៈយន្តការប្រឡងប្រណាំងខាងលើនេះ នឹងជួយជំរុញដល់ការរៀបចំកែលម្អឆ្នេរខ្សាច់ ឆ្នេរកោងកាង និងព្រែកទាំងអស់នោះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកកម្សាន្ត លោកបានបញ្ជាក់ផងដែរថា ខេត្តកោះកុង គឺជាគោលដៅអេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ប្រកបដោយភាពទាក់ទាញ ដែលអាចបង្កើតជាផលិតផលទេសចរណ៍ចម្រុះ សម្រាប់ការត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍ភាគខាងត្បូងរបស់អាស៊ាន ASEAN (Southern Tourism Corridor) ដែលតភ្ជាប់ពីប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម៕ សុខ សារ៉ាយ
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ