ខេត្តស្ទឹងត្រែង ៖ ស្ទឹងត្រែង គឺជាខេត្តដែលមានសក្កានុពលលើតំបន់ទេសចរធម្មជាតិ ព្រោះតែមានទន្លេ៤ អំណោយផលដល់ការទាក់ទាញទេសចរចូលមកទស្សនាកំសាន្ត ដូចជា តំបន់រ៉ាមសារខេត្តស្ទឹងត្រែង ដែលជាតំបន់ដីសើម និងនៅមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀតផងដែរ។
![Picture]()
បើតាមលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ខេត្តស្ទឹងត្រែង មានតំបន់រ៉ាមសារមួយកន្លែង គឺតំបន់រ៉ាមសារខេត្តស្ទឹងត្រែង ដែលជាតំបន់ដីសើម ហើយមានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ដោយតំបន់នេះ ស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រ ចាប់ពីទីរួមខេត្ត លាតសន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ចាប់ពីត្បូងទៅជើង រហូតដល់ព្រំប្រទល់ប្រទេសឡាវ។ រ៉ាមសារខេត្តស្ទឹងត្រែងនេះ គឺជាតំបន់សំបូរទៅដោយព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់ និងជាជង្រុកចំណីអាហារដ៏សម្បូរបែបរបស់ពពួក ថនិកសត្វ សត្វស្លាបទឹក មច្ឆាជាតិ និងជីវចម្រុះជាច្រើនទៀត។
![Picture]()
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏ធ្លាប់មានប្រសាសន៍ផងដែរថា យើងត្រូវការពារតំបន់សើមឱ្យគង់វង្ស ព្រោះវាជាតំបន់អាចធ្វើកសិកម្ម ហើយតំបន់ដីសើមនេះ ជាអាងស្តុកទឹកភ្លៀងបានច្រើនលើសលប់ រុក្ខជាតិក្នុងតំបន់ដីសើម វាជួយកាត់បន្ថយទឹកជំនន់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្យល់ព្យុះ ដោយកាត់បន្ថយខ្យល់បោ.កខ្លាំង មិនត្រឹមតែប៉ុណ្ណោះវាជាប្រភពទឹក ជាតំបន់ជីវចម្រុះ ជារមណីយដ្ឋាន និងជាកន្លែងទេសចរណ៍ ហើយក៏បានផ្តល់ផលិតផលជាច្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផងដែរ។
![Picture]()
ចំណែកលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏បានមានប្រសាសន៍ដែរថា ទន្លេនៅខេត្តស្ទឹងត្រែង ដែលមានប្រភពតំបន់ខ្ពង់រាប សម្បូរទៅដោយជួរភ្នំធំៗ អន្លង់ទឹកជ្រៅ កោះខ្សាច់ជាច្រើន និងមានព្រៃលិចទឹកដុះកណ្តាលទន្លេ ដែលបង្កលក្ខណៈល្អដល់ការពងកូន និងបន្តពូជដល់ពពួកត្រី និងសត្វព្រៃជាច្រើនប្រភេទ ក្នុងនោះរួមមានប្រភេទថនិកសត្វ ប្រហែលចំនួន១៨ប្រភេទ, សត្វល្មូន៤២ប្រភេទ, ត្រីលើសពី១៣០ និងប្រភេទផ្សេងៗទៀត។ ហើយតំបន់រ៉ាមសារនេះ ក៏ជាជំរកដ៏សំខាន់របស់ត្រី ប៉ាសេអ៊ី ដែលមិនមានវត្តមាននៅខេត្តដទៃ ព្រមទាំងជាតំបន់ដែលទាក់ចិត្តភ្ញៀវទេសចរមកកំសាន្តសប្បាយ លំហែកាយ និងសម្រាប់បោះតង់ ដេកកំសាន្ត គយគន់ទេសភាពព្រៃលិចទឹក និងសត្វស្លាបហើរទាំងហ្វូងៗ ក្នុងពេលរសៀលមុនថ្ងៃរៀបលិចផងដែរ។
![Picture]()
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសខេត្តស្ទឹងត្រែង ក៏បានប្រាប់ឲ្យដឹងថា ដោយសារខេត្ត ស្ទឹងត្រែង ជាតំបន់មានភាពទាក់ទាញលើវិស័យទេសចរណ៍ធម្មជាតិ ជាពិសេសតំបន់រ៉ាមសារ ភ្ញៀវទេសចរអាចបោះតង់ ដេកលំហែកាយ នៅតាមកោះ នៅតាមដងទន្លេមេង្គ ប្រកបដោយសន្តិសុខសុវត្ថិភាព ធ្វើឱ្យមានភ្ញៀវទេសចរមកទសន្សនាកំសាន្តចំនួន៥២០១នាក់ និងភ្ញៀវអន្តរជាតិ២៣នាក់ និងភ្ញៀវស្នាក់នៅមាន៧៥១នាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ នេះជាជំហានដំបូង បន្ទាប់ពីរាជរដ្ឋាភិបាល បានទប់ស្កាត់ការរាតត្បាតរីករាលដាលនៃជំងឺកូវីដ១៩ ទាន់ពេល។
![Picture]()
គួរបញ្ជាក់ថា មន្ទីរទេសចរក៏កំពុងស្វែងរកការសហការជាមួយអង្គការដៃគូរ អ្នកវិនិយោគនានា និងរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍទៅលើរមណីយដ្ឋានទេសចរណ៍ធម្មជាតិ តាមបណ្តាកោះ នៅតាមដងទន្លេឱ្យបានច្រើន ដូចជា រីសត ទូកទេសចរណ៍បន្ថែមទៀត ដើម្បីស្រូបយកភ្ញៀវទេសចរឱ្យមានកំណើនកាន់តែខ្លាំងផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ