ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ដ​រឿងប្រពន្ធ​លែង បុរសម្នាក់​​ទាញ​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​គេ​ផ្អើល​(វីដេអូ)

1 ឆ្នាំ មុន
  • សៀមរាប

បុរស​ម្នាក់​ព្រោះតែ​តូចចិត្ដ​ប្រពន្ធ​លែង បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​រហូត​វង្វេងស្មារតី ហើយ​ក៏​យក​ដុំ​ថ្ម​ចាំ​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​តាម​ផ្លូវ ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅ

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ព្រោះតែ​តូចចិត្ដ​ប្រពន្ធ​លែង បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​រហូត​វង្វេងស្មារតី ហើយ​ក៏​យក​ដុំ​ថ្ម​ចាំ​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​តាម​ផ្លូវ ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ។

លោកស្នងការ​រង បាន​ប្រាប់​ភ្នាក់ងារ​កោះ​សន្តិភាព​តាម​តេ​ឡេ​ក្រាម​ថា បុរស​រូប​នេះ​ឈ្មោះ ព្រហ្ម សុភាព ហៅ សាលី អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ឈូក ឃុំ​សំរោង ស្រុក​សំរោង ខេត្តឧត្តរមាន​ជ័យ បច្ចុប្បន្ន​នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ។ បុរស​ខាងលើ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា គឺ​គប់​កញ្ចក់​រថយន្ត​គេ កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់ នៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ។

លោកស្នងការ​រង​បន្ត​ថា បើ​យោង​តាម​ការបង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ប្រើ​គណនី​ឈ្មោះ Pin Phearum បាន​បង្ហោះ​ពាក់ព័ន្ធ​នឹង​មនុស្ស​គប់​កញ្ចក់​រថយន្ត​របស់​គាត់ នៅ​ចំណុ​ច​ភូមិ ឃុំ ខាងលើ ។ តាម​គណនី​ហ្វេ​សប៊ុ​ក​នោះ បាន​សរសេរ​រៀបរាប់​ថា ធ្លាប់តែ​ឃើញតាម​ព័ត៌មាន​ចុះ​ផ្សាយ ពេល​នេះ​ជួប​ផ្ទាល់ នៅ​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប វេលា​ម៉ោង​៩​យប់ ។
ករណី​គប់​កញ្ចក់​រថយន្ត​នេះ គឺ​ក្នុង​គោល​បំណ​ង​ដើម្បី​ប្លន់ ឬ​ប៉ង​មនុស្សឃា.ត​ដោយ​ចេតនា ព្រោះ​គប់​សំដៅ​អ្នកបើកបរ​តែ​ម្តង ធ្វើ​ឱ្យ​ភ្ញៀវ​ភ័យ​ញាប់​ញ័រ​ពេញ​ក្នុង​រថយន្ត ។

ប្រភពដដែល​បន្តថា ដោយសារ​អ្នក​គប់​នៅ​មុខ​ហាង​លក់​ទូរស័ព្ទ ខេ អេស អិន ហើយ​ហាង​នោះ​មាន​កាមេរ៉ា​សុវត្ថិភាព​នៅ​មុខ​ហាង សមត្ថកិច្ច​ក៏​សុំ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ឆែក​មើល​កាមេរ៉ា ក៏ឃើញ​ភិន​ភាគ​អ្នក​គប់​ពាក់​អាវដៃវែង​ពណ៌​លឿង ស្លៀកខោ​ខូ​វ​ប៊​យ ។ បន្ទាប់​មក កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ចុះ​បង្ក្រាប ព្រោះ​បាន​បង្ក​អសន្តិសុខ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ជាតិ និង​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​សុខ​សន្តិ​ភាព​ជូន​ប្រជាជន និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ផង​ដែរ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ក៏​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​ម្ចាស់​គណនី​ខាងលើ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​គាត់​ផ្ទាល់មាត់ ប៉ុន្តែ​គាត់​កំពុង​ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ ចំណែក​កម្លាំង​នគរបាល​ស្រុក​​ប្រាសាទបាគង សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រលួស បាន​ចុះ​ស្រាវជ្រាវ រហូតឈាន​ដល់កំណត់​មុខ​សញ្ញា និង​នាំ​ឈ្មោះ ព្រហ្ម សុភាព នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង មក​សាក​សួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​នេះ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​យក​ដុំ​ថ្ម​គប់​រថយន្ត ពណ៌​ស ពុំ​ស្គាល់​ម៉ាក ពុំ​ស្គាល់​ម្ចាស់​រថយន្ត នៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រលួស​ខាងលិច ។ តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ទៀត​ថា ជន​នេះ​មាន​ជំងឺផ្លូវចិត្ត និង​លេបថ្នាំ​រាល់ថ្ងៃ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និងផឹកស្រា​ជា​ប្រចាំ​ផង​ដែរ ។ មានការ​កត់សម្គាល់ទៀត​ថា ជន​នេះ​ធ្លាប់​ដួល​ម៉ូតូ​ប៉ះពាល់​ក្បាល​ខ្លាំង និង​ខូចចិត្ត​រឿង​ប្រពន្ធ​មាន​ប្តី​ថ្មី​ថែម​ទៀត ។

បើ​តាម​ម្តាយ​ឈ្មោះ ឈ​យ សារ៉ូ អាយុ​៦០​ឆ្នាំ បាន​និយាយ​ដែរ​ថា នៅ​ឆ្នាំ​២០១៩ កូន​គាត់​ឈ្មោះ ព្រហ្ម សុភាព បាន​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​ប៉ះពាល់​ក្បាល​ខ្លាំង ។ លុះ​នៅ​អំឡុង​ឆ្នាំ​២០២០ បាន​ដួល​ម៉ូតូ​ម្តងទៀត ។ នៅ​ឆ្នាំ​២០២១ បងស្រី​បាន​ស្លា.ប់ ពេល​ធ្វើ​បុណ្យខួប​១០០​ថ្ងៃ​រួច ប្រពន្ធ​ក៏​បាន​រត់​តាម​បុរស​ម្នាក់​ឈ្មោះ ប៉ាន់ សំណាង ជា​បងថ្លៃ​ទៅ​បាត់​ទៀត ។ ចាប់ពី​ពេល​នោះ​មក កូនប្រុស​នេះ​ក៏​ចាប់ផ្តើម​ផឹកស្រា​ជា​ប្រចាំ និង​ដើរ​ដាច់​បាយ​ដាច់​ទឹក ។

ស្ត្រី​ជា​ម្តាយ​រៀបរាប់​ទៀត​ថា ដោយ​ឃើញ​កូន​មាន​ស្មារតី​វង្វេង​ខុស​ពី​ធម្មតា គាត់​បាន​នាំ​កូន​ទៅ​ព្យា​បាល​ពេទ្យ​ផ្លូវចិត្ត ហើយ​ពេទ្យ​ប្រាប់​ថា គេ​ពុល​ស្រា​ប៉ះពាល់​សរសៃប្រសាទ ដោយសារ​ផឹកស្រា​ច្រើន ហើយ​​ពេទ្យ​ក៏​ឱ្យ​ថ្នាំលេប​បាន​តែ​២​ខែ កូន​ក៏​ឈប់​លេប​រហូត​មក ។

គួរ​បញ្ជាក់ថា បុរសខាងលើ​​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ